ខេត្តកំពង់ឆ្នាំង ៖ ប្តីប្រពន្ធ ២នាក់ បានជិះទូកបាឡាស្មាច់ ១គ្រឿង ធ្វើសកម្មភាពលួចឆក់ត្រី (ឆក់ត្រជាក់) នៅក្នុងភូមិសាស្ត្រស្រុកជលគិរី លុះកម្លាំងយោធាចេញល្បាតប្រទះឃើញ ដេញចាប់ ស្រាប់តែបុរសជាប្តីបានរត់គេចខ្លួនចោលប្រពន្ធបាត់។

លោកវរសេនីយ៍ឯក ប៊ី រស្មីចន្នី មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានបញ្ជាក់ឱ្យដឹងថា កាលពីយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ កងកម្លាំងយោធារបស់លោក បានចុះល្បាតនៅតាមគោលដៅមួយចំនួនក្នុងស្រុកជលគិរី ក៏ប្រទះឃើញប្តីប្រពន្ធពីរនាក់ កំពុងប្រើប្រាស់មធ្យោបាយទូកបាឡាស្មាច់ ១គ្រឿង ធ្វើសកម្មភាពលួចឆក់ត្រី ខុសច្បាប់។

បន្ទាប់ពីឃើញកងកម្លាំងល្បាតភ្លាម ប្តីប្រពន្ធពីរនាក់នោះ បានបើកបាឡាស្មាច់រត់គេចខ្លួន រំពេចនោះកម្លាំងល្បាត ដេញតាមស្ទាក់ចាប់បាននៅចំណុច (48P VU81411,44726) ស្ថិតនៅភូមិគជ្រំ ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង តែបុរសជាប្តីបានលោតឡើងគោក រត់គេច ខ្លួនបាត់ បន្សល់ទុកប្រពន្ធនិងវត្ថុតាងឧបករណ៍ល្មើស នៅនឹងកន្លែង។ ដោយឡែកដុំឆក់និងដងឆក់ ត្រូវបានជនល្មើសទម្លាក់ចោលទៅក្នុងទឹក។

ក្រោយពេលបង្ក្រាបបាន កងកម្លាំងយោធា បានសាកសួរជនល្មើសជាប្រពន្ធ ទើបដឹងថា អ្នកដែលប្រព្រឹត្តបទល្មើសនេសាទឆក់ត្រជាក់នោះ ជាប្តី ឈ្មោះម៉ាវ ឌឿន តួនាទីជានិពន្ធនាយករងសារព័ត៌មាន www.vcn hotnews.com។

ជនល្មើសជាប្រពន្ធ និងវត្ថុតាង ត្រូវបានកងកម្លាំងគោលដៅប្រគល់ជូនទៅជំនាញជលផលដើម្បីកសាងសំណុំរឿង បញ្ជូនទៅតាមផ្លូវច្បាប់។ ចំណែកឯជនល្មើសជាប្តី ដែលបានរត់គេចខ្លួន កងកម្លាំងយោធា ស្នើសុំឱ្យជំនាញជលផលស្រាវជ្រាវបន្ត ដើម្បីចាប់ខ្លួន យកមកផ្តន្ទាទោស តាមច្បាប់៕

