Tuesday, May 13, 2025
Homeតារាខ្មែរនី មុនីនាថ ធ្វើប្រពន្ធសិរីមន្ដ «តាមាន់ ស្នេហ៍ខ្ញុំ»

នី មុនីនាថ ធ្វើប្រពន្ធសិរីមន្ដ «តាមាន់ ស្នេហ៍ខ្ញុំ»

ខេត្តឧត្តរមានជ័យ ៖ មុននេះ នី មុនីនាថ វាចាថា «នៅសុខៗការប្ដីទៀតហើយ» ដែលនាងបញ្ចេញតែឈ្មោះរូបនាងជាកូនក្រមុំ តែលាក់ឈ្មោះកូនកំលោះ ។ ប៉ុន្ដែពេលនេះ តារាទឹកភ្នែកព្រមបង្ហាញមុខមាត់ស្វាមីនាង ក្នុងពិធីមង្គលការស្ងាត់ៗនោះហើយ ថាតាមពិត គឺជាតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ដ សោះ ដែលក្រាបផ្ទឹមជាមួយមុនីនាថ  ហើយមិនមែនជាការរៀបការមែនទែននោះទេ គឺជាប្តីក្នុង MV ចម្រៀង «តាមាន់ ស្នេហ៍ខ្ញុំ» ប៉ុណ្ណោះ។

សូមបញ្ជាក់ថា នី មុនីនាថ និងខេមរៈ សិរីមន្ដ ផ្អាកសម្ដែង MV ជាមួយគ្នា ជាង១០ឆ្នាំហើយបន្ទាប់ពីថតបទនៅផលិតកម្មសាន់ដេ ចុងក្រោយ «កំលោះដង្ខៅក្របី» គឺទើបតែនៅឆ្នាំ២០២៥ នេះទេ ដែលមុនីនាថ បានវិលមកចាប់ដៃគូចាស់ឡើងវិញ តាមរយៈបទទី១ នៅ Galaxy «តាលុងខេមរៈខ្មែរ» និងបទទី២ ទើបចេញកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ «តាមាន់ ស្នេហ៍ខ្ញុំ»។

 អ្នកលេងបណ្ដាញសង្គម មួយចំនួន បានលើកឡើងថា ភរិយាលោកខេមរៈ សិរីមន្ដ លោកស្រី គួយ ផល្លី អត់ចេះប្រចណ្ឌប្ដីខ្លួន រៀបការជាមួយ នី មុនីនាថ នោះទេ ព្រោះតែនាងយល់ច្បាស់ពីអាជីពសិល្បៈរបស់ស្វាមី ដូចជាមានបទខ្លះ នាងធ្វើជាអ្នកដឹកនាំសម្ដែង ហើយបញ្ជាឲ្យប្ដីឱបថើបតួស្រី ទៅតាមសាច់រឿងចម្រៀង នៅចំពោះមុខនាងទៀតផង ។

លោកស្រី គួយ ផល្លី ភរិយាសិរីមន្ដ បានថ្លែងថា បទ «តាមាន់ស្នេហ៍ខ្ញុំ» ថតនិងកាត់តដោយស្នាដៃនាងផ្ទាល់តែម្ដង ។ ការវិលមកជួយនិងនៅពីក្រោយស្វាមីនេះ ជាលើកទី២ ហើយសម្រាប់លោកស្រី ផល្លី បន្ទាប់ពីធ្លាប់ធ្វើជាអ្នកដឹកនាំសម្ដែងបទចម្រៀងប្ដី អំឡុងពេលខេមរៈ សិរីមន្ដ ច្រៀងឲ្យហង្សមាស មុនរត់មក Galaxy ។

សម្រាប់ នី មុនីនាថ នាងស្ងប់ស្ងាត់មួយរយៈធំ ពីការសម្ដែងភាពយន្ដ ៥ឆ្នាំ ចុងក្រោយនេះ បន្ទាប់ពីនាងបានចុះកុងត្រាផ្ដាច់មុខ ថតកុនឲ្យផលិតកម្មសាស្រ្ដាហ្វីម ដែលនឹងផុតកំណត់នៅចុងឆ្នាំ២០២៥ ខាងមុខនេះហើយ។ មុនីនាថ ធ្លាប់ប្រាប់ មុនបញ្ចេញមុខប្ដីក្នុង MV ជាលោកខែម ប៊ុនថៃ នេះថា នាងរីករាយដែលបានចាប់ដៃគូចាស់ លោកសិរីមន្ដ សាជាថ្មី ហើយលោកថៃ ទោះជាពេលនេះឡើងឧកញ៉ា ប៉ុន្ដែអត្តចរិតគឺនៅតែដូចមុនដដែល ។ ចំណែកការយកប្ដី រៀបការមែនទែននៅពេលណានោះ មុនីនាថ អះអាងថា មិនអាចកំណត់បានឡើយ ព្រោះតែនាងជាកូនច្បង ត្រូវទទួលបន្ទុកក្នុងគ្រួសារ និងម្យ៉ាងទៀត នាងចេះតែមានអារម្មណ៍ភ័យខ្លាចពេលពពោះ សម្រាលកូន មានឈាម…។ គួរកត់សម្គាល់ថា នី មុនីនាថ បានគ្រងតំណែងជាតារាទឹកភ្នែក ជា ច្រើនឆ្នាំមកហើយ ដែលពេលនេះក៏នៅតែមិនទាន់មានតារាណាអាចជំនួសតំណែងនាងធ្វើជាតួកម្សត់ ត្រូវយំ យែក ហូរទឹកភ្នែកភ្លាម តាមអ្នកដឹកនាំបញ្ជានោះទេ ។ ប៉ុន្ដែនៅក្រៅឆាក មុនីនាថ ក៏ធ្លាប់ប្រឈមហូរទឹកភ្នែកមែនទែនផងដែរ ព្រោះតាមព័តមានថា នាងធ្លាប់ខកចិត្ត ស្នេហ៍អាណិកជនខ្មែរ នៅសហរដ្ឋអាមេរិក ពោះម៉ាយកែវ កុសល តែដំណឹងនោះ ត្រូវបាននាងច្រានចោល ៕

RELATED ARTICLES