Tuesday, July 1, 2025
Homeតារាខ្មែរមាន សូនីតា ញ័រជើង ច្រៀងលើកដំបូង

មាន សូនីតា ញ័រជើង ច្រៀងលើកដំបូង

ភ្នំពេញ ៖ មាន សូនីតា បានធ្វើឲ្យគេនឹកស្មានមិនដល់ នោះគឺការចេញច្រៀងលើឆាកConcert ធំ ជាលើកដំបូងក្នុងឆាកជីវិត កាលពីពេលថ្មីៗនេះ នៅផ្សារ K-Mall  ដែលពីមុន គេគ្រប់គ្នា គិតថានាងមិនអាចធ្វើបាន  ។ សូនីតា បង្ហាញនូវមោទនភាពខ្លាំងចំពោះការច្រៀងរាំនេះ  ព្រោះនរណាក៏ដឹងដែរថា នាងគឺជាតារាសម្ដែងម្នាក់ ដែលធ្លាប់តែសម្ដែង MV បទរបស់គេប៉ុណ្ណោះ តែពេលនេះនាងក្លាយទៅជាតារាកិត្តិយសម្នាក់ ដែលអាចច្រៀងបាន  ហើយរៀបខ្លួនដូចជាតារាចម្រៀងអាជីពម្នាក់ បើទោះញ័រជើងក្នុងការឡើងច្រៀងលើឆាកធំលើកដំបូង ហើយអ្នកទៅទស្សនាខ្លះសង្ស័យនាងមិនមែនច្រៀងផ្ទាល់ (ចាក់ឌីស ធ្វើកាយវិការ) ក៏ដោយ។

មាន សូនីតា វាចាថា «នៅញ័រជើងនៅឡើយ យប់មិញ លើកទី១ ក្នុងឆាកជីវិត ឡើងឆាកច្រៀងលើកដំបូង វារំភើបផង សប្បាយផង ភ័យផង អរផង មិនដឹងប្រាប់យ៉ាងម៉េចឲ្យត្រូវទេ ប៉ុន្ដែទីបំផុតវាក្លាយទៅជាបទពិ សោធន៍ដ៏អស្ចារ្យសម្រាប់ខ្ញុំ។ អរគុណយ៉ាងខ្លាំងចំពោះការគាំទ្រ ជាពិសេសមិត្តភក្ដិ ក្រុមការងារ លើកទឹកចិត្តខ្ញុំសាហាវណាស់ គឺបានលើកទឹកចិត្តខ្ញុំគ្រប់ជំហាន តែនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ ខ្ញុំទន្ទឹងរង់ចាំសម្ដែងម្ដងទៀតបាត់ហើយ ។ អរគុណអ្នកទាំងអស់គ្នា ដែលបានចូលរួមក្នុងរាត្រីដ៏ពិសេសយប់មិញ» ។

 មាន សូនីតា បានអះអាងដែរថា ការចាប់អាជីពចម្រៀង ក៏ជាក្ដីស្រមៃរបស់នាងដែរ ហើយនាងឈានទៅសម្រេចក្ដីសុបិនរបស់ខ្លួន ទោះជានាងបានដឹងថា មានអ្នកសើចចំអកលើនាងរាប់មិនអស់ក៏ដោយ។

 មាន សូនីតា បន្ថែមថា «រវាងការអង្គុយសោកសៅ តូចចិត្តតូចថ្លើម និងការក្រោកឈរឡើង សម្រេចក្ដីស្រមៃ ខ្ញុំជ្រើសយកការក្រោកឈានទៅសម្រេចក្ដីស្រមៃហើយ ទោះឆ្លងកាត់ការសើចចំអករាប់មិនអស់ ក៏ខ្ញុំនៅតែជម្នះធ្វើវាបាន ទោះអ្នកយល់ថាយ៉ាងណាក៏ដោយ តែនេះជាជំហានឆ្ពោះទៅមុខ និងការអភិវឌ្ឍខ្លួន អភិវឌ្ឍន៍សមត្ថ ភាពឥតឈប់ឈររបស់ខ្ញុំ ខ្ញុំអត់ត្រូវការយកសមត្ថភាពអ្នកណាម្នាក់ មកវាស់កម្រិតសមត្ថភាពរបស់ខ្ញុំទេ ខ្ញុំវាស់ជាមួយខ្ញុំខ្លួនឯង ខ្ញុំច្បាស់ថា ខ្ញុំនឹងមិននៅមួយកន្លែង ដូចអ្នកចាំមើលខ្ញុំទេ»។

 គួរបញ្ជាក់ថា មុនឡើងឆាកធំ រហូតញ័ជើង មាន សូនីតា ក៏ធ្លាប់ធ្វើតេស្ដសមត្ថភាពសំឡេងរបស់ខ្លួន នៅថ្ងៃខួបកំណើត គម្រប់អាយុ៣៤ឆ្នាំ កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៤ តាមរយៈការច្រៀងCover បទមាស សុខសោភា «ព្យាយាមគ្មានន័យ» ដោយថែមទាំងថត MV ទៀតផង។ ប៉ុន្ដែតាំងពីមុននិងក្រោយច្រៀង សូនីតា ទទួលបានការរិះគន់ច្រើនជាងគាំទ្រ ដោយអ្នកខ្លះថា សំឡេងនាងតូចពេក ដូចកូនក្មេង ច្រៀងទៅដូចកុមារីអានអក្សរ ជាដើម ។ ដោយខឹងនឹងពាក្យគេបង្អាប់ ឬប៊ូលី (Bully) ទាំងនោះ ទើបសូនីតា បានឆ្លើយតបទៅពួកគេវិញតាមរយៈការច្រៀងឆាកធំ ដល់ទៅ២បទ គឺបទ «ភ្លើង» និងបទ «មិនខ្ចីទ្រ» ដែលមានទាំងក្រុមរាំអមទៀតផង ហើយមើលទៅកាយវិការទាក់ទាញជាងសំឡេង ។

មានការកត់សម្គាល់ថា មាន សូនីតា ក្រៅពីត្រូវគេបង្អាប់ថា ច្រៀងមិនកើតនោះ អាជីពពិធីការិនីរបស់នាង ក៏មិនជោគជ័យដែរ បន្ទាប់ពីអ្នកដឹកនាំសិល្បៈមួយចំនួនថា នាងសំឡេងតូចពេក ប្រើការអត់កើត អត់ត្រូវប៉ាន់ ។ ប៉ុន្ដែអតីត Freshie លេខ៣ ឆ្នាំ២០០៩ រូបនេះ បែរជាត្រូវក្ដាប់តំណែងជាតួឯក ជាបន្ដបន្ទាប់ រហូតពេលនេះថា ១ឆ្នាំ ថតតែមួយរឿង ហើយគេឃើញនាងដើរកម្សាន្ដ ចាយលុយនៅក្រៅស្រុក ជាបន្ដបន្ទាប់។ សូនីតា អាយុ៣៥ឆ្នាំ ដែលធ្លាប់លេចឭថា មានស្រីតាមស្នេហាច្រើនជាងប្រុសនោះ នាងរស់នៅក្នុងជីវភាពហ៊ឺហា មានផ្ទះវីឡា បើកមុខរបរ៣ ព្រមគ្នា គឺហាងក្រមាខ្មែរ, ហាងកាត់ដេរ និងហាងកាហ្វេ ជាដើម ។ សូនីតា ក៏មិនដែលបង្ហាញគូស្នេហ៍ដោយបើកចំហដែរ ទោះជាមានដំណឹងថា មានគយ វ័យចំណាស់ តាមស្នេហ៍នាងជាច្រើនឆ្នាំក្ដី ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើល សូនីតា ដែលធ្លាប់ប្រាប់ថាពេលនេះនាងមានសង្សារហើយ តែស្ថិតក្នុងដំណាក់កាលមើលចិត្តថ្លើមគ្នា មិនទាន់ឈានទៅគិតគួររឿងរៀបការនោះ ថ្មីៗនេះ នាងបានប្រកាសជាសាធារណៈថា អ្វីដែលពិបាកបំផុតនៅលើលោក គឺរឿងយកប្ដី ៕

RELATED ARTICLES