ខេត្តស្វាយរៀង ៖ ក្មេងទំនើង ចំនួន៤នាក់ ដែលជាមុខសញ្ញាបង្ហោះម៉ូតូ និងជិះម៉ូតូបំពាក់បំពង់ស៊ីម៉ាំងច្នៃ បង្កការរំខានដល់ប្រជាពលរដ្ឋក្នុងភូមិ ជាញឹកញាប់ ត្រូវបានកម្លាំងសមត្ថកិច្ចចុះល្បាតប្រទះឃើញ ក៏ចាប់ឃាត់ខ្លួនបានចំនួន៤នាក់ នាំយកមកសាកសួរ។

ការបង្ក្រាបករណីក្មេងទំនើងនេះ បានធ្វើឡើង កាលពីព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចភូមិស្វាយចេក ឃុំស្វាយធំ ស្រុកស្វាយជ្រំ។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងល្បាតចល័ត នៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដឹកនាំដោយលោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុក បានចុះ ចល័តល្បាតក្នុងភូមិសាស្ត្រ រហូតដល់ឃុំស្វាយធំ បានឃើញក្មេងទំនើងម្នាក់ ជិះម៉ូតូបំពងសំឡេងស៊ីម៉ាំងច្នៃ លាន់់ទ្រហឹងពេញភូមិ នៅចំណុចភូមិស្វាយចេក ឃុំស្វាយធំ ភ្លាមនោះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយធំ បានធ្វើការបង្ក្រាប និងឃាត់ខ្លួនក្មេងទំនើង សរុបចំនួន៤នាក់ ដែលជាមុខសញ្ញាបានធ្លាប់ធ្វើសកម្មភាពបង្កការអុកឡុក បង្ហោះម៉ូតូនៅក្នុងមូលដ្ឋានឃុំស្វាយធំ យកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ។

ក្រោយបានពីបានស្តាប់ចម្លើយសារភាពរបស់ក្មេងទំនើងទាំង៤នាក់រួចហើយ លោកអធិការនគរបាលស្រុកស្វាយជ្រំ បានរាយការណ៍ជូនលោកឧត្តមសេនីយ៍ទោស្នងការ និងបានសុំយោបល់ពីលោកខាំ សុផារី ព្រះ រាជអាជ្ញា អមសាលាដំបូងខេត្តស្វាយរៀង ដោយបានអនុញ្ញាតឱ្យសមត្ថកិច្ចធ្វើការអប់រំ និងឱ្យឪពុកម្តាយ ធ្វើលិខិតធានា យកកូនទៅផ្ទះវិញ ដើម្បីអប់រំបន្ត។

ក្រុមក្មេងទំនើងទាំង៤នាក់ ត្រូវបានសមត្ថកិច្ចធ្វើកិច្ចសន្យាអប់រំ និងអញ្ជើញអាណាព្យាបាលមកធានាយកទៅអប់រំបន្ត។ ចំណែកម៉ូតូ ទាំង២គ្រឿង ត្រូវបានដកហូតរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ រយៈពេល៣ខែ៕