ខេត្តព្រះសីហនុ ៖ ក្មេងស្រីតូចៗ ចំនួន១០នាក់ បាននាំគ្នាជិះទូកមួយគ្រឿង បំណងបេះ ឈូកនៅក្នុងបឹង ស្រាប់តែអកុសល លិចទូក បណ្តាលឱ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ចំនួន៧នាក់ ខណៈដែល៣នាក់ទៀត ត្រូវបាន ជួយសង្គ្រោះជីវិតទាន់ពេលវេលា បង្កឱ្យមាន ការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចបឹង ព្រែកទប់ ក្បែរសណ្ឋាគារ៧ជាន់ ស្ថិតក្នុងក្រុម៩ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។
ក្មេងស្រីទាំង៧នាក់ ដែលលង់ទឹកស្លាប់ រួមមាន ទី១–ឈ្មោះម៉ីង ស្រីគា អាយុ១២ឆ្នាំ ទី២–ឈ្មោះម៉ីង ស្រីគីម អាយុ១០ឆ្នាំ ទី៣–ឈ្មោះបូ ស្រីកា អាយុ១២ឆ្នាំ ទី៤–ឈ្មោះម៉េង ស្រីណុច អាយុ៦ឆ្នាំ ទី៥–ឈ្មោះឃ្មឹម អាយុ ៦ឆ្នាំ ទី៦–ឈ្មោះជា សុខនឿន អាយុ៧ឆ្នាំ និង ទី៧–ឈ្មោះជ្រាន់ ស៊ីអ៊ី អាយុ១៣ឆ្នាំ។ ក្មេង– ស្រីរងគ្រោះទាំង៧នាក់ មានលំនៅក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ជាមួយគ្នា។
ចំណែកក្មេងស្រីចំនួន៣នាក់ ដែលរួចរស់ ជីវិត រួមមាន ទី១–ឈ្មោះថន ចាន់នី អាយុ ១០ឆ្នាំ ទី២–ឈ្មោះស្រី នាង និងទី៣–ឈ្មោះ ស្រី ញាង។ ក្មេងស្រីទាំង៣នាក់ មានលំនៅ ក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ជាមួយគ្នា។
តាមសម្តីក្មេងស្រីឈ្មោះថន ចាន់នី អាយុ ១០ឆ្នាំ រស់នៅភូមិជាមួយគ្នា និងជាក្មេងស្រី ម្នាក់ ដែលមានសំណាងបានរួចជីវិតបានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ពួកនាង សរុប១០នាក់ បាននាំគ្នាដើរលេងតាមទម្លាប់ រួចក៏ដើរមកដល់មាត់បឹង ស្រាប់តែនឹកឃើញ ចង់បេះឈូក ក៏បបួលគ្នាជិះទូកចេញទៅបេះ ឈូកនៅក្នុងបឹងព្រែកទប់ នៅចំណុចទីតាំង កើតហេតុខាងលើ។ លុះពេលនាំគ្នាអុំទូកមក ដល់កណ្តាលបឹង កន្លែងទឹកជ្រៅ ដោយសារ តែទូកតូចពេក មិនអាចទ្រទម្ងន់អ្នកជិះបាន ម៉្យាងអ្នកជិះម្នាក់ៗនៅមិនស្ងៀមផង ចេះតែ តោងឈោងបេះឈូក ទើបបណ្តាលឱ្យទូកឃ្លោង លិចចូលទៅក្នុងបឹង តែម្តង។
ក្មេងស្រីខាងលើ បន្តថា ភ្លាមនោះនាងចេះ ហែលទឹកបានប្រឹងហែលឡើងមកលើគោក វិញ រួចក៏ប្រញាប់រត់ទៅហៅជនបរទេសម្នាក់ ដែលកំពុងដើរហាត់ប្រាណក្បែងនោះ ឱ្យមក ជួយស្រង់កុមារី២នាក់ទៀត បានរួចជីវិត ចំណែក ក្មេងស្រី៧នាក់ទៀត បានលង់ទឹកស្លាប់បាត់ អស់ទៅហើយ។
តាមប្រភពពីសាច់ញាតិក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅពេលទទួលដំណឹងថា កូនស្រីរបស់ពួកគាត់លង់ទឹក ពួកគាត់ជាឪពុក ម្តាយក៏ប្រញាប់រត់មកមើល និងចុះជួយស្រង់ កូនស្រីឡើងមកលើគោក តែយឺតពេលទៅហើយ ព្រោះម្នាក់ៗសុទ្ធតែស្តូកស្តឹងលែងដឹងខ្លួន ប៉ុន្តែ ដោយមិនទាន់អស់ចិត្ត ទើបពួកគាត់ជាឪពុក– ម្តាយបានដឹកបញ្ជូនកូនស្រីទៅកាន់មន្ទីរពេទ្យ ដើម្បីឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះ ក្រែងអាច មានសង្ឃឹម លុះទៅដល់មន្ទីរពេទ្យ គ្រូពេទ្យ ពិនិត្យរួច ក៏ប្រាប់ថា កូនស្រីរបស់ពួកគាត់បាន ដាច់ខ្យល់ស្លាប់អស់ទៅហើយ តាំងពីមុនពេល បញ្ជូនមកដល់មន្ទីរពេទ្យទៅទៀត។
សពក្មេងស្រីរងគ្រោះទាំង៧នាក់ ត្រូវបាន សមត្ថកិច្ចចុះពិនិត្យ និងធ្វើកោសល្យវិច័យ រួច បញ្ជាក់ថា ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដ មែន បន្ទាប់មកក៏ប្រគល់សពឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យ តាមប្រពៃណី។
គួរបញ្ជាក់ថា ក្រោយកើតមានសោកនាដ– កម្មដ៏គួរឱ្យរន្ធត់ខាងលើរួចមក លោកយន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បាន ដឹកនាំមន្ត្រីក្រោមឱវាទចុះសួរសុខទុក្ខក្មេងស្រីដែលរួចជីវិត៣នាក់ និងចូលរួមរំលែកទុក្ខចំពោះ អាណាព្យាបាលក្មេងស្រីទាំង៧នាក់ ដែលបាន បាត់បង់ជីវិត ព្រមទាំងបាននាំយកអំណោចជា គ្រឿងឧបភោគបរិភោគមួយចំនួន ប្រគល់ជូន ក្រុមគ្រួសារសពផងដែរ៕