ភ្នំពេញ ៖ លោកឈិន វិច្ឆ័យ ហៅវិឆៃ អតីតប្តីតារាសម្តែងភេទទី៣ ផែនខេក ដែលបានបែកបាក់គ្នាជាង៣ឆ្នាំ មកហើយ តាំងពីក្រោយពីរៀបការបាន ១ខែនោះ ពេលនេះ បានរកបានគូស្នេហ៍ថ្មីហើយ ជាបុរសដូចគ្នា តែលោកបានផ្លាស់តួនាទីដែលពីមុនជាប្តី មកធ្វើជាប្រពន្ធគេវិញ ពោលគឺលែងយកប្រពន្ធហើយ យកប្តីវិញស្រួលជាង ដោយពួកគេបានរៀបការ ផ្គួបនឹងពិធីឡើងគេហដ្ឋានថ្មីតែម្តង។

លោកឈិន វិច្ឆ័យ និងឆេង កក្កដាឆានុន
គួរបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ អតីតប្តីតារាភេទទី៣ ផែនខេក គឺលោកឈិន វិច្ឆ័យ និងគូស្នេហ៍ភេទដូចគ្នា លោកឆេង កក្កដាឆានុន បានរៀបចំពិធីឡើងគេហដ្ឋានថ្មី ផ្គួបជាមួយនឹងពិធីអាពាហ៍ពិពាហ៍តែម្តង នៅក្នុងបុរីអាម៉ូរី ៧មករា ដោយកូនកំលោះ ឈ្មោះឆេង កក្កដាឆានុន និងកូនក្រមុំឈ្មោះឈិន វិច្ឆ័យ។

លោកឈិន វិច្ឆ័យ ដែលជាអតីតប្តីរបស់ផែនខេក តែពេលនេះបានប្រែភេទជាប្រពន្ធគេវិញម្តង បានបញ្ជាក់ពីការសម្រេចយកប្តីភេទដូចគ្នានេះ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ ថា “ស្នេហាពិត មិនប្រកាន់ភេទ ព្រោះវាជាធម្មជាតិ បង្កើតក្តីស្រលាញ់ បង្ហាញពិភពលោកថា លើលោកនេះ ស្នេហាពិត មិនមែនមានសម្រាប់តែមនុស្សប្រុសនិងស្រីទេ…”។

លោកឈិន វិច្ឆ័យ បានបន្ថែមថា “ស្នេហ៍ពិត គឺមានពិត ពីគ្រួសារមិនទទួលស្គាល់ តស៊ូរហូតមានថ្ងៃនេះ បើសិននេះជាស្នេហ៍ពិត កុំខ្លាចក្នុងការបង្ហាញ ស្នេហាមិនស្ថិតលើភេទ អបអរសាទរចំពោះក្តីស្រលាញ់ពិតមួយនេះ…”។

ដោយឡែក សាមីខ្លួនកូនកំលោះ គឺលោកឆេង កក្កដាឆានុន បានសរសេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ ថា “រីករាយថ្ងៃកំណើត My wife ឆ្លងកាត់រឿងរ៉ាវជាច្រើនក្នុងជីវិតជាគូ ព្យុះភ្លៀងទឹកភ្នែក បរាជ័យ ត្រូវគេមើលងាយ ភាពសប្បាយរីករាយ និងភាពជោគជ័យ ប្រៀបដូចជាខ្សែភាពយន្តជីវិត មានមនុស្សប្រុសម្នាក់ហ៊ានដាក់ជីវិតកាន់ដៃគ្នា ស្ម័គ្រចិត្តតស៊ូរងទុក្ខឆ្លងកាត់ពាក្យសម្តីស្តីថា ជេរដៀលប្រមាថគ្រប់បែបយ៉ាង ឆ្លងមហាសមុទ្រភ្លើង ក៏មិនរាថយ។ ថ្ងៃនេះបងសូមគោរពនូវពាក្យសន្យាគ្រប់យ៉ាង សុំទោសម៉ាក់ប៉ា ដែលកូនខុសគេ មិនអាចរកមនុស្សស្រីមកធ្វើជាប្រពន្ធបាន ព្រោះកូនរកបានមនុស្សប្រុសម្នាក់ ដែលល្អគ្រប់គ្រាន់ស័ក្តិសមបំផុតដែលមិនអាចកាត់ថ្លៃបាន Today is your birthday and our wedding also love you…”។

គូស្នេហ៍ភេទដូចគ្នាខាងលើនេះ បានបញ្ជាក់ថា ទន្ទឹមនឹងពិធីឡើងគេហដ្ឋានថ្មី ពួកគេក៏បានរៀបចំពិធីអាពាហ៍ពិពាហ៍ ដើម្បីបង្គ្រប់កិច្ចដល់មេបាផងដែរ ក្រោយពីបានរួមរស់ជាមួយគ្នាអស់មួយរយៈមកហើយ ដោយបានឆ្លងកាត់រឿងផ្អែមល្ហែម ល្វីងជូរចត់ និងឧបសគ្គរាប់មិនអស់ ទម្រាំឈានមកដល់ការសម្រេចក្តីស្រមៃមួយនេះ។

សាមីខ្លួនកូនកំលោះ លោកឆេង កក្កដាឆានុន បានលើកឡើងថា ពួកខ្លួនបានស្គាល់គ្នារយៈពេលប្រមាណជាងកន្លះឆ្នាំ ក៏ឈានដល់ទំនាក់ទំនងស្នេហាតែម្តង មូលហេតុដោយសារតែជីវិតពួកខ្លួន មើលទៅជួបនូវរឿងរ៉ាវដូចគ្នាច្រើន ធ្វើឱ្យយល់ចិត្តគ្នា មានអារម្មណ៍ល្អជាមួយគ្នា រហូតដល់ចាប់ដៃគ្នាជាគូជីវិតតែម្តង។

ចំណែកសាមីខ្លួនកូនក្រមុំ ឈិន វិច្ឆ័យ បានបញ្ជាក់យ៉ាងខ្លីថា មូលហេតុដែលខ្លួនចាប់ចិត្តស្រលាញ់ប្តីនេះ គឺដោយសារ តែគាត់ (ឆានុន) ជាមនុស្សល្អ ចេះស្រលាញ់ឪពុកម្តាយ គោរព ដឹងគុណ និងផ្តល់តម្លៃដល់ក្រុមគ្រួសារ ពិសេសក្នុងនាមជាប្តី ឆានុន តែងផ្តល់ក្តីស្រលាញ់ និងភាពកក់ក្តៅដល់ខ្លួនជាប្រពន្ធ បានយ៉ាងល្អ។

គួររំលឹកថា លោកឈិន វិច្ឆ័យ ជាអតីតប្តីរបស់តារាស្រីភេទទីបី ផែនខេក ដែលមានឈ្មោះដើម វ៉ាន់ សំណាង ដោយពួកគេបានរៀបការកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ នៅវិមានពិភពថ្មី សែនសុខ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប៉ុន្តែក្រោយរៀបការបានរយៈពេលតែជាង១ខែប៉ុណ្ណោះ ប្តីប្រពន្ធនេះ ក៏ឈានដល់ការបែកបាក់ លែងលះគ្នា រហូតរកឃើញគូថ្មីរៀងខ្លួន នៅពេលនេះ៕
លោកឈិន វិច្ឆ័យ ថ្ងៃរៀបការជាមួយផេន ខេក

