Thursday, May 22, 2025
Homeតារាខ្មែរឱក សុគន្ធកញ្ញា ក្លាយជាទូតសុច្ឆន្ទៈកាយរឹទ្ធិជាតិកម្ពុជា

ឱក សុគន្ធកញ្ញា ក្លាយជាទូតសុច្ឆន្ទៈកាយរឹទ្ធិជាតិកម្ពុជា

ភ្នំពេញ ៖ តារាចម្រៀង ឱក សុគន្ធកញ្ញា បានប្រកាសនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ថារូបនាងមានអារម្មណ៍រំភើបរីករាយណាស់ដែលបានក្លាយជាទូតសុច្ឆន្ទៈនៃកាយរឹទ្ធិជាតិកម្ពុជា ដើម្បីលើកកម្ពស់ការអប់រំកម្ពុជា ហើយនាងប្ដេជ្ញានឹងបំពេញតួនាទីមួយនេះ ឲ្យបានល្អបំផុត។

អ្នកនាងឱក សុគន្ធកញ្ញា និងលោកបណ្ឌិត ហង់ជូន ណារ៉ុន ឧបនាយរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជននិងកីឡា និងប្រធានកាយរឹទ្ធិជាតិកម្ពុជា

ប្រភពបានឲ្យដឹងថា ការទទួលតួនាទីថ្មីរបស់ឱក សុគន្ធកញ្ញា នាពេលនេះ គឺតាមអនុសាសន៍របស់សម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជំរុញឲ្យយុវជន ចូលរួមការពារសង្គម ដើម្បីបង្កើនភាពធន់ និងចំណេះដឹងប្រែក្លាយទៅជាកម្លាំងចលករចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ ហើយពិធីសច្ចាប្រណិ ធាន និងបំពាក់កន្សែង ធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីលោកបណ្ឌិត ហង់ជូន ណារ៉ុន ឧបនាយរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជននិងកីឡា និងប្រធានកាយរឹទ្ធិជាតិកម្ពុជា ។

 លោកបណ្ឌិត ហង់ជូន ណារ៉ុន ប្រធានកាយរិទ្ធិជាតិកម្ពុជា បានកោតសរសើរ និងថ្លែងអំណរគុណដល់តារា ចម្រៀង ឱក សុគន្ធកញ្ញា ដែលស្ម័គ្រចិត្តទទួលយកភារកិច្ចជាទូតសុច្ឆន្ទៈ នៃកាយរឹទ្ធិកម្ពុជា ដើម្បីផ្សព្វផ្សាយពីសកម្មភាពកាយរឹទ្ធិកម្ពុជា ក្នុងទិសដៅលើកកម្ពស់ការអប់រំដល់យុវជនជំនាន់ក្រោយ ។

ចំណែកលលោកអ៊ឹង សុខលី ស្វាមីឱក សុគន្ធកញ្ញា ក៏បានថ្លែងសារអបអរសាទរភរិយាថា «អបអរសាទរ ប្រពន្ធសម្លាញ់(Congratulation Honey)» ។

 នេះគឺជាតួនាទីថ្មីមួយរបស់ឱក សុគន្ធកញ្ញា ដែលនាងមិនធ្លាប់ធ្វើពីមុនឡើយ ប៉ុន្ដែសម្រាប់ឆ្នាំ២០២៥ នេះ រូបនាងព្រមធ្វើដោយមានការលើកទឹកចិត្តពីប្រមុខរាជរដ្ឋាភិបាល ខណៈដែលកន្លងមក ក្នុងអាជីពចម្រៀង ជាង២០ឆ្នាំនេះ សុគន្ធកញ្ញា ធ្លាប់ធ្វើជាទូតពាណិជ្ជសញ្ញា (BA) ឲ្យផលិតផលនិងក្រុមហ៊ុនជាច្រើនមកហើយ ដោយទទួលបានលុយរាប់សែនដុល្លារ ក្នុង១ឆ្នាំៗ ។ តំណែងថ្មីរបស់ឱក សុគន្ធកញ្ញា នាពេលនេះ គឺបន្ទាប់ពីនាងនិងលោកអ៊ឹង សុខលី ទើបតែប្រារពខួបអាពាហ៍ពិពាហ៍ គម្រប់៦ឆ្នាំ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ នៅលើកោះក្រ:ប៊ី (Krabey Island) ប្រទេសថៃ។

 ឱក សុគន្ធកញ្ញា ចេញសារនៅថ្ងៃប្រារពខួបអាពាហ៍ពិពាហ៍ ៦ឆ្នាំ ថា «ជីវិតពិត មិនដូចរឿងនិទាន តែមួយរយៈ ចុងក្រោយដែលមានពួកគាត់ចូលមកជីវិតរបស់ខ្ញុំ ខ្ញុំហាក់បីដូចទទួលបានគ្រប់យ៉ាងដូចក្នុងរឿងនិទាន។ អរគុណប្ដីសម្លាញ់ ដែលតែងតែផ្ដល់គ្រប់យ៉ាង ទោះប្រពន្ធមិនដែលទាមទារ»។

ចំណែកលោកអ៊ឹង សុខលី ថ្លែងសារនៅថ្ងៃខួបមង្គលការគម្រប់ ៦ឆ្នាំ ថា «គេគ្រប់គ្នាថាពេលវេលាដើរលឿនណាស់ តែសម្រាប់ខ្ញុំ ពេលវេលាដើរយឺតណាស់ ៦ឆ្នាំហើយ នៅមើលកូនតូចនៅឡើយ» ។

គួរបញ្ជាក់ថា ក្រោយឱក សុគន្ធកញ្ញា មានស្វាមី ៦ឆ្នាំ បានកូនប្រុស ២នាក់នេះ ទីផ្សារចម្រៀងរបស់នាង មិនសូវខ្លាំងដូចកាលនៅលីវទេ បើទោះជាមុននេះ ស្វាមីនាងបានលើកកញ្ញា ដល់កំពូល តាមរយៈការរៀបចំឲ្យនាងច្រៀង Solo Concerts ជាបន្ដបន្ទាប់ក្ដី។ ប៉ុន្ដែតាំងពីពេជ្រ សូលីកា ក៏អាចច្រៀង Solo Concert បានដូចនាង ហើយថែមទាំងលក់សំបុត្រ VIP ថ្លៃខ្ពស់ជាងមក ពេលនេះគេនៅមិនទាន់ឃើញមានការប្រកាសរបស់ប្អូនថ្លៃថៅកែហង្សមាស រូបនេះ ថានឹងត្រៀមច្រៀងម្នាក់ឯងនៅខេត្តណាទៀតទេ ។ ចំពោះតួនាទីថ្មីជាទូតសុច្ឆន្ទៈ នៃកាយរឹទ្ធិជាតិកម្ពុជា នេះ សុគន្ធកញ្ញា នឹងផ្សព្វផ្សាយរូបភាពកាយរឹទ្ធិកម្ពុជា និងអប់រំនៅកម្ពុជា ។ ប៉ុន្ដែការចេញបទថ្មីៗវិញ ហាក់នៅយឺតយ៉ាវ បើទោះជាពេលនេះនាងជិះសេះលែងដៃ ព្រោះអស់គួប្រជែង បន្ទាប់ពីតារាស្រីល្បីៗរបស់ហង្សមាស ដូចជា ពេជ្រ សោភា, សុគន្ធ និសា, រ៉េត ស៊ូហ្សាណា, ពេជ្រ សូលីកា, សុខ ស្រីនាង និងវី ឌីណែត ជាដើម នាំគ្នាដើរចេញអស់ទៅហើយក្ដី ៕

អ្នកនាងឱក សុគន្ធកញ្ញា និងស្វាមី រួមទាំងកូនប្រុសទាំងពីរនាក់នៅថ្ងៃខួបអាពាហ៍ ពិពាហ៍ គម្រប់៦ឆ្នាំ

RELATED ARTICLES