ភ្នំពេញ ៖ តារាកំប្លែង កញ្ញា ង៉ា ស្រីណាន ហៅណាន ណាន ត្រូវបានម្ដាយនាង អ្នកស្រី អ៊ីត អះអាងថា បានគាំទ្រយ៉ាងពេញទំហឹងចំពោះកូនស្រី ដែលចង់ចាប់អាជីពចម្រៀង ដើម្បីក្លាយជាតារាចម្រៀងអាជីពម្នាក់ នាពេលខាងមុខនេះ ។ ការអះអាងរបស់អ្នកស្រី អ៊ីត បែបនេះ ក្រោយពី ណាន ណាន ត្រូវបាននាយចឺម ដែលជាបងជីដូនមួយរបស់នាង បង្ហើបថានាយ ចង់ឲ្យប្អូនជីដូនមួយរូបនេះ ធ្វើជាតារាចម្រៀងអាជីព នាពេលអនាគត ខណៈបច្ចុប្បន្ន នាយក៏ជួយបង្វឹកណាន ណាន ពីបច្ចេកទេសច្រៀងដែរ ។

កញ្ញាណាន ណាន និងលោកខេដឹន វណ្ណា
អ្នកស្រី អ៊ីត បា្រប់ «នគរធំ» កាលពីរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ថា «ខ្ញុំស្រលាញ់សិល្បៈណាស់ អ៊ីចឹងបើកូនខ្ញុំចង់ច្រៀង ឬធ្វើជាតារាចម្រៀងអាជីព រឿងអីខ្ញុំមិនគាំទ្រ មិនជំរុញ? កូនខ្ញុំអាចធ្វើជាតារាចម្រៀងអាជីពបាន ព្រោះនាងអាចច្រៀងបាន ទាំងបទស្លូវ មនោសញ្ចេតនា បទពីដើមៗ និយាយទៅ ឲ្យតែទាក់ទងសិល្បៈ គេអាចទៅរួច ធ្វើបានតែទាំងអស់ហ្នឹង ដោយសាតែ ណាន ណាន ស្រលាញ់សិល្បៈតាំងពីតូច»។



កញ្ញាណាន ណាន និងអ្នកស្រីអ៊ីត
អ្នកស្រី អ៊ីត បន្ថែមថា ណាន ណាន បានចូលសិល្បៈ តាំងពីតូច ហើយចេញថតដំបូងកម្មវិធី «ចៅលោកតា» របស់CTN ដែលពេលនោះ នាងមានអាយុទើបតែ ១០ឆ្នាំ និងបន្ដធ្វើការងារសិល្បៈ រហូតមក។ ណាន ណាន ក៏ធ្លាប់ថតរឿង ឲ្យ LD «១៤កុម្ភៈ » ហើយនាងក៏ធ្លាប់ប្រលងបវរកញ្ញាកម្មវិធីមួយមួយ ជាប់លេខ៣ ទៀតផង។ ម្ដាយណាន ណាន ថាទោះជាពេលនេះកូនស្រីមិនទាន់ចូលផលិតកម្មណា ឬក្លាយជាតារាចម្រៀងអាជីពមែន ប៉ុន្ដែនាងបានចេញច្រៀងតាមវង់តន្រ្ដីរបស់នាយចឺម ជាច្រើនកម្មវិធីមកហើយ ហេតុនេះហើយបានជាលោកស្រីហ៊ានអះអាងថា ពកូនមានសមត្ថភាពធ្វើជាតារាចម្រៀងបាន ព្រោះតែងតែសង្កេតឃើញកូនច្រៀងបានគ្រប់ទម្រង់។

កញ្ញាណាន ណាន និងនាយក្រូច
ណាន ណាន មានអាយុ២០ឆ្នាំ ចូលសិល្បៈបាន ១០ឆ្នាំហើយ ដែលក្នុងវ័យពេញក្រមុំនេះ គេឃើញរូបសម្រស់នាង កាន់តែគួរឲ្យក្នក់ក្នាញ់ នាំឲ្យប្រុសៗទាំងក្នុងនិងក្រៅសិល្បៈខ្លះប្រាថ្នាចង់ធ្វើជាកូនប្រសារបស់អ្នកស្រី អ៊ីត ទៀតផង។ ប៉ុន្ដែនៅលើបណ្ដាញសង្គម ទិកតុក ស្រាប់តែថ្មីៗនេះ គេឃើញណាន ណាន មានភាពស្និទ្ធស្នាលដូចគូស្នេហ៍ ជាមួយតារាសម្ដែងលោកខេដឹន វណ្ណា ទៅវិញ។

ទាក់ទងរឿងកូនក្រមុំ ស្និទ្ធជាមួយប្រុសស្អាតនេះ ត្រូវបានអ្នកស្រី អ៊ីត អះអាងថា ណាន ណាន និងបុរសនោះ ជាដៃគូថតឃោសនាឲ្យផលិតផលមួយចំនួន បានជាស្និទ្ធគ្នាខុសធម្មតាបែបនេះ។ អ្នកស្រីថា កូនស្រី គ្មានទំនាក់ទំនងស្នេហាជាមួយលោកខេដឹន វណ្ណា នោះទេ គឺគ្រាន់តែជាមិត្តភក្ដិប៉ុណ្ណោះ ហើយរូបភាពថ្មីៗដែលគេបង្ហោះកូននិងបុរសនោះជិតស្និទ្ធគ្នា គឺនៅក្នុងកម្មវិធីខួបកំណើតរបស់តារាសម្ដែងរូបនោះ។

អ្នកស្រី អ៊ីត បញ្ជាក់ថា «អត់ទេ! ណាន ណាន គ្មានស្នេហាជាមួយប្អូនខេដឹន វណ្ណា ទេ ។ ការដែលពួកគេជួបគ្នាថ្មីៗនេះ គឺនៅក្នុងកម្មវិធីខួបកំណើតគាត់ (ខេដឹន)។ កូនខ្ញុំគ្មានសង្សារ គ្មានស្នេហាទេ ព្រោះវ័យនេះ គេកំពុងតែប្រឹងធ្វើការងារសិល្បៈ អត់ទាន់គិតដល់រឿងស្នេហា»។

ក្រៅពីណាន ណាន តារាកំប្លែងដែលវិវឌ្ឍខ្លួនទៅជាតារាចម្រៀង មានដូចជា នាយចឺម, នាយពាក់មី, នាយគ្រឿន, នាយក្រាន់ និងនាយក្រូច ជាដើម ។ ប៉ុន្ដែក្នុងចំណោមតារាខាងលើគឺមានតែនាយចឺម ម្នាក់ប៉ុណ្ណោះ ដែលបោះបង់អាជីពកំប្លែងទាំងស្រុង មកចាប់អាជីពចម្រៀងតែមួយច្រក និងមានឈ្មោះល្បីដល់បច្ចុប្បន្ន។ នាយចឺម ធ្លាប់បង្ហើបថា នាយនឹងទាញ ណាន ណាន ចូលច្រៀងនៅសាន់ដេ នាពេលខាងមុខនេះ ៕