Friday, June 27, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចោរលួចទូរស័ព្ទ តាកង់បី ទះ.../៣ដៃ

ចោរលួចទូរស័ព្ទ តាកង់បី ទះ…/៣ដៃ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ឃើញបុរសចំណាស់ជាអ្នករត់ម៉ូតូកង់បី ម្នាក់ កំពុងសម្រាន្តលក់ក្នុងម៉ូតូកង់បី ក៏បែកគំនិតចូលទៅលួច ទូរស័ព្ទ ១គ្រឿង បានសម្រេច តែភ្លាមនោះ ត្រូវបានអ្នករត់កង់បីដូចគ្នា ឃើញទាន់ ចាប់ក្របួចជាប់ ក៏ឆ្លើយដោះសាថា ខ្ចីសិន ធ្វើឱ្យបុរសចំណាស់ជាម្ចាស់ទូរស័ព្ទ ទប់កំហឹងមិនជាប់ ទះ២-៣ដៃ ដើម្បីបញ្ចេញកំហឹង រួចរាយការណ៍ប្រាប់សមត្ថកិច្ច ចុះឃាត់ខ្លួនជនសង្ស័យ នាំយកទៅចាត់ការតាមច្បាប់។

ករណីលួចទូរស័ព្ទនេះ បានកើតឡើង កាលពីវេលាម៉ោង ១និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ នៅត្រង់ចំណុចទល់មុខអគារព្រីនផ្លាហ្សា ស្ថិតតាមបណ្តោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះរ៉ា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ។ ចំណែកជនរងគ្រោះជាម្ចាស់ទូរស័ព្ទ មិនត្រូវបានស្គាល់អត្តសញ្ញាណទេ គ្រាន់តែដឹងថា មានមុខរបរជាអ្នករត់ម៉ូតូកង់បី។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសចំណាស់រងគ្រោះ និងជាម្ចាស់ទូរស័ព្ទ បានសម្រាន្តលក់នៅក្នុងម៉ូតូកង់បី របស់ខ្លួន លើចិញ្ចើមផ្លូវ តាមបណ្តោយផ្លូវព្រះនរោត្តម លុះបន្តិចក្រោយមក លេចមុខជនសង្ស័យម្នាក់ បានចូលមកធ្វើសកម្មភាពលួចទូរស័ព្ទរបស់ជនរងគ្រោះ ១គ្រឿង ម៉ាក Oppo ដែលទុកក្នុងកង់បី (សម្រាប់មើល App) លុះពេលលួចទូរស័ព្ទបានហើយ ក៏ដើរចេញបានបន្តិច តែចៃដន្យត្រូវបានអ្នករត់កង់បីដូចគ្នា ឃើញ ដេញចាប់ជនសង្ស័យជាប់  និងយកទូរស័ព្ទរបស់ជនរងគ្រោះ មកវិញផងដែរ។ លុះបុរសចំណាស់ជាម្ចាស់ទូរស័ព្ទ ភ្ញាក់ដឹងខ្លួន ជនសង្ស័យឆ្លើយដោះសាថា គេមិនបានលួចទូរស័ព្ទទេ គ្រាន់តែខ្ចីសិន ជាហេតុធ្វើឱ្យបុរសជាម្ចាស់ទូរស័ព្ទ ទប់កំហឹងមិនជាប់ ក៏ស្ទុះទៅទះជនសង្ស័យ ២-៣ដៃ ដើម្បីរំសាយកំហឹង រួចរាយការណ៍ប្រាប់សមត្ថកិច្ចភ្លាមៗ។

ក្រោយកើតហេតុ កម្លាំងអាវុធហត្ថខណ្ឌចម្ការមន បានចុះទៅដល់ ហើយសាកសួរពីដំណើររឿង រួចហើយក៏បាននាំខ្លួនជនសង្ស័យនិងជនរងគ្រោះ យកទៅមូលដ្ឋានអាវុធហត្ថខណ្ឌចម្ការមន ដើម្បីដាក់ពាក្យបណ្តឹង និងចាត់ការជនសង្ស័យតាមនីតិវិធី៕

RELATED ARTICLES