ភ្នំពេញៈ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ) បានចេញញត្តិថ្កោលទោសចំពោះជនអគតិជនជាតិថៃ ដែលបានតាត់តវីដេអូក្លែងបន្លំសំឡេងនៃការសំណេះសំណាលរបស់សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រ ជាមួយមន្ត្រីរាជការខេត្តព្រះវិហារ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត AI។

ញត្តិថ្កោលទោសរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ) ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ មានខ្លឹមសារទាំងស្រុងថា «ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ) សូមថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះជនអគតិដែលបានយករូបវីដេអូនៃការសំណេះសំណាលរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជាមួយមន្ត្រីរាជការខេត្តព្រះវិហារ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ទៅកាត់តជាមួយសំឡេងក្លែងបន្លំ ដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត AI។
ការបង្កើតវីដេអូក្លែងបន្លំបែបនេះ ជាការបង្កើតព័ត៌មានមិនពិត និងជាអំពើទុច្ចរិតដែលមិនគួរអនុញ្ញាតឱ្យកើត មានលើបណ្តាញសង្គមឌីជីលគ្រប់ប្រភេទ ហើយជនបង្ក ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ជាធរមាន។កន្លងមក ក.ប.ទ ធ្លាប់បានជូនដំណឹងឱ្យសាធារណជនទាំងអស់ ប្រុងប្រយ័ត្នអំពីករណីឆបោកដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត ក្លែងបន្លំជាសំឡេងសមាជិកក្រុមគ្រួសារ ឬមិត្តភក្តិ។ ដូចគ្នានេះ ក.ប.ទ សូមអំពាវនាវដល់សាធារណជនទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះវីដេអូ សំឡេង និងរូបភាពទាំងឡាយដែលមានសភាពខុសប្រក្រតី ហើយត្រូវផ្ទៀងផ្ទាត់ដំណឹងដែលទទួលបាន ជាមួយនឹងប្រភពផ្លូវការរបស់ក្រសួង ស្ថាប័នរដ្ឋ និងស្ថាប័នសារព័ត៌មានផ្លូវការ។
ទន្ទឹមនេះ ក.ប.ទ សូមអំពាវនាវដល់គ្រប់ថ្នាលទំនាក់ទំនងឌីជីថល និងអ្នកបង្កើតមាតិកាឌីជីថល ចូលរួមលុបបំបាត់វីដេអូក្លែងបន្លំនេះ និងគ្រប់ព័ត៌មានក្លែងក្លាយ និងចាត់វិធានការម៉ឺងម៉ាត់ចំពោះជនដែលបានប្រព្រឹត្ត»។
បន្ថែមពីលោកញត្តិថ្កោលទោស ខាងលើនេះ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនា គមន៍ បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ថា«ខ្ញុំសូមថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះជនអគតិដែលបានយករូបវីដេអូនៃការសំណេះសំណាលរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា ជាមួយមន្ត្រីរាជការខេត្តព្រះវិហារ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ទៅកាត់តជាមួយសំឡេងក្លែងបន្លំ ដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត»។
គួរបញ្ជាក់ថា កាលពីព្រលប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ទំព័រហ្វេសប៊ុក ផ្លូវការ របស់សម្តេចហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះឃ្លីបវីដេអូមួយ ដោយអះអាងថា ត្រូវបានជនជាតិថៃ កាត់តក្លែងបន្លំសំឡេងដោយប្រើ AI ភ្ជាប់ជាមួយរូបសម្តេចហ៊ុន សែន ភ្ជាប់ជាមួយសំណេរថា “សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ជ្រាបថា មានជនខិលខូចជាជនជាតិថៃ បានបង្កើតវីដេអូក្លែងបន្លំ រយៈពេល២៩វិនាទី ដោយយករូបវីដេអូសម្តេចតេជោ (សំណេះសំណាលជាមួយមន្ត្រីរាជការខេត្តព្រះវិហារ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥) កាត់តជាមួយសំឡេងនិយាយជាភាសាថៃ បន្លំជាសំឡេងសម្តេចតេជោ ដោយប្រើបច្ចេកវិទ្យា AI។
ខាងក្រោម ជាអត្ថន័យបកប្រែជាភាសាខ្មែរ នៃសំឡេង AI ភាសាថៃ ៖
“- (AI ធ្វើជាសំឡេងសម្តេចតេជោ) ៖ សួស្តី ខ្ញុំហ៊ុន សែន ឥឡូវនេះខ្ញុំកំពុងប្រមូលមូលនិធិ ដើម្បីកសាងកងទ័ព ច្បាំងជាមួយថៃ សូមបញ្ចូលទឹកប្រាក់ True Money ឱ្យខ្ញុំ ៣០០បាត ហើយខ្ញុំនឹងផ្តល់អត្ថប្រយោជន៍ត្រឡប់ទៅអ្នកវិញ ជាទឹកប្រាក់ ៥ម៉ឺនបាតភ្លាមៗ ពេលឈ្នះសង្គ្រាម។
– (AI មនុស្សស្រី) ៖ ប្រសិនបើក្មួយវេរ True Money ទៅឱ្យលោកពូ ក្មួយនឹងទទួលបាន ៥ម៉ឺនមកវិញ ត្រូវអត់?”។
សូមបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះជនខិលខូចទាំងនេះ និងត្រូវចូលរួមលុបបំបាត់ព័ត៌មានក្លែងក្លាយ ឱ្យបានគ្រប់ៗគ្នា»៕