ភ្នំពេញ ៖ ពុធ ស្រីខួច ហាក់លឹបលៗក្នុងអាជីពសម្ដែងនោះ ពេលនេះបានលេចមុខមកវិញ ជាមួយការចាប់ដៃលោកខេម ក្នុង MV បទ «ហេតុអ្វីអូនចិត្តដាច់ម៉្លេះ?» ។ ស្រីស្រស់ថ្ពាល់ខួចរូបនេះ នៅតែមានរូបសម្រស់ឆើត ឆាយ ហើយការវិលវិញជាថ្មីនេះ បញ្ជាក់ថា នាងមិនទៅណាចោលអាជីពសម្ដែងឡើយ ក្រោយចែកផ្លូវជាមួយនាយចឺម ៩ឆ្នាំ ខណៈដែលលោកមេសា បានផ្លាស់ប្ដូរសង្សារ ជាបន្ដបន្ទាប់ តែស្រីខួច រក្សាភាពស្ងប់ស្ងាត់ បើទោះជាមានព័ត៌មានថានាងមិនមែនទុកបេះដូងឲ្យនៅទំនេក្ដី ។

ប្រភពបានឲ្យដឹងថា ស្រីខួច មិនពេញចិត្តឲ្យគេរំលឹកថា នាងជាសង្សារចាស់នាយចឺម នោះទេ ព្រោះខ្លាចប៉ះពាល់អារម្មណ៍គូស្នេហ៍ថ្មី ប៉ុន្ដែទាំងក្នុងនិងក្រៅសិល្បៈ គេនៅតែហៅនាងថា ជាជាសង្សារនាយចឺម ដែលបញ្ហានេះហើយ នាំឲ្យស្រីខួច ពេលខ្លះដើរឱនមុខតែម្ដង ។

ពុធ ស្រីខួច អតីត Freshie លេខ១ ឆ្នាំ២០១៥ ធ្លាប់សម្ដែងតួឯក ជាច្រើនរឿង ដូចជា «ថ្ងៃមុនស្អប់ ថ្ងៃនេះស្រលាញ់», «ល្បិចលួង ល្បួងស្នេហ៍» …។ តាមព័តមានថា ក្រោយប៉ះរឿងស្នេហាជាមួយនាយចឺម ស្រីខូច ត្រូវបានក្រុមគ្រួសារមិនពេញចិត្តឲ្យនាងលេងសិល្បៈទៀត ប៉ុន្ដែនាងនៅតែស្រលាញ់អាជីពនេះ ទើបទោះជារយាលៗបន្ដិចមែន ប៉ុន្ដែយូរៗគេឃើញនាងនៅតែចេញមុខតាម MV និងភាពយន្ដ ដដែល។ ប៉ុន្តែស្រីខួច ពិបាកប្រជែងតំណែងតារាសម្ដែងលំដាប់ជូរមុខគេ ព្រោះតែនាងមិនប្រឡូកពេញទំហឹង ហេតុនេះហើយបានជាមានអ្នកខ្លះថា នាងឈប់លេងសិល្បៈទៀតផង ព្រោះតែបាត់មុខនាងយូរពេក ។

ក្រៅពីពុធ ស្រីខួច តារាដែលមិនសូវសកម្មក្នុងការថតសម្ដែង ប៉ុន្ដែមិនបោះបង់អាជីពចាស់ មានដូចជា មាន សូនីតា, សឹម ស្រីនិច្ច និងស៊ីន យូប៊ីន ជាដើម តែពួកគេទោះជាបាត់មុខច្រើនខែយ៉ាងណា ក៏ផលិតករនៅតែផ្ដល់តំណែងតួឯកដដែល ពោលគឺមិនហ៊ានទម្លាក់ឲ្យលេងជាតួរងឡើយ ។ ចំពោះស្រីខួច តាមព័ត៌មានថា គូស្នេហ៍ថ្មីរបស់នាង ជាបុរសក្រៅរង្វង់សិល្បៈ ហេតុនេះហើយ ប្រុសលាក់មុខនោះ មិនចង់ឲ្យនាងលេងឱបថើបជាមួយតារាប្រុសទេ បើទោះជាថ្មីៗនេះ គេឃើញនាងលេងជាគូស្នេហ៍របស់លោកខេម ក្នុង MV ថ្មី យ៉ាងស្អិតល្មូតក៏ដោយ តែគ្មានឈុតរោលរាលខ្លាំងទេ ។

តាមប្រភពថា ស្រីស្អាតៗក្នុងពិភពសិល្បៈ ជាមុខសញ្ញានៃការតាមប្រមាញ់ស្នេហាពីសំណាក់ប្រុសមានទ្រព្យ ហេតុនេះ បើពុធ ស្រីខួច លែងចេញថតសកម្មភាពសិល្បៈ បទថ្មីៗតទៅទៀតនោះ មានន័យថា ម្ចាស់ស្នេហាថ្មី មិនអនុញ្ញាតឲ្យនាងបន្ដអាជីពចាស់ទៀតទេ ។ ប៉ុន្ដែដើម្បីលាងជម្រះរឿងគេសង្ស័យថា ខ្លួនជាប់អន្ទាក់ស្នេហា ប្រុសអ្នកមាន ទើបលែងរវីរវល់ថតសម្ដែង រកលុយល្អិតពីសិល្បៈទៀតនោះ ទើបពេលនេះ ស្រីខួច លេចមុខធ្វើ ជាសង្សារលោកខេម ក្នុង MV ថ្មីដែលត្រៀមចេញ Full MV ឆាប់ៗនេះ ។ គេជឿថា តាមរយៈការបង្ហាញសញ្ញានៅអាល័យអាជីពចាស់នេះ ស្រីខួច នឹងត្រូវផលិតករផ្សេងៗទៀត ហៅនាងថតវិញ ទាំង MV និងភាពយន្ដ ជាមិនខាន ៕



