Thursday, June 19, 2025
Homeតារាខ្មែរសុវត្ថិ មុនីវណ្ណ កូនច្បងព្រាប សុវត្ថិ ត្រៀមសម្ពោធហាងកាហ្វេ

សុវត្ថិ មុនីវណ្ណ កូនច្បងព្រាប សុវត្ថិ ត្រៀមសម្ពោធហាងកាហ្វេ

ភ្នំពេញ ៖ កូនកំលោះច្បងរបស់ព្រាប សុវត្ថិ ឈ្មោះសុវត្ថិ មុនីវណ្ណ ដែលមានតួនាទីជាជំនួយការការិយាល័យទី៥ នៃកងទ័ពជើងគោក ត្រៀមសម្ពោធហាងកាហ្វេ ប្រើយីហោឈ្មោះរបស់ខ្លួន SMV Café នៅទួលគោក បើកសម្ពោធ នាចុងខែមិថុនា ឆ្នាំ២០២៥ នេះ ។ ប្រភពបានឲ្យដឹងថា ហាងនោះប្រើទុនច្រើន ព្រោះបំពាក់ទៅដោយម៉ាស៊ីនឆុងកាហ្វេទំនើប និងមានការឌីហ្សាញយ៉ាងស្អាតផងដែរ ដែលទុនទាំងមូលនៃដំណើរការហាងនេះ គឺជាការផ្គត់ផ្គង់របស់លោកព្រាប សុវត្ថិ ជាឪពុក ។ ប៉ុន្ដែយ៉ាណា បើផ្អែកទៅលើសកម្មភាពសិល្បៈរបស់មុនីវណ្ណ ទាំងការច្រៀងសម្ដែង រួមទាំងថតស្ពតពាណិជ្ជកម្មនោះ គេជឿថា កូនទី១ របស់លោកសុវត្ថិ រូបនេះ ក៏មានប្រាក់ចំណូលពីសិល្បៈប្រចាំឆ្នាំ មិនធម្មតាដែរ ដែលមានន័យថា រូបគេចង់បើកមុខរបរអ្វីមួយ មិនពិបាកឡើយ ។

 សូមបញ្ជាក់ថា ព្រាប សុវត្ថិ បានបង្កើតមុខរបរជាបន្ដបន្ទាប់ តាំងពីលោកក្លាយជាតារាចម្រៀងល្បី អស់រយៈ​ពេល ២៨ឆ្នាំ (១៩៩៧-២០២៥) មានដូចជា ហាងលក់បាយ, ហាងកាត់សក់, ហាងកាត់ដេរ និងរីសត (Resort) នៅមណ្ឌលគិរី ជាដើម ។ ក្រោយឡើងជាឧកញ៉ា រយៈពេលជាង ៣ឆ្នាំមកនេះ ព្រាប សុវត្ថិ ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា ពេលនេះ លោកផ្ដោតទៅលើអាជីពចម្រៀង និងការកស៊ី ស្មើគ្នា ពោលគឺមិនអាចបន្ធូរដៃ ឬ​លែងមួយណាបានទេ ។ ដោយសាតែព្រាប សុវត្ថិ ជោគជ័យទាំងអាជីពចម្រៀង និងមុខជំនួញបែបនេះហើយ ទើបពេលនេះ លោកចាប់ផ្ដើមរុញកូនទី១ ឲ្យមានមុខរបរផ្ទាល់ខ្លួន មុនគិតគួររឿងយកប្រពន្ធ បើទោះជាកន្លង​មក មានតារាស្រីក្មេងស្អាតៗ តែងតែហៅភរិយាព្រាប សុវត្ថិ ថា «ម្ដាយក្មេក» ដែលបញ្ជាក់ថា ពួកគេចង់ធ្វើជាកូនប្រសាអ្នកស្រីឡុង ស្រីមុំ ក៏ដោយ ក៏លោកស្រីនៅមិនទាន់ដណ្ដឹងប្រពន្ធឲ្យកូនដែរ ។

 គួរកត់សម្គាល់ថា ព្រាប សុវត្ថិ បានយកកូនទី១ សុវត្ថិ មុនីវណ្ណ ចូលច្រៀងនៅ Galaxy ជាង២ឆ្នាំទៅហើយ ក្រោយចប់កុងត្រានៅហង្សមាស ដែលពេលខ្លះ មុនីវណ្ណ ច្រៀងចាប់ដៃជាមួយឪពុកខ្លួនតែម្ដង នៅលើឆាកតន្រ្ដីធំៗ ។ មកដល់ផលិតកម្មទី២ មុនីវណ្ណ បានបន្ថែមបច្ចេកទេសថ្មី នោះគឺច្រៀងរ៉េប ហើយពេលខ្លះ នៅលើឆាកតន្រ្ដី គេឃើញលោកព្រាប សុវត្ថិ កាន់ក្បាលមីក្រូក្រោយឆាក ជួយបន្ទកូនច្រៀងទៀតផង។ អ្នកខ្លះថា កូនៗរបស់ព្រាប សុវត្ថិ ពេលដើរជុំគ្នាជាមួយឪពួក គេប្រៀបបានជាបងប្អូន ព្រោះតែលោកសុវត្ថិ មិនព្រមចាស់ ខណៈដែល Fan មួយចំនួន ចង់ឃើញឧកញ៉ាតារាចម្រៀង វ័យ៥០ឆ្នាំ រូបនេះ តាមយកកូនស្រី ប៉ុន្ដែលោកបែរជាមិនចង់បានកូនទី៤ ហើយតែងហៅកូនទី៣ សុវត្ថិ សិរីវុឌ្ឍ ថាជាកូនពៅទៀតផង។          

ក្រៅពីសុវត្ថិ មុនីវណ្ណ តារាដែលរកស៊ីលក់កាហ្វេ នៅឆ្នាំ២០២៥ មានដូចជា ឌួង ហ្សូរីដា, សុគន្ធ និសា, ឌុច លីដា, អៀ ម៉េងលិ ហៅអូនម៉ី, Dj ហេរ៉ូ និងសេង មង្គល ជាដើម ខណៈដែលឱក សុគន្ធកញ្ញា, សុខ ពិសី និងចាន់ កែវនិមល … បើកហាងតែគជ់ ៕

លោកព្រាប សុវត្ថិ

RELATED ARTICLES