ខេត្តមណ្ឌលគិរី ៖ បុរសចំណាស់ម្នាក់ បានជិះម៉ូតូតាមផ្លូវ ដោយស្ពាយកាំភ្លើងកែច្នៃ (កាំភ្លើងហ្គាស់បាញ់គ្រាប់ឃ្លីកែវ) ត្រូវកម្លាំងសមត្ថកិច្ចចាប់ឆែក ឃើញមានថ្នាំញៀនជាប់ខ្លួន ក៏ឃាត់ខ្លួនយកមកសាកសួរ ក៏ឈានដល់ការឃាត់ខ្លួនបក្ខពួក ចំនួន៤នាក់ទៀត (ស្រី១) សរុបចំនួន៥នាក់ នាំយកមកចាត់ការតាមច្បាប់។

ការបង្ក្រាបនេះ បានធ្វើឡើង កាលពីវេលាម៉ោង ១និង០៥នាទីរសៀល ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចភូមិសាស្ត្រឃុំស្រែខ្ទុម ស្រុកកែវសីមា និងបន្តទៅឃាត់ខ្លួនជនសង្ស័យជាបក្ខពួក ៤នាក់ទៀត នៅវេលាម៉ោង ៤និង១០នាទីរសៀល ថ្ងៃដដែល នៅត្រង់ចំណុចរោងសន្តិសុខចម្ការកៅស៊ូ ប៊ិញភឿក ស្ថិតនៅក្នុងភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា។
ជនសង្ស័យទាំង៥នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះសុខ ឡុក ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន)។ ទី២-ឈ្មោះហ៊ី រ៉ា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន)។ ទី៣-ឈ្មោះឃាន តុង ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន)។ ទី៤-ឈ្មោះធី ធា ហៅម៉ាប់ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន) និងទី៥-ឈ្មោះម៉េល ណាស៊ីម៉ះ ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរមិនពិតប្រាកដ (គ្មានសារធាតុញៀន)។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយមានការចង្អុលបង្ហាញដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងមានការសម្របសម្រួលនីតិវិធីពីលោកស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន លោក ជិន សុខន សមាជិកក្រុមប្រឹក្សាឃុំ លោក ទុន សំណាង អនុភូមិឡាប៉ាខេ នៅវេលាម៉ោង ១និង០៥នាទីរសៀល ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែខ្ទុម បានទទួលព័ត៌មានពីកម្លាំងប្រជាការពារ បានរាយការណ៍ថា មានជនមិនស្គាល់អត្តសញ្ញាណ បានជិះម៉ូតូស្ពាយអាវុធកែច្នៃ (ប្រើហ្គាស់បាញ់គ្រាប់ឃ្លីកែវ) គួរឱ្យសង្ស័យ។

ប្រភពដដែល បន្តថា បន្ទាប់ពីទទួលបានព័ត៌មានខាងលើ កម្លាំងប៉ុស្តិ៍បាលរដ្ឋបាលស្រែខ្ទុម បានចុះទៅដល់ឃាត់ខ្លួននិងបានធ្វើការឆែកឆេរលើខ្លួនជនសង្ស័យ ឈ្មោះសុខ ឡុក ដកហូតបានគ្រឿងញៀន ចំនួន២កញ្ចប់ (ធំល្មម)។ បន្ទាប់មក នៅវេលាម៉ោង ៤និង១០នាទីរសៀល ថ្ងៃដដែល ក្រោយពីបានចម្លើយសារភាពពីជន សង្ស័យ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែខ្ទុម បានសហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិ ការដ្ឋាននគរបាលស្រុកកែវសីមា និងកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បន្តនីតិវិធីចុះដល់ទីតាំងជួញដូរគ្រឿងញៀន បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន៤នាក់បន្ថែមទៀត នៅចំណុចរោងសន្តិសុខចម្ការកៅស៊ូ ប៊ិញភឿក ស្ថិតនៅក្នុងភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ប្រភពខាងលើ បញ្ជាក់ថា ក្នុងកិច្ចសហប្រតិបត្តិការនេះ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន៥នាក់ (ស្រី១) ព្រមទាំង ដកហូតបានវត្ថុតាង រួមមាន ក្រាមពណ៌សថ្លា ចំនួន១៨កញ្ចប់ (កញ្ចប់ធំ ចំនួន៤កញ្ចប់ កញ្ចប់ធំល្មម ចំនួន៧កញ្ចប់ និងកញ្ចប់តូច ចំនួន៧កញ្ចប់) ទម្ងន់ ៥៨,៨៧ក្រាម (ថ្លឹងទាំងសំបក)។ ថង់សម្រាប់វេចខ្ចប់ មួយចំនួន។ ទូរស័ព្ទដៃ ចំនួន ៥គ្រឿង (ម៉ាក Hornor ពណ៌ស ចំនួន១គ្រឿង ម៉ាក Oppo ពណ៌ខ្មៅ ចំនួន១គ្រឿង ម៉ាក Realme ពណ៌ខ្មៅ ចំនួន២គ្រឿង និងម៉ាក infenix ពណ៌ត្រួយចេក ចំនួន១គ្រឿង)។ ម៉ូតូ ចំនួន៣គ្រឿង (វ៉េវ ពណ៌ក្រហម គ្មានស្លាកលេខ ១គ្រឿង វ៉េវពណ៌ក្រហម គ្មានស្លាកលេខ ១គ្រឿង និងម៉ូតូកែច្នៃ មិនស្គាល់ម៉ាក ពណ៌ខ្មៅ ១គ្រឿង)។ ឧបករណ៍កែច្នៃសម្រាប់ជក់គ្រឿងញៀនមួយចំនួន និងអាវុធកែច្នៃ ចំនួន២ដើម។

ជនសង្ស័យទាំង៥នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕