Saturday, May 24, 2025
Homeតារាខ្មែរពេជ្រ សូលីកា ធ្វើខួបកំណើតកូន

ពេជ្រ សូលីកា ធ្វើខួបកំណើតកូន

ភ្នំពេញ ៖ អ្នកមេម៉ាយរូបស្រស់ ពេជ្រ សូលីកា ហៅស្រីពេជ្រ បានធ្វើខួបកំណើតកូនប្រុស ហង្ស អារីវេនស្ដេ គម្រប់៥ឆ្នាំ នៅហាង Moto Cafe កាលពីពេលថ្មីៗនេះ ដោយមានតារាជិតស្និទ្ធមួយចំនួន បានចូលរួម ដូចជា ទេព បូព្រឹក្ស, សិទ្ធី នីកា, ពេជ្រ វត្តីសារ៉ាវឌ្ឍី និងអ្នកលក់ Online នាងដេត ម៉ាលីណា ជាដើម ដែលពួកគេសុទ្ធតែបានជូនកាដូ និងជូនពរឲ្យកូនប្រុសរបស់ស្រីពេជ្រ ឆ្លាត ពូកែ។ ប៉ុន្ដែខួបកូនសូលីកា មិនមានវត្តមានប្តីចាស់ ឬអតីតប្តី លោកគឹម ហាន ជាឪពុករបស់កូននាង ចូលរួមឡើយ សូម្បីនៅលើគណនីនិងទំព័រហ្វេសបុក របស់លោកគឹម ហាន ក៏គេមិនឃើញលោកផុសសារជូនពរ ឬនាំកូនដើរលេងនៅថ្ងៃខួបកំណើតឡើយ គឺមាន តែសកម្មភាពធ្វើម្ហូបជាមួយគូស្នេហ៍ថ្មីទៅវិញ ។

សូមរំលឹកថា ពេជ្រ សូលីកា បានសម្រាលកូនប្រុសនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ តែនៅឆ្នាំ២០២២ នាងនិងអតីតប្ដី បានចែកផ្លូវគ្នា។ ក្នុងជីវិតមេម៉ាយ ជាង២ឆ្នាំមកនេះ ស្រីពេជ្រ បានប្រឹងក្រោកឈរពង្រឹងអាជីពចម្រៀងរបស់ខ្លួន ក្រោយចាកចេញពីហង្សមាស នៅឆ្នាំ២០២៤ ហើយពេលនេះនាងនៅតែមានទីផ្សារចម្រៀង បើទោះ ជាក្រោយល្បី ២បទ «បើអូនជួបគេ» និង «ថែការចងចាំ» នៅឆ្នាំ២០២៤ នាងមិនទាន់ចេញបទចម្រៀងថ្មីណាល្បីទៀតក៏ដោយ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ ពេជ្រ សូលីកា ទោះជាបរាជ័យរឿងស្នេហា ប៉ុន្ដែជីវិតនាងមិនដុនដាប ធ្លាក់ខ្លួននោះទេ គឺនៅតែរស់នៅហ៊ឺហា ជិះរថយន្ដថ្លៃៗ  បើទោះជាពេលនេះ នាងមិនទាន់បង្ហាញមុខគូស្នេហ៍ថ្មីក៏ដោយ តែគេសង្ស័យថា អ្នកមេម៉ាយរូបស្អាតនេះ មិនមែនទុកបេះដូងឲ្យនៅទំនេរឡើយ គ្រាន់តែនាងមិនបើកចំហប៉ុ ណ្ណោះ។ ជាក់ស្ដែងដូចជាកាលពីចុងឆ្នាំ២០២៤ គ្រាន់តែស្រីពេជ្រ ត្អូញរងា អត់ភួយសាច់ ស្រាប់តែមានប្រុសអ្នកមានលាក់មុខម្នាក់បានយកយន្តហោះផ្ទាល់ខ្លួន (Private Jet) មកដឹកនាងតែម្នាក់ឯង ដើរលេងសប្បាយអស់ដៃ ។ ប៉ុន្ដែស្រីពេជ្រ នៅតែមិនហ៊ានបង្ហាញមុខប្រុសនោះជាសាធារណៈឡើយ ខណៈដែលប្រភពខ្លះថា ប្រុសនោះជាអ្នកឧកញ៉ាម្នាក់ ដែលធ្វើជំនួញធំ តែលង់នឹងសម្រស់អ្នកមេម៉ាយកូនមួយនេះ ។ ដោយឡែកសម្រាប់អ្នកគាំទ្រ (Fan) របស់ស្រីពេជ្រ ចង់ឲ្យតារាកូន១ រូបនេះ ក្លាហានហ៊ានកៀកកើយភួយសាច់ថ្មីជាចំហ ដើម្បីឆ្លើយតបអតីតប្ដី ត្រៀមរៀបការប្រពន្ធថ្មី។

  គួរបញ្ជាក់ថា ទោះបីជាពេជ្រ សូលីកា ធ្លាប់ត្រូវអតីតប្ដី ដឹកដៃគូស្នេហ៍ថ្មី ទៅបញ្ឈឺ ពេលនាងកំពុងតែច្រៀងនៅក្លឹបមួយ តែស្រីពេជ្រ មិនបានយកឪពុកកូនប្រុសរបស់នាង ជាសត្រូវ ឡើយ។ លោកគឹម ហាន អាចទៅជួប ឬយកកូនមកលេង ពេលណាក៏បាន តាមដែលលោកចង់ ហើយពួកគេព្យាយាមរក្សាភាពស្ងៀមស្ងាត់ មិនដែលបកអាក្រាតគ្នាតាមហ្វេសប៊ុក ដើម្បីយកត្រូវរៀងៗខ្លួននោះទេ ។

ពេជ្រ សូលីកា បានរក្សាទីផ្សារសិល្បៈ នៅឆ្នាំ២០២៤ ព្រោះតែនាងថែសម្រស់មិនឲ្យធ្លាក់ចុះ  ឡើងគីឡូជ្រុល ឬបែកសាច់ឡើយ ។ ប៉ុន្តែសម្រាប់ឆ្នាំ២០២៥ ស្រីពេជ្រ មិនទាន់មានបទណាលេចធ្លោទៀតទេ ហើយប្រសិនបើនៅតែបែបនេះទៀត នាងនឹងមិនអាចប្រជែងជាមួយតារាលំដាប់ជូរមុខបានទេ ។ យ៉ាងណា សូលីកា កំពុងតែព្យាយាមបណ្ដុះប្អូនស្រីរបស់ខ្លួន កញ្ញាជេលី ជីង ខណៈម្ដាយនាង អ្នកស្រីស៊ិន ស្រីនាង ដែលសម្លាប់គូស្នេហ៍ភេទដូចគ្នា កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ បើគ្មានការប្រែប្រួលទេ គឺទាល់តែឆ្នាំ២០៣៥ ទើបអាចចេញពីពន្ធនាគារ មករស់នៅជុំគ្នាជាមួយកូនស្រីវិញបាន៕

RELATED ARTICLES