Tuesday, May 13, 2025
Homeព័ត៌មានជាតិភ្លើសុទ្ធ ល្ងង់ដូចគោ លោក រស់ សារ៉ុម ឆ្លើយតបលោកអ៊ុំ សំអាន ដៀលប្រមាថ

ភ្លើសុទ្ធ ល្ងង់ដូចគោ លោក រស់ សារ៉ុម ឆ្លើយតបលោកអ៊ុំ សំអាន ដៀលប្រមាថ

ភ្នំពេញ ៖ ប្រធានគណបក្សសន្តិភាពជាតិ លោក រស់ សារ៉ុម បានធ្វើការឆ្លើយតបទៅលោកអ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៃអតីតគណបក្សសង្រ្គោះជាតិ ជាសហការីលោកសម រង្ស៊ី កំពុងរស់និរទេសនៅសហរដ្ឋអាមេរិក ដែលបានដៀលប្រមាថលោកថា ភ្លើសុទ្ធ ល្ងង់ដូចគោ ពាក់ព័ន្ធនឹងការលើកឡើងរបស់លោកថា «ខ្មែរកើនដី សម រង្ស៊ី ភ័យស្លន់ស្លោជំនួសយួន-សៀម» ។ លោក រស់ សារ៉ុម បញ្ជាក់ថា លោកមិនចាប់អារម្មណ៍ ហើយក៏មិនចង់ឆ្លើយតបទៅលោកអ៊ុំ សំអាន ដែលដៀលលោកថា ភ្លើសុទ្ធ ល្ងង់ដូចគោនេះទេ ប៉ុន្តែលោកសុំវាយតម្លៃថា ទស្សនៈនិងចរិតរបស់លោកអ៊ុំ សំអាន មិនគួរស្ដាប់ទេ ព្រោះជាតំណាងរាស្រ្តហេងស៊យ ។ 

គួរបញ្ជាក់ថា ថ្មីៗនេះ ក្រោយពេលដែលប្រមុខរាជរដ្ឋាភិបាល សម្ដេចនាយរដ្ឋមន្រ្តី  ហ៊ុន ម៉ាណែត បានថ្លែងថា ផ្ទៃដីប្រទេសកម្ពុជា តាមការវាស់ដោយប្រព័ន្ធបច្ចេកវិទ្យាទំនើប កើនពី ១៨១ ០៣៥ គីឡូម៉ែត្រការ៉េ ទៅ១៨១ ៤៣៦ម៉ែត្រការ៉េ ហើយធ្វើឲ្យមានប្រតិកម្មពីក្រុមប្រឆាំង ថាជារឿងបោកប្រាស់ប្រជាពលរដ្ឋខ្មែរនោះ មេបក្សសន្តិភាពជាតិ លោក រស់ សារ៉ុម ដែលទើបត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងជាប្រតិភូនៃឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ឋានៈស្មើទេសរដ្ឋមន្រ្តី នោះ បានលើកឡើងថា បញ្ហាខ្មែរកើនដីនេះ បានធ្វើឲ្យលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) ភ័យស្លន់ស្លោជំនួសយួន-សៀម ។

លោក រស់ សារ៉ុម បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ថា «ខ្មែរកើនដី សម រង្ស៊ី ភ័យស្លន់ស្លោជំនួសយួន-សៀម» តាមកាសែតថៃ រដ្ឋាភិបាលខ្មែរ-ថៃ ព្រមព្រៀងដកទ័ពពីប្រាសាទតាមាន់ ហើយច្រកអានសេះបើកធម្មតា ។ នឹកឃើញ ២០១៣ សម រង្ស៊ី សន្យាឱ្យសញ្ជាតិខ្មែរ ដល់ជនបរទេសរស់នៅស្រុកខ្មែរ ចំពោះមុខជនជាតិយួន។ តើខួរសម រង្ស៊ី គិតអី? ប្លង់ដី L-Map ធ្វើរួចរាល់ យើងនឹងដឹងច្បាស់ផ្ទៃដីជាក់ស្តែង ហើយខ្ញុំជឿជាក់រាជរដ្ឋាភិបាល“ ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោក រស់ សារ៉ុម បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ថា ការដែលលោក សម រង្ស៊ី ភ័យស្លន់ស្លោ ដោយសារនយោបាយញុះញង់បញ្ហាអធិបតេយ្យរបស់គាត់ ត្រូវបរាជ័យ ព្រោះកន្លងមក គាត់តែងចោទប្រកាន់រាជរដ្ឋាភិបាល សព្វបែបយ៉ាងទាំងអស់ ថាធ្វើឲ្យបាត់ដី គឺគាត់ភ័យខ្លាចបាត់ដី ប៉ុន្តែទីបំផុត គាត់ភ័យខ្លួនឯងទៅវិញទេ ខ្លាចប្រឈមនូវការវិនាសអន្តរាយនៃដំណើរជីវិតនយោបាយរបស់គាត់ ។

លោករស់ សារ៉ុម បានមានប្រសាសន៍ថា “យើងដឹងហើយថា សម្ដេចធិបតី នាយករដ្ឋមន្រ្តី លោកបានលើកឡើងអំពីការកើននូវទំហំផ្ទៃដីនៃព្រះរាជាណាចក្រកម្ពុជាយើង ហើយផ្ទៃដីនោះ មិនរាប់បញ្ចូលកោះទាំងអស់របស់កម្ពុជា ទេ ។ អ៊ីចឹងយើងជាប្រជាពលរដ្ឋខ្មែរ គួរតែអបអរសាទរ ។ ប៉ុន្តែសួរថា ហេតុអីបានជាសម រង្ស៊ី ភ័យស្លន់ស្លោ? សម រង្ស៊ី ភ័យស្លន់ស្លោនេះ ដោយសារទី១ នយោបាយញុះញង់បញ្ហាអធិបតេយ្យភាពរបស់សម រង្ស៊ី ត្រូវបរាជ័យហើយ ដោយសារអី? ដោយសារគេភ័យខ្លាចបាត់ដី អ៊ីចឹងចោទប្រកាន់រដ្ឋាភិបាលសព្វបែបយ៉ាងទាំងអស់ ។ ប៉ុន្តែអ្វីដែលបានលើកឡើង គឺភ័យខ្លួនឯងទៅវិញទេ ភ័យខ្លួនឯងថា ជីវិតនយោបាយរបស់គាត់កំពុងតែប្រឈមនូវការបាត់បង់ ប្រឈមនូវការវិនាសអន្តរាយនៃដំណើរជីវិតនយោបាយរបស់គាត់ ហើយមួយវិញទៀត ការភ័យរបស់គាត់នេះ ការចោទប្រកាន់របស់គាត់នេះ ទាំងអស់ ទាំងប៉ុន្មាន ទាំងបញ្ហាកាត់ដី៤ខេត្ត ទាំងបញ្ហាកោះគុត ឬក៏អធិបតេយ្យភាពផ្សេងៗទៀត ការព្រួយបារម្ភតែមាត់ទេ តែអ្វីដែលកំពុងតែធ្វើ គឺកំពុងតែបម្រើនយោបាយយួន-សៀម ។ នៅពេលដែលកម្ពុជាមានសង្រ្គាមជាមួយនឹងប្រទេសថៃ ពាក់ព័ន្ធនឹងបញ្ហាព្រំដែន សម រង្ស៊ី មិនបានដឹកនាំតំណាងរាស្រ្តភាគតិចគាំទ្ររដ្ឋាភិបាលទេ បែរជាទៅគាំទ្រខាងអាភីស៊ីត វិចាជីវ៉ា ដែលជានាយករដ្ឋថៃសម័យនោះ ហើយបង្កឲ្យមានជម្លោះនៅព្រំដែនទៅទៀត អាហ្នឹងជាចំណុចមួយ ។ មួយទៀត រឿងសម រង្ស៊ី ទៅជួបមេដឹកនាំយួនស្ងាត់ៗនោះ ។ អ៊ីចឹងនយោបាយរឿងកាត់ដីឲ្យយួន រឿងអីផ្សេងៗនេះ គឺសម រង្ស៊ី មិនបានបម្រើផលប្រយោជន៍ខ្មែរទេ ឃើញច្រើនតែបម្រើផលប្រយោជន៍យួន-សៀម ។ អ៊ីចឹងតើសម រង្ស៊ី ជាអ្នកនយោបាយខ្មែរ ឬក៏អ្នកនយោបាយយួន សៀម? “ ។

ជុំវិញការលើកឡើងរបស់លោក រស់ សារ៉ុម ខាងលើនេះ លោក អ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប និងជាប្រធានគណៈកម្មការកិច្ចការព្រំដែននិងអន្តោប្រវេសន៍ នៃអតីតគណបក្សសង្រ្គោះជាតិ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃដដែលនោះថា លោកសម រង្ស៊ី គ្មានរឿងអីភ័យស្លន់ស្លោខ្លាចដីយួន សៀម រួញនោះទេ គឺមានតែភ័យស្លន់ស្លោ ខ្លាចខ្មែរយើងបាត់ប្រទេសទាំងមូល ឬដីកាន់តែរួមតូច ។ ជាមួយនេះ លោកអ៊ុំ សំអាន បានដៀលថា អ្នកដែលនិយាយថា លោកសម រង្ស៊ី ភ័យស្លន់ស្លោជំនួសយួន-សៀម រឿងខ្មែរកើនដីនោះ ភ្លើសុទ្ធ និងល្ងង់ដូចគោតែម្តង ។

លោកអ៊ុំ សំអាន បានមានប្រសាសន៍នៅពេលនោះថា “លោកសម រង្ស៊ី ទៅភ័យស្លន់ស្លោជំនួសយួន សៀម ម៉េច? អាហ្នឹងមានន័យថា គាត់ចង់និយាយថា យួន និងសៀម ហ្នឹងបាត់ដីអ្ហែ៎? អាហ្នឹងនិយាយហ្នឹង ភ្លើសុទ្ធហើយ មានន័យថា ល្ងង់សុទ្ធហើយ ។ យើងដឹងហើយ សៀម ហើយយួន យកដីខ្មែរយើងច្រើន ។ អ៊ីចឹងមានតែដីគេរីក មិនមែនដីយើងរីកនោះទេ ដីយើង មានតែរួម ។ ដូច្នេះអ្នកនិយាយហ្នឹង គឺថាល្ងង់ជាងគោ ទៅទៀត គោ ក៏អាចមានបញ្ញាជាងហ្នឹងដែរ ព្រោះឃើញថា យួន ហើយសៀម យកដីយើង គឺរឿងអីដីយើងទៅកើន ដីសៀម យួន ទៅជារួមនោះ? ដូច្នេះអ្នកនិយាយហ្នឹង គឺអត់យល់អីតែម្ដង ប្រហែលជាគាត់មិនដែលទៅមើលព្រំដែន មិនដែលស្គាល់ព្រំដែនខ្មែរយើងផង បានគាត់ចង់និយាយថា ព្រំដែនយើងហ្នឹង វារីកជាងមុននោះ ។ ដូច្នេះសៀម យួន គេមានទៅភ័យដីយើងរីកនោះទេ ព្រោះជាក់ស្ដែង ដីយើងរួម ដីគេរីក ។ ដូច្នេះអ្នកនិយាយហ្នឹង គឺអត់យល់អីតែម្ដង ។ ដូច្នេះគាត់ប្រៀបដូចជាគោ អ៊ីចឹងឯង អត់យល់អីសូម្បីតែបន្តិច ។ ដូច្នេះលោកសម រង្ស៊ី គ្មានអីទៅភ័យស្លន់ស្លោជំនួសសៀម យួននោះទេ វាមិនអាចទៅរួចនោះទេ ។ លោកសម រង្ស៊ី ភ័យស្លន់ស្លោ ត្រង់ការដែលព្រួយបារម្ភបាត់ដីខ្មែរយើង ទៅខាងសៀម និងយួន នោះ អាហ្នឹងដែលគាត់ភ័យស្លន់ស្លោ គឺខ្លាចបាត់ប្រទេសទាំងមូល ទៅយួន គ្រប់គ្រងទៅ ឬក៏បាត់ទឹកដីយើងភាគច្រើន ទៅខាងថៃ និងខាងវៀតណាម នោះអាហ្នឹងដែលគាត់ភ័យស្លន់ស្លោ គឺមិនមែនភ័យស្លន់ស្លោខ្លាចដីយើងច្រើនជាងយួន មានន័យថា ដឹយើងរីក ហើយសៀម យូន រួញនោះទេ ជាក់ស្ដែងគឺដីយើងរួម ដីសៀម យួន រីក។ ដូច្នេះអ្នកនិយាយហ្នឹង គឺអត់យល់អីតែម្ដង“ ។

ទោះបីជាយ៉ាងណា ឆ្លើយតបទៅនឹងការដៀលប្រមាថថា ភ្លើសុទ្ធ ល្ងង់ដូចគោ របស់លោកអ៊ុំ សំអាន ខាងលើនេះ លោក រស់ សារ៉ុម បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ ថា លោកមិនចាប់អារម្មណ៍ ហើយក៏មិនចង់ឆ្លើយតបទៅលោកអ៊ុំ សំអាន ដែលហៅលោកភ្លើសុទ្ធ ល្ងង់ដូចគោនេះទេ ប៉ុន្តែលោកសូមវាយតម្លៃថា ទស្សនៈនិងចរិតរបស់លោកអ៊ុំ សំអាន នេះ មិនគួរស្ដាប់ទេ ព្រោះជាតំណាងរាស្រ្តហេងស៊យ ។ ម្យ៉ាងទៀត ទាក់ទងជាមួយបញ្ហាបូរណភាពទឹកដីនេះ លោកអ៊ុំ សំអាន ក៏នៅតែមិនទាន់ឆ្លើយឲ្យបានច្បាស់ថា តើគាត់ជាខ្មែរក្រោមពិតប្រាកដ ឬមួយក៏ជាជនជាតិវៀតណាម? ហើយរឿងផែនទីដែលខ្វះនោះ ដែលគេត្រូវការឲ្យគ្រប់នោះ តើរកបានហើយឬនៅ?

លោក រស់ សារ៉ុម បានមានប្រសាសន៍ថា “ខ្ញុំមិនចាប់អារម្មណ៍អ្វីនឹងការលើកឡើងរបស់លោកអ៊ុំ សំអាន អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដែលជាពួកប្រឆាំងផ្កាប់មុខដឹកនាំដោយសម រង្ស៊ី នោះទេ ខ្ញុំមិនចាប់អារម្មណ៍ទេ ពីព្រោះថា ទាក់ទងជាមួយបញ្ហាបូរណភាពទឹកដីនេះ អ៊ុំ សំអាន ក៏ធ្លាប់បានដឹងដែរថា ផ្នូរដូនតាគាត់ នៅលើទឹកដីវៀតណាម អាហ្នឹងខ្ញុំយល់ហើយ ក៏ប៉ុន្តែសំខាន់ តើគាត់ជាខ្មែរក្រោម ពិតប្រាកដ ឬមួយក៏ជាជនជាតិវៀតណាម? អាហ្នឹងខ្ញុំសូមបញ្ជាក់អ៊ីចេះវិញ ឲ្យគាត់ឆ្លើយមកឲ្យច្បាស់ អាហ្នឹងចំណុចទី១ ។ ចំណុចទី២ តើផែនទីដែលខ្វះ គេត្រូវការឲ្យគ្រប់នោះ រកបានហើយនៅ? ឬមួយគ្រាន់តែប្រឆាំងដូរសញ្ជាតិ ម្ដងជាពីរដង ធ្វើលិខិតសុំទោសរដ្ឋាភិបាលនេះ តើលោកអ៊ុំ សំអាន បកស្រាយយ៉ាងម៉េចវិញ? ពីព្រោះអធិបតេយ្យជាតិ របស់ព្រះរាជាណាចក្រកម្ពុជា គឺ ១៨១ ០៣៥គីឡូម៉ែត្រការ៉េនេះ គឺជាប្លង់មួយដែលយើងតម្កល់នៅអង្គការសហប្រជាជាតិ ទទួលស្គាល់ទាំងអស់គ្នា ប៉ុន្តែឈរលើទិដ្ឋភាពជាក់ស្ដែង ការវាស់វែងជាក់ស្ដែង អានេះការកើនផ្ទៃដី ដូចដែលសម្ដេចធិបតី លោកបានលើកឡើងហើយ ។ បើសិនជាយើងវាអត់កើន ក៏លោកនិយាយមក វាមានន័យថាម៉េច? មានន័យថា វាខុសពីការពិត ប៉ុន្តែគ្រាន់តែថា អ្វីដែលលោកអ៊ុំ សំអាន គាត់លើកឡើង គឺគាត់ថា គេល្ងង់ដូចគោ ប៉ុន្តែសម្រាប់ខ្លួនគាត់ បៅទឹកដោះគោទេ ។ អ៊ីចឹងទស្សនៈរបស់លោកអ៊ុំ សំអាន ហើយនិងចរិតរបស់លោកអ៊ុំ សំអាន នេះ ខ្ញុំយល់ថា វាមិនគួរស្ដាប់ទេ ព្រោះវាជាតំណាងរាស្រ្តចៃដន្យទេ វាមិនមែនជាតំណាងរាស្រ្តជាប់ដោយសារប្រជារាស្រ្តបោះឆ្នោតឲ្យទេ ជាតំណាងរាស្រ្តដែលហេងស៊យ“ ៕ កុលបុត្រ

RELATED ARTICLES