ភ្នំពេញ ៖ បុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីបើកមូ៉តូបោះពួយល្បឿនលឿនមិនសម្ចៃហ្គា ជ្រុលទៅបុករថយន្ត កំពុងឆ្លងផ្លូវបណ្តាលឲ្យបោកដូលចូលពីក្រោម រថយន្តបាក់កស្លាប់ភ្លាមៗនៅនឹងកន្លែង កាលពីវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធតុស្សី មុខសាលាសង្កាត់កាកាប ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ។
ជនរងគ្រោះ មានឈ្មោះ រស់ ផល្លា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះជួលភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតភូមិទេពភីរម្យ ឃុំពាលពង់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ជិះមូ៉តូមួយគ្រឿង ម៉ាកMSX ពណ៌ស ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GH-9746 ។ ចំណែកភាគីខាងរថយន្ត ម៉ាក HUMMER ពណស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2S-1117 បើកបរដោយបុរសម្នាក់ ឈ្មោះ ម៉ែន សុខលាង ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅ ភូមិព្រៃកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល បើកបររថយន្តឲ្យថៅកែរោងចក្រ ។
តាបប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ រថយន្តបានបើកចេញពី ផ្លូវច្រកទ័ពអាកាស ពីត្បូងទៅជើង ឆ្លងកាត់ផ្លូវសហព័ន្ធរុស្សី បំណងឆ្ពោះទៅលិច ហើយខណៈដែលរថយន្តកំពុងឆ្លងផ្លូវ ស្រាប់តែ ជនរងគ្រោះ ជិះមូ៉តូបោះពួយល្បឿនលឿនមិនបង្អន់បន្ធូរហ្គា ពីលិចទៅកើត ជ្រុលទៅបុកចំកង់រថយន្តចំហៀងខាងឆ្វេង បោកផ្ទប់ ខ្ទាតចូលក្រោមរថយន្ត បណ្តាលឲ្យបាក់ក ស្លាប់ភ្លាមៗនៅនឹងកន្លែង ។
តាមប្រជាពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ជិះមូ៉តូ មិនមានពាក់មួកសុវត្តិភាព បើកបរល្បឿនលឿន រោទ៍ហ្គាង៉ោងៗ ពីលិចទៅកើត ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកចូលក្រោមរថយន្ត បាក់កស្លាប់ភ្លាមៗ ។
ក្រោយកើតហេតុ សពជនរងគ្រោះ និងរថយន្តត្រូវបាន នគរបាល បាញ់ថ្នាំគូសវាស់ យកដាក់គៀនខាង ជើសវាងកកស្ទះចរាចរណ៍ រីឯអ្នកបើកបររថយន្តត្រូវបាន ឃាត់នាំទៅសាកសួរនៅផ្នែកជំនាញ ។ ចំណែកសាកសព ត្រូវបាននគរបាលជំនាញ ស្រាវជ្រាវរកសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។
តាមនរបាលបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បង្កឲ្យបុរសម្នាក់ស្លាប់ មូ៉តូមួយគ្រឿងរងការខូចខាតខ្ទេចមួយកំណាត់មុខ ក្រោយពីសមត្ថកិច្ចជំនាញពិនិត្យ ស្លាកស្នាមរួច រថយន្តនិងមូ៉តូត្រូវបានយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការរាជធានីភ្នំពេញ រួមជាមួយអ្នកបើកបររថយន្តផង ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមផ្លូវច្បាប់ ៕