ភ្នំពេញ ៖ ប្រមុខការទូតកម្ពុជា លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអញ្ជើញអង្គទូតបរទេស ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ទាំងអស់ មកពន្យល់អំពីស្ថានការណ៍បញ្ហាព្រំដែនកម្ពុជា-ថៃ និងពន្យល់អំពីការបញ្ជូនសំណុំរឿងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលជាជម្រើសសន្តិភាព និងផ្លូវច្បាប់អន្តរជាតិ របស់កម្ពុជា ដើម្បីបញ្ចៀសសង្គ្រាមបង្ហូរឈាម បើទោះបីជាកម្ពុជា រងគ្រោះពីការឈ្លានពានពីប្រទេសថៃ រហូតមានការបាត់បង់ជីវិតទាហានកម្ពុជា មួយរូប នាពេលកន្លងទៅក៏ដោយ ។

នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានជួបជាមួយសមាជិកអង្គទូតប្រចាំនៅកម្ពុជា ដើម្បីជូនព័ត៌មានជុំវិញបញ្ហាតានតឹងនៅព្រំដែនកម្ពុជា-ថៃ និងការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើលិខិតជម្រាបជូនតុលាការយុត្តិធម៌អន្តរជាតិ (International Court of Justice) អំពីបំណងស្នើសុំដោះស្រាយបញ្ហាទំនាស់ព្រំដែនកម្ពុជា-ថៃ នៅតំបន់ចំនួនបួន គឺ មុំបី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី។

លោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ជូនអង្គទូតថា កម្ពុជា តែងប្រកាន់ជំហរដោះស្រាយទំនាស់ខណ្ឌសីមាព្រំដែនជាមួយប្រទេសជិតខាង តាមសន្តិវិធី ដោយផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ រួមទាំងការទៅរកជំនួយពីតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីបញ្ចៀសកំណើនភាពតានតឹង និងហានិភ័យនៃការប្រើកម្លាំងយោធា។ តំបន់ទាំង៤ ខាងលើ បានបន្តស្ថិតនៅជាឆ្នួនបំផ្ទុះអរិភាពរវាងប្រជាជនទាំងពីរ និងការប៉ះទង្គិចគ្នាដោយអាវុធ បើទោះជាមានការខិតខំដោះស្រាយតាមយន្តការទ្វេភាគី អស់រាប់ទសវត្សរ៍មកហើយក្តី។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា កងទ័ពថៃ បានឈ្លានពានទឹកដីកម្ពុជា នៅតំបន់មុំបី ដោយបានបាញ់ប្រហារមកលើលេណដ្ឋានរបស់កងទ័ពកម្ពុជា បណ្ដាលឱ្យយោធិនកម្ពុជាម្នាក់ ឈ្មោះសួន រ៉ោន បានពលីជីវិត កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ។ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីការវិវត្តនៃស្ថានការណ៍កាន់តែតានតឹង តាមរយៈទង្វើឯកតោភាគី របស់ភាគីថៃ ជាបន្តបន្ទាប់ ដែលបានជំរុញឱ្យទំនាក់ទំនងកម្ពុជា-ថៃ និងស្ថានភាពតាមបន្ទាត់ព្រំដែន បានវិវត្តកាន់តែតានតឹងឡើងៗ ក្នុងនោះដូចជាការបន្ថយម៉ោងបើក-បិទច្រកទ្វារព្រំដែន ដោយឯកតោភាគី ការគំរាមផ្តាច់អ៊ីនធឺរណិត និងអគ្គិសនី មកកម្ពុជា ជាដើម។

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបញ្ជាក់ថា ទោះបីជាយ៉ាងណា កម្ពុជា ជាអ្នកស្រឡាញ់សន្តិភាព មិនចង់ឱ្យមានការរីករាលដាលស្ថានភាពតានតឹងចេញពីវិស័យយោធាទៅវិស័យផ្សេងៗ ទើបរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានជ្រើសរើសយកច្បាប់អន្តរជាតិ និងសន្តិភាព ក្នុងការដោះស្រាយបញ្ហាព្រំដែនជម្លោះ ជាមួយភាគីថៃ ដោយសម្រេចបញ្ជូនសំណុំរឿង ប្រាសាទតាមាន់ធំ, ប្រាសាទតាមាន់តូច, ប្រាសាទតាក្របី និងតំបន់មុំបី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលបានទៅដល់ដៃក្រឡាបញ្ជី នៃ ICJ កាលពីថ្ងៃ១៦ មិថុនា ឆ្នាំ២០២៥ ដោយកម្ពុជា ត្រូវការតែយុត្តិធម៌ ភាពត្រឹមត្រូវ និងច្បាស់លាស់មួយ ក្នុងការកំណត់ខ្សែព្រំដែនជាមួយប្រទេសជិតខាង ដើម្បីកុំឱ្យកូនចៅជំនាន់ក្រោយ នៅបន្តមានបញ្ហាមិនចេះចប់ជាមួយគ្នា។ កម្ពុជា មិនមានបំណងចង់បានទឹកដីរបស់ប្រទេសណាមួយ សូម្បីតែមួយមិល្លីម៉ែត្រ ប៉ុន្តែកម្ពុជា ក៏មិនឱ្យនរណាឈ្លានពានយកដីសូម្បីតែមួយមិល្លីម៉ែត្រ ជាដាច់ខាត ៕