Friday, May 23, 2025
Homeសេដ្ឋកិច្ចជាតិផ្លូវជាតិលេខ១០ សាងសង់រួចរាល់១០០%

ផ្លូវជាតិលេខ១០ សាងសង់រួចរាល់១០០%

ភ្នំពេញៈ យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា កាលពីថ្ងៃពុធ ទី២១ ខែឧសភា ឆ្នាំ២០២៥ លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានអញ្ជើញដឹកនាំក្រុមការងារបច្ចេទេសក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមសាងសង់CRBC និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវវ៉ានអាន ចុះត្រួតពិនិត្យលម្អិត លើផ្លូវជាតិលេខ១០ ដែលសាងសង់រួចរាល់១០០% ដើម្បីធានាការប្រើប្រាស់យូរអង្វែងស្របតាមបទដ្ឋានបច្ចេកទេស មុននឹងពិធីប្រគល់-ទទួល។

ផ្លូវជាតិលេខ១០ មានចំណុចចាប់ផ្តើមពីផ្លូវជាតិលេខ 57-7 ត្រង់ PK35+900 ស្ថិតក្នុងភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ៤៨ (ចាស់) ត្រង់ PK1+700 ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

គួរបញ្ជាក់ថា ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងផ្លូវ សរុប១៩៧,៣៦ គីឡូម៉ែត្រ និងទទឹង ៩ម៉ែត្រ។ គម្រោងសាងសង់ផ្លូវនេះមានរយៈពេល ៦៦ខែ និងបានចាប់ផ្ដើមសាងសង់នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩។     ក្រោយពីក្រុមការងារបានត្រួតពិនិត្យរួចរាល់ នៅព្រឹកថ្ងៃទី២២ ខែ ឧសភា ឆ្នាំ២០២៥ លោករដ្ឋលេខាធិការ បានអញ្ជើញដឹកនាំក្រុមការងារប្រជុំវាយតម្លៃយល់ព្រមទទួលយកកិច្ចការងារសាងសង់ផ្លូវជាតិលេខ១០ និងដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ន ក្នុងរយៈពេល១ឆ្នាំ ដើម្បីបន្តពិនិត្យគុណភាពមុននឹងទទួលយកជាស្ថាពរ។

ក្នុងឱកាសនោះ លោករដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់គ្រប់ផ្នែកពាក់ព័ន្ធ ដែលបានខិតខំបំពេញកិច្ចការងារដោយយកចិត្តទុកដាក់ និងក្រើនរម្លឹកដល់ក្រុមហ៊ុនសាងសង់ សូមបំពេញកិច្ចការងារដែលនៅសេសសល់តិចតួច មានការដាក់ស្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញាតាមដងផ្លូវ ជាដើម ត្រូវបញ្ចប់ឱ្យបានត្រឹមត្រូវតាមបច្ចេកទេស កំណត់ទីតាំងឱ្យបានច្បាស់លាស់។ ទន្ទឹមនោះដែរ ក្រុមហ៊ុនបានទទួលយល់ព្រម ដោយសន្យាថា នឹងអនុវត្តឱ្យបានរួចរាល់នៅបីខែទៀត ដើម្បីជាការសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់បងប្អូនប្រជាពលរដ្ឋ៕

RELATED ARTICLES