ខេត្តកំពង់ស្ពឺ ៖ ក្រុមហ៊ុន Musk (Cambodia) Import Export Co., Ltd ប្រភេទកែច្នៃស្បែកគោ ស្ថិតនៅភូមិកណ្តាល ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវបានរកឃើញបានបំពុលបរិស្ថាន បង្កឡើងដោយការបញ្ចេញសំណល់រាវ និងការគ្រប់គ្រងបរិស្ថាន មិនបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសនិងច្បាប់របស់កម្ពុជា។

យោងតាមការចុះពិនិត្យផ្ទាល់របស់ក្រុមការងារក្រសួងបរិស្ថាន សហការជាមួយមន្ទីរបរិស្ថាន ខេត្តកំពង់ស្ពឺ និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ស្ថានភាពជុំវិញក្រុមហ៊ុន ក្រុមការងារបានរកឃើញមានស្លាកស្នាមទឹកហូរចេញពីទីតាំងក្រុមហ៊ុន ដែលក្រុមហ៊ុន បានបូមសំណល់រាវ ស្រោចលើដីវាលទំនាបពាស វាលពាសកាល។

លើសពីនេះ ក្រុមការងារបានពិនិត្យឃើញមានសំណល់រាវ (សំណល់រាវចាស់) ដក់នៅខាងក្រោយស្រះស្តុក សំណល់រាវរបស់ក្រុមហ៊ុន មានក្លិនស្អុយ និងមានជាតិប្រេងខ្លាញ់អណ្តែតជាច្រើន និងធ្វើឱ្យដើមឈើមួយចំនួនងាប់។

ក្រុមការងារបានយកសំណាកសំណល់រាវចេញពីទីតាំងនោះបានធ្វើតេស្ត COD=137.4mg/L (ស្តង់ដារ 60mg/L) ក្រុមការងារបានបន្តពិនិត្យឃើញមានបំពង់ទុយោចំនួនពីរ ដែលក្រុមហ៊ុនប្រើប្រាស់សម្រាប់បង្ហូរសំណល់រាវ ចេញពីទីតាំងក្រុមហ៊ុន បង្ហូរចូលដីស្រែជាប់នឹងក្រុមហ៊ុន និងឃើញមានទឹកដក់ពណ៌ខ្មៅ និងមានក្លិនស្អុយ ដោយបានយកសំណាកទឹកចំនួន ១សំណាកធ្វើតេស្ត និងរកឃើញ COD លើសកម្រិតម៉ាស៊ីនតេស្តបឋម >10000mg/L។ ក្នុងពេលជាមួយគ្នាក្រុមការងារបានចុះពិនិត្យស្ថានភាពទឹកស្ទឹងព្រៃរមៀត ដែលស្ថិតនៅខាងខ្សែទឹក ខាងលើ ទីតាំងក្រុមហ៊ុន ចម្ងាយប្រមាណ ២០០ម៉ែត្រ ពីទីតាំងក្រុមហ៊ុនឃើញថាទឹកមានសភាពធម្មតា ពុំមានក្លិនស្អុយនោះទេ។

ក្រុមការងារបានធ្វើតេស្តគុណភាពទឹកស្ទឹងព្រៃរមៀតបឋម បានរកឃើញកំហាប់សារធាតុ COD=52.52mg/L (អនុឡោមតាម ស្តង់ដារ)។ ដោយឡែកនៅក្នុងទីតាំងក្រុមហ៊ុន ក្រុមការងារបានរកឃើញថាក្រុមហ៊ុនពុំមានអាងប្រព្រឹត្តិកម្មសម្រាប់សម្អាតសំណល់រាវនោះទេ ដោយក្រុមហ៊ុនបានបង្ហូរសំណល់រាវចូលស្រះស្តុកចំនួន៣ ដែលជាប្រភេទស្រះដីធម្មតា រួចបូមបង្ហូរបង្ហៀរដីទំនាបពាសវាលពាសកាល (មានស្លាក ស្នាមទឹកហូរ)។

ជាមួយគ្នានេះ ក្រុមហ៊ុនធ្លាប់មានកិច្ចសន្យាពីមន្ទីរបរិស្ថាន (ឆ្នាំ២០២២) ប៉ុន្តែពុំមានលិខិតអនុញ្ញាតបញ្ចោញសំណល់ពាក់ព័ន្ធនោះទេ។ សំរាមនិងសំណល់របស់ក្រុមហ៊ុន ត្រូវបានចាក់ចោលពាលវាលពាសកាលពុំមានរោងទុកដាក់ត្រឹមត្រូវនោះទេ និងមានការដុតនៅទីចំហរទៀត ផង។
សូមបញ្ជាក់ថា ក្រុមការងារក្រសួងបរិស្ថាន បានដាក់ចេញវិធានការចំពោះ ក្រុមហ៊ុនឱ្យអនុវត្តវិធានការច្បាប់ ដូចខាងក្រោម ៖
-ត្រូវបញ្ឈប់ការបង្ហូរសំណល់រាវ ដោយផ្ទាល់ចូលទៅដីវាល និងប្រភពទឹកសាធារណៈជាបន្ទាន់

-ត្រូវទទួលរងពិន័យអន្តរការណ៍ យោងតាមក្រមបរិស្ថាននិងធនធានធម្មជាតិ មាត្រា៨២៩ មាត្រា១៥៦ មាត្រា១៦០ មាត្រា២៨៧ និង អនុក្រឹត្យលេខ២៧ ស្តីពីការត្រួតពិនិត្យការបំពុលទឹក
-ត្រូវផ្តល់សំណងខូចខាត និងផលប៉ះពាល់បរិស្ថានអនុលោមតាម ក្រមបរិស្ថាននិងធនធានធម្មជាតិ
-ត្រូវសាងសង់អាងប្រព្រឹត្តិកម្ម សម្អាតសំណល់រាវ ដោយសហការជាមួយក្រុមហ៊ុន ដែលទទួលបានអាជ្ញាបណ្ណពីក្រសួងបរិស្ថាន និង ត្រូវបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ ការបញ្ចោញសំណល់រាវ
-នៅក្នុងដំណាក់កាលសាងសង់អាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវ ក្រុមហ៊ុនត្រូវស្តុកសំណល់រាវនៅក្នុងស្រះស្តុក និងត្រូវត្រូវធ្វើការ បង្ហាប់ទំនប់ព័ទ្ធជុំវិញស្រះស្តុកទាំងអស់ឱ្យរឹងមាំចៀសវាងការលេចធ្លាយសំណល់រាវចូលទីសាធារណៈ

-ត្រូវរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងស្នើសុំលិខិតបទដ្ឋានពាក់ព័ន្ធនឹងវិស័យបរិស្ថាន ផ្សេងទៀត
-ត្រូវធ្វើការស្តារទឹកសំណល់ ដែលដក់ជុំវិញនោះមកដាក់ក្នុងស្រះស្តុក ដើម្បីសម្អាតទ្បើងវិញ

-ត្រូវរៀបចំកន្លែងស្តុកសំរាម សំណល់រឹង ឱ្យបានត្រឹមត្រូវនិងត្រូវសហការជាមួយ ក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណពីក្រសួងបរិស្ថាន ក្នុង ការដឹកសំរាម សំណល់រឹងចេញពីទីតាំងក្រុមហ៊ុន៕
