ទីផ្សារទំនិញ៖ ទិន្នន័យរដ្ឋាភិបាលបានបង្ហាញកាលពីថ្ងៃសុក្រថាតម្លៃទំនិញប្រើប្រាស់នៅក្នុងប្រទេសកូរ៉េខាងត្បូងបានឡើងថ្លៃក្នុងកម្រិតសន្ទុះលឿនជាងការរំពឹងទុកទៅទៀតក្នុងអំឡុងខែកុម្ភះ ស្របពេលដែលតម្លៃផលិតផលពាក់ព័ន្ធនិងប្រេងរើបឡើង ។
យោងតាមទិន្នន័យដែលចងក្រងដោយការិយាល័យស្ថិតិកូរ៉េសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ក្នុងប្រទេសកូរ៉េខាងត្បូងបានកើនឡើង១,៩%កាលពីខែមុនធៀបនឹងអំឡុងពេលដូចគ្នាកាលឆ្នាំទៅដែលជាការថយចុះពីកំណើន២%ដែលសម្រេចបានក្នុងខែមករា ។
បើប្រៀបធៀបនឹងខែមុននេះ សន្ទស្សន៍ហាងឆេងក៏ឡើងប្រមាណជា០,៣%ផងដែរក្នុងខែកុម្ភះ ។ ចំណែកអតិផរណាស្នូលដែលមិនរាប់បញ្ចូលភាពងាយប្រែប្រួលនៃតម្លៃអាហារនិងប្រេង បានកើនឡើង១,៧%ធៀបនឹងឆ្នាំទៅ ។
ការិយាល័យស្ថិតិបានឲ្យដឹងថាការកើនឡើងនៃតម្លៃប្រេងបាននាំមកនូវនិន្នាការនៃអតិផរណាដែលស្ថិតនៅក្រោមកម្រិត១%សម្រាប់រយៈពេល១៧ខែក្នុងចំណោម២៤ខែមុន ។ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់របស់កូរ៉េខាងត្បូងបានកើនឡើង០,៧%ក្នុងឆ្នាំ២០១៥ និង១%ក្នុងឆ្នាំ២០១៦ក្នុងពេលតម្លៃប្រេងឆៅធ្លាក់ចុះ ។
តម្លៃសាំងនិងផលិតផលពាក់ព័ន្ធដទៃទៀតបានឡើងថ្លៃ១៣,៣%ក្នុងខែកុម្ភះធៀបនឹងឆ្នាំមុន ដែលជាការកត់សម្គាល់នូវកំណើនលឿនជាងគេបំផុតក្នុងឆ្នាំនេះចាប់តាំងពីខែវិច្ឆិកាឆ្នាំ២០១១ នៅពេលដែលមុខទំនិញនេះឡើងដល់១៦% ។
តម្លៃផលិតផលកសិកម្មបានឡើងថ្លៃ៤,៣%កាលពីខែមុន ខណៈផលិតផលស្រស់ៗដូចយ៉ាងបន្លែ និងផ្លែឈើបានឡើងថ្លៃ៤,៨% ។ តែយ៉ាងតម្លៃអគ្គិសនីថយចុះ៨,៣% ធៀបនឹងឆ្នាំទៅស្របតាមផែនការណ៍គ្រោងទុករបស់រដ្ឋាភិបាលដែលបញ្ចុះតម្លៃថាមពលប្រមាណជា ១១% កាលពីដំណាច់ឆ្នាំទៅ។
គួរបញ្ជាក់ថាធនាគារកណ្តាលបានកំណត់ទិសដៅអតិផរណារយៈពេលវែងរបស់ខ្លួនក្នុងអត្រា២%ស្របជាមួយនិងតម្លៃទំនិញប្រើប្រាស់របស់ប្រទេសកូរ៉េខាងត្បូងដែលខកខានមិនបានសម្រេចតាមទិសដៅក្នុងអំឡុងពេលប៉ុន្មានឆ្នាំមកនេះ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា