
ភ្នំពេញ ៖ មេបក្សខ្មែរតែមួយ លោកបណ្ឌិត គុជ លី បានលើកឡើងថា នៅកម្ពុជា សព្វថ្ងៃនេះ មានជំងឺមហារីកសង្គម៤ កំពុងវាយលុក និងធ្វើឲ្យរងគ្រោះដល់ជាតិនិងប្រជាជន យ៉ាងធ្ងន់ ។ ដូច្នេះលោកសួរទៅនាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ថាតើដោះស្រាយបញ្ហាជំងឹមហារីកសង្គម ទាំង៤នេះ នៅពេលណា?
លោកបណ្ឌិត គុជ លី បានសរសេរនៅក្នុងគណនី និងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ថា “ជំងឺសង្គមសព្វថ្ងៃ ៖
១-ជំងឺមហារីកខាងប៉ូលិសចរាចរណ៍ ផាកពិន័យ យកលុយពីពលរដ្ឋ ចូលហោប៉ៅ ច្រើនជាងចូលរដ្ឋ។
២-ជំងឺមហារីកខាងចំណីអាហារ មានជាតិគីមីកម្រិតខ្ពស់ ពីប្រទេសជិតខាង បាននាំចូល។
៣-ជំងឺមហារីកខាងភេសជ្ជ: មានជាតិស្ករច្រើន។
៤-ជំងឺមហារីកខាងទទួលសេវាក្រៅប្រព័ន្ធ នៅថ្នាក់ឃុំ-សង្កាត់ ដែលជាអំពើពុករលួយដោយស្របច្បាប់។ល។
តើសម្ដេចធិបតី នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា គួរដោះស្រាយករណីខាងលើ នៅពេលណា?“ ។
បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកបណ្ឌិត គុជ លី បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ថា ក្នុងនាមជាអ្នកសិក្សាស្រាវជ្រាវ និងជាអ្នកនយោបាយម្នាក់ លោកមើលឃើញថា «ជំងឺមហារីកសង្គម៤» នេះ កំពុងត្រូវបានប្រជាពលរដ្ឋម្ចាស់ឆ្នោត លើកយកមកនិយាយ រអ៊ូរទាំ ធុញទ្រាន់ តាមប្រព័ន្ធបណ្ដាញសង្គម ។ ដូច្នេះហើយ ទើបលោកលើកនូវជំងឺមហារីកសង្គម៤ នេះមកបង្ហាញ បកស្រាយ ក្នុងន័យលើកជាសំណួរ ក៏ដូចជាសំណូមពរ ឲ្យរាជរដ្ឋាភិបាល ពិចារណាឡើងវិញ ក្នុងការពង្រឹងគោលនយោបាយ ចាត់វិធានការឲ្យបានម៉ឺងម៉ាត់ ដើម្បីបំបាត់នូវជំងឺមហារីកសង្គមនេះ ឲ្យបាត់ពីសង្គមខ្មែរ ទាំងបច្ចុប្បន្ន និងទៅអនាគត ។
លោកបណ្ឌិត គុជ លី បានមានប្រសាសន៍ថា “បាទ! ពាក់ព័ន្ធទៅនឹងសំណួរទាំង៤ ដែលខ្ញុំបានសរសេរនៅក្នុងបណ្ដាញសង្គម ហ្វេសប៊ុក របស់គណបក្សខ្មែរតែមួយ ឬក៏ហ្វេសប៊ុករបស់ខ្ញុំផ្ទាល់ គុជ លី ហ្នឹង គឺខ្ញុំបានសរសេរអំពីជំងឺ ៤ប្រភេទ នៅក្នុងប្រទេសកម្ពុជា សព្វថ្ងៃហ្នឹង គឺយើងឃើញជាក់ស្ដែង គឺក្នុងនាមខ្ញុំជាអ្នកសិក្សាស្រាវជ្រាវ យើងមើលឃើញថា នៅក្នុងបណ្ដាញសង្គម ភាគច្រើនហ្នឹង គឺបានលើកអំពីបញ្ហា៤ សំខាន់ៗហ្នឹង គឺជំងឺទី១ ប៉ូលិសចរាចរណ៍។ ជំងឺទី២ គឺចំណីអាហារគីមី ។ ជំងឺទី៣ គឺខាងភេសជ្ជៈគ្រប់ប្រភេទ ហើយនិងជំងឺទី៤ គឺសេវាសាធារណៈឃុំ-សង្កាត់ ដែលទទួលសេវាក្រៅប្រព័ន្ធ ដើម្បីដោះស្រាយបញ្ហានានាដែលកើតឡើងនៅតាមបណ្ដាឃុំ-សង្កាត់ គឺជាអំពើពុករលួយស្របច្បាប់ ។ អ៊ីចឹងនៅក្នុងករណីនេះ ខ្ញុំសូមបកស្រាយនូវជំងឺទី១ គឺជំងឺមហារីកប៉ូលិសចរាចរណ៍ យើងមើលឃើញថា ប៉ូលិសចរាចរណ៍នេះ បើយើងយោងទៅតាមការផាកពិន័យ អតីតស្នងការរាជធានីភ្នំពេញ គឺ ស ថេត ឥឡូវគាត់ជាអគ្គស្នងការនគរបាលជាតិកម្ពុជា គាត់ធ្លាប់មានប្រសាសន៍ហើយថា ការផាកចូលប៉ូលិសហ្នឹង គឺបែងចែកលុយចូលគ្នាតែម្ដង គឺលុយចូលប៉ូលិស លុយសម្រាប់ស្ថាប័នអីផ្សេងៗ ហើយករណីនេះ ខ្ញុំមើលឃើញថា ប្រជាពលរដ្ឋ មានការរអ៊ូរទាំក្នុងការអនុវត្តច្បាប់ចរាចរណ៍របៀបបង្ខំ យកច្បាប់មកបង្ខំប្រជាពលរដ្ឋ ។ សម្រាប់ខ្ញុំៗយល់ឃើញថា ច្បាប់ចរាចរណ៍នេះ គឺមិនអាចធ្វើឲ្យប្រជាពលរដ្ឋអនុវត្តទៅបានមួយរយភាគរយនោះទេ ពីព្រោះប្រជាពលរដ្ឋ យកលុយ ដើម្បីដោះស្រាយបញ្ហា ។ អ៊ីចឹងច្បាប់ចរាចរណ៍នេះ គឺជាច្បាប់មួយ ដែលហៅថា ដោះដូរដើម្បីឲ្យរួចខ្លួន ។ នៅពេលដែលយើងយកច្បាប់ មកអនុវត្ត ប៉ុន្តែយើងត្រូវបានទទួលសំណូក ឬផាកពិន័យពីប្រជាពលរដ្ឋ ដើម្បីចូលលុយហោប៉ៅខ្លួនឯង ជាជាងចូលរដ្ឋ វាបង្ហាញឲ្យឃើញថា ច្បាប់នេះ គឺជាច្បាប់ធ្វើអាជីវកម្មសម្រាប់ចរាចរណ៍ ជាមួយប្រជាពលរដ្ឋទៅវិញ ។ អ៊ីចឹងយើងមើលឃើញថា ច្បាប់នេះ វាបញ្ច្រាសគ្នា មានន័យថា ការអនុវត្តច្បាប់ ហើយនិងការអនុវត្តដាក់ស្លាកសញ្ញាចរាចរណ៍នៅតាមដងផ្លូវ ។ ខ្ញុំឧទាហរណ៍ថា ផ្លូវជាតិរបស់យើង គឺត្រូវបាននាយកដ្ឋាន ក្រសួងសាធារណការ ជាអ្នកធ្វើផ្លូវ ហើយនិងលើកស្លាក ដើម្បីអនុវត្តច្បាប់ចរាចរណ៍ ។ ដល់ពេលការអនុវត្តច្បាប់ចរាចរណ៍ មានន័យថា ស្លាកសញ្ញាមួយចំនួន នៅតាមដងផ្លូវជាតិរបស់យើង គឺមិនបានមើលពិនិត្យទិដ្ឋភាព ធ្វើបច្ចុប្បន្នភាពលើផ្លូវ ធ្វើបច្ចុប្បន្នភាពលើស្លាក ។ អ៊ីចឹងច្បាប់ចរាចរណ៍ គាត់ដឹងតែពីអនុវត្តពីរឿងច្បាប់នៃការបើកបរ ។ យើងឃើញថា ផ្លូវជាតិល្អៗ ផ្លូវជាតិលេខ៥ លេខ៣ ផ្លូវជាតិផ្សេងៗ យើងឃើញថា ធ្វើហើយ ក៏ប៉ុន្តែការអនុវត្តច្បាប់ចរាចរណ៍ មិនបានសុក្រឹត ដោយសារតែផ្លូវហ្នឹង គឺក្រសួងសាធារណការ ពុំទាន់ផ្លាស់ប្ដូរ ធ្វើបច្ចុប្បន្នភាពលើល្បឿននៅឡើយ ។ អ៊ីចឹងរូបភាពហ្នឹងហើយ ដែលធ្វើឲ្យប៉ូលិសចរាចរណ៍ គាត់ដាក់ក្រុមគាត់នោតាមគោលដៅ ដើម្បីស្ទាក់ប្រជាពលរដ្ឋ ដើម្បីផាកពិន័យនេះ យើងមើលឃើញថា ជាច្បាប់មួយ មានតែប្រទេសកម្ពុជា ទេ ដែលចរាចរណ៍ ក្រុមចរាចរណ៍ដាក់តាមគោលដៅ ហើយស្ទុះរត់ចេញមក ដើម្បីស្ទាក់ប្រជាពលរដ្ឋជិះម៉ូតូ បើកយានយន្ត ដើម្បីយកគាត់មកផាកនេះ គឺជាការមួយគួរឲ្យខ្មាសគេណាស់ ការអនុវត្តច្បាប់របៀបនេះ នៅលើពិភពលោកហ្នឹង“ ។
លោកបណ្ឌិត គុជ លី បានមានប្រសាសន៍បន្តថា “អ៊ីចឹងហើយ យើងមើលឃើញថា នេះជាការគ្រោះថ្នាក់ទាំងពីរ ទី១ ប៉ូលិសចរាចរណ៍ ក៏យើងធ្លាប់ឃើញហើយ ដែលប្រជាពលរដ្ឋជាអ្នកបើកបរបុកតែម្ដង។ ទី២ គឺជាការគ្រោះថ្នាក់ច្រើនណាស់ យើងប្រថុយជីវិត ប៉ូលិសខ្លួនឯងក៏ប្រថុយជីវិត ប្រជាពលរដ្ឋខ្លួនឯងដែលគ្នាបើកមក ក៏លស់ព្រលឹង និងភ័យជីវិតចំពោះការបើកបរ ហើយនិងការអនុវត្តច្បាប់ចរាចរណ៍តែម្ដង ។ សរុបមកវិញ ខ្ញុំយល់ឃើញថា វិធានការទាំងឡាយណានៃការអនុវត្តច្បាប់ចរាចរណ៍ នៅក្នុងប្រទេសកម្ពុជា របៀបនេះ គឺច្បាប់ចរាចរណ៍នៅប្រទេសកម្ពុជា គ្មានប្រសិទ្ធភាពទេ ពីព្រោះជាច្បាប់មួយ ផាកពិន័យដើម្បីឲ្យប្រជាពលរដ្ឋគាត់ចេញលុយ ហើយទី២ ប្រជាពលរដ្ឋក៏លែងគោរពច្បាប់ចរាចរណ៍ ដោយយល់ឃើញថា បង់លុយហើយ អាចរួចខ្លួន ។ អ៊ីចឹងសរុបមកវិញ ច្បាប់ចរាចរណ៍ នៅប្រទេសកម្ពុជា លុះត្រាតែមានវិធានថ្មី គឺសម្រាប់ខ្ញុំ ជាអ្នកសិក្សាស្រាវជ្រាវ ក្នុងនាមជាអ្នកនយោបាយ ខ្ញុំមានចំណុចមួយចំនួន ដើម្បីផ្ដល់ជាយុទ្ធសាស្រ្តក្នុងការអនុវត្តច្បាប់ចរាចរណ៍ យើងត្រូវតែពង្រឹងច្បាប់ចរាចរណ៍ តាមវិធីបច្ចេកវិទ្យា វិធីសាស្រ្តតែម្ដង ។ ទី១ គឺគ្រប់ផ្លូវជាតិទាំងអស់ សូមឲ្យដាក់កាមេរ៉ា ថតស្លាកលេខឡាន យានយន្តអីទាំងអស់ នៅពេលដែលគាត់បើកបរហួសល្បឿន យើងដាក់កាមេរ៉ា គឺមានន័យថា ៥០ម៉ែត្រ ឬក៏១០០ម៉ែត្រ ឬក៏ ២គីឡូដី យើងដាក់កាមេរ៉ាមួយៗ គឺពួកគាត់មិនអាចបើកលឿនលើសពីល្បឿនកំណត់តាមផ្លូវចរាចរណ៍ហ្នឹងបានទេ ។ នៅពេលដែលគាត់បើកល្បឿនលឿន គឺត្រូវបានកាមេរ៉ាហ្នឹង ថតស្លាកលេខ ពីព្រោះស្លាកលេខឡានយើងរាល់ថ្ងៃ មាន QR Code ហើយជំហានទី២ ដើម្បីផាកពិន័យឲ្យគាត់ងាយស្រួល គឺសុំឲ្យក្រសួងសមត្ថកិច្ចដែលជាអ្នកចាំទទួលយកលុយហ្នឹង គឺបង្កើត App ដើម្បីផាកពិន័យ ។ អា App ផាកពិន័យនេះ គឺមានន័យថា រាជរដ្ឋាភិបាល អ្នកទទួលបន្ទុកនោះ ឧទាហរណ៍ថា ផ្លូវជាតិលេខ៣ លេខ៥ គឺយើងប្រកាសឲ្យប្រជាពលរដ្ឋដែលបានជិះឆ្លងកាត់នៅតាមហ្នឹង គឺសុំឲ្យចុចមើល App ហ្នឹង ឃើញស្លាកឡាន ចុចតែលេខឡាន ស្លាកឡានរបស់ខ្លួន តើមានជាប់កាមេរ៉ា ក្នុងការបង់ពិន័យឬអត់? បើសិនជាជាប់ សុំឲ្យគាត់បង់ពិន័យ ទៅតាមហ្នឹងទៅ ពីព្រោះយើងសម័យវិទ្យាសាស្រ្តជឿនលឿនហ្នឹង គឺមានបង់តាមធនាគារហ្នឹងទៅ ហើយមាន App ហើយ យើងឲ្យគាត់ pay (បង់លុយ) ទៅតាមហ្នឹង ។ អ៊ីចឹងមានន័យថា យើងអាចប្រមូលលុយបានស្របច្បាប់ ហើយទី២ ប្រជាពលរដ្ឋគាត់ឃើញភ័ស្តុតាង និងខ្លួនគាត់ជាក់ស្ដែងនៅក្នុងល្បឿនគាត់បើកលឿន គាត់ដឹងខ្លួនគាត់ហើយ នៅពេលដែលហ្វ្លាស់កាមេរ៉ាថតឡាន គាត់ដឹងថា គាត់ត្រូវជាប់បង់ពន្ធ អ៊ីចឹងបង់ហ្នឹង គឺបានចូលលុយនៅលើពិភពលោក ។ អ៊ីចឹងគំរូម៉ូដែលនេះ គេប្រើ System នៅអឺរ៉ុប នៅប្រទេសជឿនលឿន គេអត់យកប៉ូលិសទៅអង្គុយចាំ ដើម្បីពួនស្ទាក់ផាកមនុស្សទេ គេយកវិទ្យាសាស្រ្ត ដើម្បីទៅផាកមនុស្ស ដើម្បីកែពួកគាត់ឲ្យអនុវត្តច្បាប់ ទៅបានល្អ អាហ្នឹងគឺពាក់ព័ន្ធទៅនឹងច្បាប់ចរាចរណ៍“ ។
លោកប្រធានគណបក្សខ្មែរតែមួយ បានមានប្រសាសន៍បន្តទៀតថា “ រីឯជំងឺមហារីទី២ គឺពាក់ព័ន្ធនឹងចំណីអាហារគីមី នៅក្នុងប្រទេសកម្ពុជា របស់យើង យើងឃើញជាក់ស្ដែងហើយ ថាចំណីអាហារគីមីនេះ បាននាំចូលពីប្រទេសវៀតណាម និងថៃ គួរឲ្យកត់សម្គាល់ ហើយចំណីអាហារគីមីនេះ គឺជាជំងឺមួយដែលសម្លាប់សុខភាពប្រជាពលរដ្ឋ ដោយអត់ដឹងខ្លួនទេ គឺជាឃាតករលាក់មុខ នៅតាមជីរ ស្លឹកគ្រៃ ហើយនិងបន្លែបន្លុក ផ្លែឈើទាំងឡាយណាដែលកំពុងតែនាំចូលយ៉ាងគគ្រឹកគគ្រេង ពីប្រទេសជិតខាងរបស់យើង ។ យើងសួរថា តើអាហារគីមីទាំងអស់ហ្នឹង អាចប៉ះពាល់សុខភាពដល់កម្រិតណា? អាហារគីមីនេះ វាអាចបង្កឲ្យមានជំងឺ១០០មុខ ប្រជាពលរដ្ឋរបស់ខ្មែរយើង អាចទៅដល់១០ឆ្នាំ ទៅ២០ឆ្នាំទៀត នេះបើសិនជាយើងមិនយកចិត្តទុកដាក់ចំពោះអាហារគីមីនោះទេ ។ អ៊ីចឹងហើយ រាជរដ្ឋាភិបាល មានគម្រោងដើម្បីឲ្យប្រទេសកម្ពុជា ឆ្លងផុតបន្ទាត់ក្រីក្រ ឆ្នាំ២០២៩ ហើយនិង២០៣០ ដើម្បីឲ្យប្រទេសកម្ពុជា ចាកពីបន្ទាត់ក្រីក្រ ក្លាយជាប្រទេសមានកម្រិតចំណូលមធ្យម ហើយនិង២០៥០ ចំណូលខ្ពស់ ។ សម្រាប់ខ្ញុំៗយល់ឃើញថា បើរាជរដ្ឋាភិបាល បានធ្វើតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងគោលដៅរាជរដ្ឋាភិបាល ចង់បានអ្វីដូចខ្ញុំលើកខាងលើ បើសិនជារាជរដ្ឋាភិបាល មិនគិតពីអាហារសុខភាពរបស់ប្រជាពលរដ្ឋទេ មានន័យថា កម្លាំងយុវជន កម្លាំងកម្មករជំនាញ គឺប្រជាពលរដ្ឋ មិនអាចចូលទៅក្នុងក្របខ័ណ្ឌរបស់រាជរដ្ឋាភិបាល ដែលសន្យាថា បន្ទាត់ក្រីក្រ ឆ្នាំ២០២៩-២០៣០ ហើយនិង២០៥០ នោះទេ ពីព្រោះអាហារគីមីនេះ គឺធ្វើឲ្យប្រជាពលរដ្ឋយើងខូចទម្រង់សុខភាព មានជំងឺរ៉ាំរ៉ៃគ្រប់មុខ ធ្វើឲ្យប្រជាពលរដ្ឋយើងបាត់បង់ចំណូលសេដ្ឋកិច្ច ។ យ៉ាងណាមិញទៅទៀត យើងផ្សារភ្ជាប់ទៅពេលដែលប្រជាពលរដ្ឋមានជំងឺហ្នឹងហើយ អ៊ីចឹងមន្ទីរពេទ្យយើងនៅប្រទេសកម្ពុជា ក៏ទទួលការបម្រើសេវាហ្នឹង ក៏នៅមានក្រមសីលធម៌នៅមានកម្រិត ។ អ៊ីចឹងហើយ យើងមើលឃើញថា ប្រទេសជិតខាង ហាក់ដូចជាឆ្លាតជាងប្រទេសកម្ពុជា បន្តិច បង្កើតនូវអាហារគីមី បន្លែគីមី បន្ទាប់មក គេបង្កើតសេវាទទួលព្យាបាលជំងឺសុខភាព យើងឃើញថា បងប្អូនប្រជាពលរដ្ឋខ្មែរយើង សឹងតែទូទាំងប្រទេស ទៅទទួលសេវាចូលមន្ទីរពេទ្យវៀតណាម និងថៃ ។ មិនត្រឹមប៉ុណ្ណឹងទេ មន្ទីរពេទ្យនៅស្រុកវៀតណាម ហើយនិងថៃ នេះ គឺបានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋខ្មែរ ទៅទៀត ។ ឧទាហរណ៍ពិនិត្យសុខភាព ពិនិត្យឈាម ពិនិត្យអីហ្នឹង ពីរដង free ១ដង នៅបាងកក អី យើងឃើញជាក់ស្ដែង ។ នេះគឺជាការលើកទឹកចិត្តឲ្យប្រជាពលរដ្ឋខ្មែរ ក៏ប៉ុន្តែភ្លេចខ្លួន គោលនយោបាយជាយុទ្ធសាស្រ្តរបស់គេ គឺបង្កើតអាហារគីមី ដើម្បីបំផ្លាញសុខភាព ទី២ គេរកចំណូលតាមក្រសួងសុខាភិបាលរបស់គេតែម្ដង យើងមើលឃើញថា រដ្ឋប្រទេសជិតខាងនេះ មានបញ្ញាច្រើនជាងយើង ព្រោះយើងរាល់ថ្ងៃ គឺជាប្រទេសដែលប្រើប្រាស់ផលិតផលគេ សឹងតែ១០០មុខ តែមិនមែនជាប្រទេសមានផលិតផលដោយខ្លួនឯងទេ ។ សូម្បីតែប្រជាពលរដ្ឋដាំជីរ ស្លឹកគ្រៃ ក៏ហូបមិនបាន ។ អ៊ីចឹងហើយ ខ្ញុំមើលឃើញថា រាជរដ្ឋាភិបាល គួរតែពង្រឹងហើយនិងលើកកម្ពស់គោលនយោបាយ ភូមិមួយ ឃុំមួយ របស់រាជរដ្ឋាភិបាល ដើម្បីជំរុញឲ្យប្រជាពលរដ្ឋចេះដាំជីរ ស្លឹកគ្រៃ ហូបបានដោយខ្លួនឯង គួរតែផ្សព្វផ្សាយអំពីអាហារគីមី ហើយគួរតែរឹតបន្តឹងច្បាប់ តាមច្រៀងរបៀងក៏ដោយ ច្រកព្រំដែនណាក៏ដោយ ជាពិសេសគឺនៅតាមច្រកព្រំដែនប្រទេសវៀតណាម តែម្ដង គឺជាអាហារគីមី យើងមើលឃើញថា គួរឲ្យកត់សម្គាល់មែនទែន គឺជំងឺនេះ គឺជាជំងឺមួយដែលធ្វើឲ្យបាត់បង់មនសិការ ហើយនិងយុវជនបន្តវេន ទំពាំងស្នងឫស្សីប្រទេសកម្ពុជា ក៏ប៉ុន្តែទំពាំងនេះ ក្លាយជាទំពាំងសម្បូរទៅដោយជំងឺ ។ អ៊ីចឹងហើយ ប្រទេសជិតខាង នឹងមានឱកាសអាចយកសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា ហើយយកសេដ្ឋកិច្ចកម្ពុជា ដើម្បីមកចិញ្ចឹមចលនានៅក្នុងប្រទេសកម្ពុជា ទៅថ្ងៃអនាគត ហ្នឹងចំពោះអាហារគីមី“ ។
លោកបណ្ឌិត គុជ លី បានមានប្រសាសន៍បន្ថែមថា “ពាក់ពីន្ធនឹងជំងឺទី៣ គឺជំងឺខាងភេសជ្ជៈ យើងឃើញថា រាជរដ្ឋាភិបាល បានដុតដៃដុតជើង យើងឃើញថា រាជរដ្ឋាភិបាល ក៏បានចេញសេចក្ដីណែនាំមួយ ប៉ុន្តែអត់ទាន់បានឃើញប្រកាសមួយរយភាគរយទេ គឺបិទរង្វាន់នៅកំប៉ុងទាំងស្រា ប៊ីយែរ គ្រប់ភេសជ្ជៈទាំងអស់ដែលមានរង្វាន់ ការលើកទឹកចិត្តឲ្យបងប្អូនកើតមហារីក ។ ក៏ប៉ុន្តែយើងមើលឃើញថា រាជរដ្ឋាភិបាល បានយឺតមួយជំហាន ក្នុងការអនុវត្តច្បាប់នេះ ដើម្បីកុំឲ្យមានរង្វាន់លើកទឹកចិត្តគ្រប់ភេសជ្ជៈ ឬក៏ស្រាបៀរ គ្រឿងស្រវឹងអីតែម្ដង ក៏ប៉ុន្តែរាជរដ្ឋាភិបាល អត់បានពង្រឹងវិធានការច្បាប់ ។ ឧទាហរណ៍ថា រឿងប៊ីយែរ គ្រឿងស្រវឹង ច្បាប់គ្រឿងស្រវឹង នៅក្នុងប្រទេសកម្ពុជា គឺសេចក្ដីព្រាងច្បាប់ហ្នឹង គឺតាំងពី២០១៥ របស់ក្រសួងសុខាភិបាល រហូតដល់សព្វថ្ងៃ គឺវាចូល ១០ឆ្នាំហើយ រាជរដ្ឋាភិបាល អត់ព្រមពន្លឿននៅក្នុងការអនុវត្តច្បាប់ស្ដីពីគ្រឿងស្រវឹងទេ ។ ប្រទេសជិតខាង គេបានអនុម័តហើយ ។ អ៊ីចឹងកាលណាអត់មានច្បាប់អនុវត្តពីគ្រឿងស្រវឹង ឬក៏ច្បាប់អនុវត្តលើភេសជ្ជៈដែលមានជាតិស្ករខ្ពស់ ដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរ របស់យើង ជាពិសេសគឺកុមារកម្ពុជា របស់យើង រហូតដល់ក្មេងតូចៗ ក៏មានជំងឺជាតិផ្អែម លើសស្ករដែរ ។ អ៊ីចឹងហើយ ជាការផ្ទុយគ្នា រាជរដ្ឋាភិបាលមើលឃើញថា នេះគឺជាជំងឺប្រជាពលរដ្ឋកាន់តែកើនឡើង ក្រសួងសុខាភិបាល ក៏បានប្រកាសថា មានជំងឺមហារីក ប្រជាពលរដ្ឋបានស្លាប់ម្នាក់ ក្នុងរយៈពេល ៤០នាទីម្ដងអីក៏មានដែរ ។ អ៊ីចឹងហើយយើងមើលឃើញថា ប្រជាពលរដ្ឋខ្មែរ របស់យើង ទទួលរយជំងឺមហារីកហ្នឹងកាន់តែខ្លាំងឡើង តាមរយៈការសេពគ្រឿងស្រវឹង ហើយនិងភេសជ្ជៈគ្រប់ប្រភេទ ដែលមានជាតិស្ករហ្នឹងតែម្ដង ។ អ៊ីចឹងរាជរដ្ឋាភិបាល គួរជំរុញហើយនិងលើកតម្កើងឡើងវិញ គឺដើម្បីអនុវត្តច្បាប់គ្រឿងស្រវឹង ច្បាប់ភេសជ្ជៈអីផ្សេងៗ កុំឲ្យក្រុមហ៊ុនហ្នឹង លើកទឹកចិត្តឲ្យប្រជាពលរដ្ឋហ្នឹង ផឹកខ្លាំងពេក ដែលធ្វើឲ្យមានជំងឺជាតិស្ករច្រើន ឬក៏ជំងឺអីផ្សេងៗ ដែលធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា ហើយនិងសេដ្ឋកិច្ចគ្រួសាររបស់ប្រជាជន តាមរយៈជំងឺហ្នឹង គឺមិនអាចកើនឡើងបានទេ“ ។
លោកប្រធានគណបក្សខ្មែរតែមួយ បានមានប្រសាសន៍បន្ថែមទៀតថា “ពាក់ព័ន្ធនឹងជំងឺមហារីកទី៤ ជំងឺនេះ គឺជំងឺដ៏រ៉ាំរ៉ៃក្នុងប្រទេសកម្ពុជាយើង ហើយយើងមើលឃើញថា ឃុំ-សង្កាត់ នៅក្នុងប្រទេសកម្ពុជា មាន១៦៥៤ឃុំ-សង្កាត់ យើងមើលឃើញថា សេវាថ្នាក់មូលដ្ឋាននេះ គឺឃុំ-សង្កាត់ គឺជាសេវាមួយដែលប្រើអំពើពុករលួយដោយស្របច្បាប់ គឺសេវាក្រៅប្រព័ន្ធហ្នឹងតែម្ដង ។ ការទទួលសេវាក្រៅប្រព័ន្ធ តាមរយៈប្រជាពលរដ្ឋ យើងឃើញថា ច្រកចេញចូលតែមួយ រាជរដ្ឋាភិបាល បានគិតគូរតាមរយៈក្រសួងមហាផ្ទៃ យើងមើលឃើញថា ច្រកចេញចូលតែមួយសព្វថ្ងៃ គឺមានរហូតដល់ឃុំ-សង្កាត់ហើយ ក៏ប៉ុន្តែអាបារ៉ែននៃឃុំ-សង្កាត់នេះ គឺមានន័យថា ប្រជាពលរដ្ឋបានយល់ដឹងខ្ពស់ហើយ ក៏ប៉ុន្តែការរារាំងដើម្បីឲ្យមានសេវាខាងក្រៅហ្នឹង គឺការពន្យារពេល ធ្វើឲ្យយឺតយ៉ាវ ហើយផ្ដល់សេវាមិនបានគ្រប់គ្រាន់ ទៅមិនជួបមេឃុំ មិនជួបស្មៀន ជួបអី ។ អ៊ីចឹងករណីនេះ គឺជាករណីមួយ យកលេសដើម្បីទទួលសេវាក្រៅប្រព័ន្ធ នៅក្នុងឃុំ-សង្កាត់ ដើម្បីប្រព្រឹត្តនូវអំពើពុករលួយ ដោយស្របច្បាប់ ។ ឧទាហរណ៍ថា ប្រជាពលរដ្ឋម្នាក់ គាត់ទៅធ្វើការបញ្ជាក់អត្តចរិត ឬក៏ធ្វើសំបុត្រកំណើត ឬក៏ធ្វើសំបុត្របញ្ជាក់ដីធ្លី នៅភូមិ-ឃុំអីមួយ ដើម្បីគាត់យកទៅប្រើប្រាស់ទៅថ្ងៃខាងមុខ យើងឃើញថា បើប្រជាពលរដ្ឋយកទៅដល់ហើយ គឺគាត់ទទួល ក៏ប៉ុន្តែនៅពេលដែលយើងត្រូវការប្រញាប់ លើសពី៣ថ្ងៃ ព្រោះជាធម្មតា គោលការណ៍របស់គេ គឺចំនួន៣ថ្ងៃ គឺអាចទទួលបាន ប៉ុន្តែបើប្រជាពលរដ្ឋគាត់ទៅហើយ មានការធុញទ្រាន់ គឺគាត់ត្រូវការផ្ដល់សេវាក្រៅប្រព័ន្ធហ្នឹងឯង ។ កាលណាផ្ដល់សេវាក្រៅប្រព័ន្ធ គឺជាការចូលរួមយ៉ាងសកម្មក្នុងការប្រព្រឹត្តអំពើពុករលួយ ដោយស្របច្បាប់ នៅក្នុងប្រទេសកម្ពុជា ។ អ៊ីចឹងវាជាទម្លាប់មួយ សេវានេះ គេហៅថា សេវាទឹកតែ សេវាកាហ្វេ សេវាសម្រាប់ចាក់សាំង អីជាដើម ។ អ៊ីចឹងយើងឃើញថា សេវាក្រៅប្រព័ន្ធនេះ គឺជាជំងឺមហារីកមួយ ដែលប្រទេសកម្ពុជា របស់យើង ពិបាកនឹងព្យាបាលមែនទែន នៅក្នុងថ្នាក់មូលដ្ឋានឃុំ-សង្កាត់របស់យើង លុះត្រារាជរដ្ឋាភិបាល បង្កើតប្រព័ន្ធតុលាការរដ្ឋបាល ។ បើសិនជាយើងបង្កើតតុលាការរដ្ឋបាលបាន គឺមានន័យថា ថ្នាក់មូលដ្ឋាននៅឃុំ នឹងអាចកាត់បន្ថយនូវអំពើពុករលួយ សេវាក្រៅប្រព័ន្ធហ្នឹងបាន ហើយទី២ រាជរដ្ឋាភិបាល គួរតែពិចារណាដើម្បីឲ្យប្រទេសកម្ពុជា អភិវឌ្ឍរបបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដើម្បីធ្វើវិមជ្ឈការនៅថ្នាក់ក្រោមជាតិហ្នឹង ឲ្យបានមួយរយភាគ លុះត្រាតែកែទម្រង់ប្រព័ន្ធបោះឆ្នោតបន្តិច គឺខ្ញុំស្នើឲ្យតែថ្នាក់ឃុំ-សង្កាត់ បានហើយ បើឈរឈ្មោះតំណាងរាស្រ្ត នៅដដែល ។ អ៊ីចឹងសុំឲ្យកែច្បាប់ថ្នាក់ឃុំ សុំឲ្យមានការបោះឆ្នោត ជាឯកត្តនាម ។ ការបោះឆ្នោតឯកត្តនាមនេះ គឺដើម្បីជួយពង្រឹង ហើយនិងពង្រីកសេវាកម្មនៅក្នុងឃុំ-សង្កាត់របស់ខ្លួន ហើយកាត់បន្ថយបានច្រើននូវអំពើពុករលួយ ហើយដើម្បីជួយផ្ដល់សេវាឲ្យប្រជាពលរដ្ឋ បានរហ័សទាន់ចិត្ត នៅពេលដែលយើងបើកចំហឲ្យមានច្បាប់ឯកត្តនាម ចំពោះអ្នកឈរមេឃុំ ចៅសង្កាត់ ឲ្យបានច្រើន ហើយអាហ្នឹងឯងធ្វើឲ្យប្រទេសកម្ពុជា របស់យើង កាន់តែរីកចម្រើនក្នុងអភិវឌ្ឍថ្នាក់មូលដ្ឋាន គោលនយោបាយឃុំ-សង្កាត់ ហើយវិមជ្ឈការនៅថ្នាក់ក្រោមជាតិតែម្ដង“ ៕ កុលបុត្រ