Friday, June 27, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡានវីរៈប៊ុនថាំ បុ---/ករះរថយន្តខ្ទេច៥គ្រឿង

ឡានវីរៈប៊ុនថាំ បុ—/ករះរថយន្តខ្ទេច៥គ្រឿង

ភ្នំពេញ ៖ រថយន្ត ៥គ្រឿង កំពុងតែឈប់រង់ចាំភ្លើងស្តុប ស្រាប់តែមានរថយន្តដឹកទំនិញ ១គ្រឿង របស់ក្រុមហ៊ុនវីរៈប៊ុនថាំ បើកបរមកពីក្រោយ ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ជ្រុលបុកពេញទំហឹង ធ្វើឱ្យរថយន្តរុញទៅបុកតៗគ្នា បណ្តាលឱ្យខូចខាតសរុប៥គ្រឿង ប៉ុន្តែរថយន្តនៅមុខគេ ចំនួន៣គ្រឿង ឃើញថាខូចខាតតិចតួច ខ្ជិ លមានរឿងវែងឆ្ងាយ ក៏បើកចាកចេញទៅបាត់អស់ នៅសល់រថយន្តរងគ្រោះ ចំនួន២គ្រឿង នៅកន្លែងកើត ហេតុ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បុករះនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨និង៣៥នាទីយប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ចំណុចភូមិប៉ប្រកខាងជើង ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត ចំនួន៥គ្រឿង កំពុងតែឈប់រង់ចាំភ្លើងស្តុប ដោយរថយន្តទី១-នៅមុខគេ ម៉ាកតូយ៉ូតា ព្រូស ពណ៌ស មិនចាំស្លាកលេខ (ក្រោយកើតហេតុ ម្ចាស់រថយន្តខ្ជិលមានរឿងវែងឆ្ងាយ បានបើកចេញទៅបាត់)។ ទី២-ម៉ាកតូយ៉ូតា ព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BT-0530។ ទី៣-ម៉ាក TOYOTA GRANVIA ពណ៌ខ្មៅ ពាក់ស្លាក កម្ពុជា 123.456។  ទី៤-ម៉ាក KIA Morning ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BJ-9624 និងទី៥-ម៉ាក FORD ពណ៌ស ពាក់ស្លាកលេខ AT25.2.0805 កំពុងតែឈប់រង់ចាំស្តុប បន្តកន្ទុយគ្នា។ លុះបន្តិចក្រោយមក ស្រាប់តែមានរថយន្តកូរ៉េ ១គ្រឿង ប្រភេទរថយន្តឃ្លុបដឹកទំនិញ របស់ក្រុមហ៊ុន វីរៈ ប៊ុនថាំ ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 3F-6783 បើកបរដោយបុរសម្នាក់ធ្វើដំណើរស្របទិសគ្នា ពីកើត មកលិច ក្នុងល្បឿនយ៉ាងលឿន បានជ្រុលទៅបុកពីក្រោយរថយន្ត FORD ពេញទំហឹង បណ្តាលឱ្យរុញទៅបុកបន្តកន្ទុយគ្នា កៀបជាប់ រងការខូចខាតរថយន្តសរុបចំនួន ៥គ្រឿង។ ចំណែកអ្នកបើកបររថយន្តបង្កហេតុ រងរបួសឈឺទ្រូង ចូលទៅមន្ទីរពេទ្យជិតកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើការបាញ់ថ្នាំ សម្រួលចរាចរណ៍នៅទីតាំងខាងលើ បន្ទាប់មក ដោយរថយន្តរងគ្រោះ ចំនួន៣គ្រឿង ខាងមុខគេ (ម៉ាកតូយ៉ូតា ព្រូស ២គ្រឿង និងម៉ាក TOYOTA GRANVIA ១គ្រឿង) រងការខូចខាតបន្តិចបន្តួច ខ្ជិលវែងឆ្ងាយ ក៏នាំគ្នាបើកចាកចេញទៅបាត់អស់ពីកន្លែងកើតហេតុ។ ចំណែករថយន្ត ៣គ្រឿង និងរថយន្តបង្កហេតុ រងការខូចខាតធ្ងន់ មិនអាចសម្រួលដោះស្រាយគ្នាបញ្ចប់រឿងកើត ទើបសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅផ្នែកជំនាញចរាចរណ៍ ចុះធ្វើការវាស់វែង រួចអូសយករថយន្តរងគ្រោះ ២គ្រឿង និងរថយន្តបង្កហេតុ ១គ្រឿង ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃអធិការ ខណ្ឌពោធិ៍សែនជ័យ ជាបណ្តោះអាសន្ន រង់ចាំដោះស្រាយនៅពេលក្រោយ៕

RELATED ARTICLES