Saturday, June 21, 2025
Homeតារាខ្មែរលោកគួច ខេវិន និយាយពាក្យ«ម៉ែ»ចំពេលអ្នកនាងចាន់ តារាទី ហាមមិនឲ្យគេហៅ«ម៉ែ»

លោកគួច ខេវិន និយាយពាក្យ«ម៉ែ»ចំពេលអ្នកនាងចាន់ តារាទី ហាមមិនឲ្យគេហៅ«ម៉ែ»

ភ្នំពេញ៖លោកគួច ខេវិន បានចេញមកពន្យល់អត្ថន័យពាក្យ«ម៉ែ» ថាគឺសំដៅទៅរក ឬចំពោះស្ត្រីដែលបានបង្កើតយើងផ្ទាល់ ឬក៏អាចសំដៅចំពោះស្ត្រីអ្នកដែលមានគុណប្រហាក់ប្រហែលនិងម៉ែបង្កើតរបស់យើង”ម៉ែធ៌ម” ដែលមានអាយុយ៉ាងហោចច្រើនជាងយើង១៨ឆ្នាំឡើងទៅ។

 លោកគួច ខេវិន ដែលបច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមសិល្បករខ្មែរ បានថ្លែងសារថា«“សម្តី សជាតិ មាយាទ សពូជ” ។ ស នៅទីនេះពុំមែនសំដៅទៅលើព៌ណ ស នោះឡើយតែជា(កិរិយាស័ព្ទ) សបញ្ជាក់ សសេចក្តី សបង្ហាញអំពីអ្វីមួយឱ្យប្រាកដ។ ខ្មែរយើងមានវប្បធ៌ម អរិយធ៌ម អក្សរសាស្ត្រ ភាសានិយាយដ៏ខ្ពង់ខ្ពស់និងសម្បូរណ៍បែបទៅតាមឋានៈ បុណ្យសក្តិ និងពូជវង្សត្រកូលបន្តជំនាន់ ដូច្នេះហើយគ្រាន់តែពាក្យសម្តីនិយាយរបស់ខ្មែរក៏អាច សបញ្ជាក់ពីឬសគល់ជាតិកំណើតរបស់អ្នកនិយាយនោះរួចជាស្រេច ។ តួយ៉ាងពាក្យម៉ែ ម៉ាក់ អ្នកម្តាយ ព្រះមាតា ត្រូវបានប្រើទៅតាមឋានានុក្រមវណ្ណៈនិងវង្សត្រកូលក្នុងសង្គមខ្មែរពីយូរ​ណាស់​មកហើយ ហើយការហៅថា”ម៉ែ”គឺសំដៅទៅរក ឬចំពោះស្ត្រីដែលបានបង្កើតយើងផ្ទាល់ ឬក៏អាចសំដៅចំពោះស្ត្រីអ្នកដែលមានគុណប្រហាក់ប្រហែលនិងម៉ែបង្កើតរបស់យើង”ម៉ែធ៌ម” ដែលមានអាយុយ៉ាងហោចច្រើនជាងយើង១៨ឆ្នាំឡើងទៅ។  មនុស្សសម័យនេះជួនកាលអាយុប្រហាក់ប្រហែល ឬក៏ចាស់ជាងស្ត្រីម្នាក់ក៏បាន ប្រើពាក្យហៅថាស្ត្រីនោះថា ម៉ែ គឺដោយចង់សម្តែងនូវក្តីគោរព ក៏ប៉ុន្តែវាខុសទៅនឹងឋានានុក្រមនៃពាក្យ នាំឱ្យពាក្យ “ម៉ែ”នេះក្លាយជាពាក្យបញ្ចើចបញ្ចើបញ្ជោរធ្វើឱ្យខុសទៅវិញ ។ មនុស្សដែលនិយាយនោះមិនខុស​ទេ តែវិជ្ជាមានកម្រិតវានាំឱ្យខុសឱ្យច្រឡំនាំឱ្យការសម្តែងគុណក្លាយជាកំហុសទៅវិញ។ អ្នកដែលមិនមែនជាម៉ែបង្កើតតែត្រូវគេហៅថាម៉ែខ្លះទទួលយកបាន ខ្លះមិនទទួលយកបានវាអាស្រ័យទាំងស្រុងទៅលើចំណេះវិជ្ជា ។ ក្រោយសម័យនិរាសអង្គរវប្បធ៌ម អក្សរសាស្ត្រខ្មែរត្រូវបានចោរលួច ប្លន់ នៅសេសសល់ត្រូវគេតាមបំផ្លាញដើម្បីអ្វីៗទាំងនោះនឹងក្លាយទៅជារបស់គេនាពេលអនាគត “ភាសារលត់ជាតិរលាយ ភាសាពណ្ណ​រាយជាតិថ្កើងថ្កាន” សូមឱ្យការសសេរការនិយាយជាសម្តីរបស់កូនខ្មែរបាន សបញ្ជាក់នូវអត្តសញ្ញាណដ៏ល្អផូរផង់និងថ្លៃថ្នូរដែលដូនតាបន្សល់ទុកជាកេរ្តិ៍ដំណែលមិនអាចកាឡៃបាន!»។

 សូមបញ្ជាក់ថាការចេញមកបំភ្លឺពាក្យថា«ម៉ែ» របស់លោកគួច ខេវិន នាពេលនេះចំពេលដែលតារាសម្ដែងជើងចាស់អ្នកនាងចាន់ តារាទី កំពុងតែធ្វើឲ្យមានការផ្ទុះវែកញែកនៅលើបណ្ដាញ​សង្គម ព្រោះតែអ្នកស្រីមិនពេញចិត្តឲ្យតារារួមអាជីព រួមទាំងសិស្សប្អូនហៅថា«ម៉ែ » នោះទេ តែអាចហៅថា,អ្នកបង អ្នកគ្រូ អ៊ុំ មីង ជាដើមបាន ។ចំពោះមូលហេតុវិញត្រូវបានអ្នកនាងចាន់តារាទី លើកឡើងថាបើអ្នកណាក៍អាចហៅអ្នកនាងថាម៉ែ បានដែរនោះច្បាស់ជាគេច្រឡំថានាងជាអ្នកចែកចាយលេខទូរស័ព្ទទាំងឡាយ ពោលគឺ«ម៉ែយ៉ែម » ហេតុនេះហើយបានជាអ្នកនាងសំណូមពរមិនឲ្យអ្នកដ៍ទៃហៅថា«ម៉ែ» នោះទេ ។ជុំវិញការប្រកាន់ជំហររបស់អ្នកនាងចាន់ តារា​ទី បែបនេះ ត្រូវបានលកគួច ខេវិន បញ្ជាក់ថាយពាក្យ “ម៉ែ”នេះក្លាយជាពាក្យបញ្ចើចបញ្ចើបញ្ជោរធ្វើឱ្យខុសទៅវិញទេ បើសិនជាអាយុប្រហាក់ប្រហែល ឬក៏ចាស់ជាងស្ត្រីម្នាក់នោះតែហៅគេថា«ម៉ែ» ដែរ៕

RELATED ARTICLES