Thursday, June 26, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមសន្តិសុខលួចទូរស័ព្ទ៣០គ្រឿង ជាប់ខ្នោះ

សន្តិសុខលួចទូរស័ព្ទ៣០គ្រឿង ជាប់ខ្នោះ

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ ជាសន្តិសុខ បានបែកគំនិតលួចទូរស័ព្ទក្នុងការដ្ឋានសំណង់១កន្លែង ដែលខ្លួនយាមប្រចាំការ ជាបន្តបន្ទាប់ បានសម្រេចចំនួន៣លើក ដោយលួចបានទូរស័ព្ទសរុប ចំនួន៣០គ្រឿង ទីបំផុតត្រូវបានប្រធានសន្តិសុខបានដឹង ចាប់ឃាត់ខ្លួន យកមក ប្រគល់ជូនកម្លាំងជំនាញអាវុធហត្ថ ដើម្បីសាកសួរនិងចាត់ការតាមច្បាប់។

ករណីលួចទូរស័ព្ទនេះ បានកើតឡើង កាលពីថ្ងៃទី១៨ ថ្ងៃទី១៩ និងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចការដ្ឋានសំណង់ ក្នុងភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។ រហូតមកដល់វេលាម៉ោង១១យប់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យ យកមកប្រគល់ឱ្យកម្លាំងជំនាញអាវុធហត្ថ ចាត់ការតាមច្បាប់។

ជនសង្ស័យដែលត្រូវកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួន មានឈ្មោះរី សារ៉ាត់ ហៅកែវ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរសន្តិសុខ រស់នៅភូមិសិង្ហ ឃុំសិង្ហ ស្រុកអូរជ្រៅ។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ជនរង គ្រោះឈ្មោះគង់ វណ្ណរ៉ា ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ជាប្រធានសន្តិសុខ បាននាំសន្តិសុខ ឈ្មោះរី សារ៉ាត់ ហៅកែវ មកកាន់មូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរជ្រៅ និងប្តឹងចោទប្រកាន់ទៅលើសន្តិសុខ ឈ្មោះរី សារ៉ាត់ ហៅកែវ ថាបានលួចទូរស័ព្ទនៅចំណុចការដ្ឋានសំណង់ ស្ថិតនៅក្នុងភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ កាលពីថ្ងៃទី១៨-១៩-២១ ខែមិថុនា ឆ្នាំ២០២៥ ព្រមទាំងយកបានវត្ថុតាង ទូរស័ព្ទ ចំនួន៣០គ្រឿង។

លោកអនុសេនីយ៍ឯក ហ៊ូ សារី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរជ្រៅបានឱ្យដឹងថា ក្រោយទទួល បាជនពាក្យបណ្តឹង និងមានវត្ថុតាង ព្រមទាំងស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យ កម្លាំងជំនាញធ្វើការឃាត់ខ្លួនភ្លាមៗ ហើយកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា ជនសង្ស័យខាងលើ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត កាលពីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកវត្ថុតាង (ទូរស័ព្ទ ចំនួន៣០គ្រឿង) ត្រូវបានប្រគល់ជូនជនរងគ្រោះវិញ៕

RELATED ARTICLES