ខេត្តក្រចេះ ៖ ទីតាំងសិប្បកម្មកែច្នៃឈើអនាធិបតេយ្យ ១កន្លែង ស្ថិតនៅក្នុងតំបន់ព្រៃការពារដោយបរិស្ថានសសរស្តម្ភតោ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្រែជិះ បានចុះរុះរើ។

ការចុះរុះរើទីតាំងសិប្បកម្មកែច្នៃឈើអនាធិបតេយ្យនេះ បានធ្វើឡើងកាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងតំបន់ព្រៃការពារដោយបរិស្ថានសសរស្តម្ភតោ ស្ថិតក្នុងភូមិស្រែជិះ ឃុំស្រែជិះ ស្រុកអូរគ្រៀងសែនជ័យ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅឃុំស្រែជិះ ស្រុកអូរគ្រៀងសែនជ័យ បានឱ្យដឹងថា រោងសិប្បកម្មនោះ មានម្ចាស់ជាទាហានម្នាក់ នៅខេត្តស្ទឹងត្រែង។ រោងសិប្បកម្មនេះ បានដំណើរការអារច្រៀកឈើធ្វើជាគ្រឿង សង្ហារិម ជាង១ឆ្នាំមកហើយ ដោយបានប្រមូលទិញឈើ ពីអ្នកអារនៅក្នុងដែនបរិស្ថានសសរស្តម្ភ និងព្រៃសហគមន៍ ហើយកែច្នៃនិងបង្គុំជាគ្រឿងសង្ហារិម ក្នុងទឹកដីដែនការពារបរិស្ថានសសរស្កម្ភតោ ទល់មុខស្នាក់ការបរិស្ថាន ដែលប្រជាពលរដ្ឋលើកគ្នាដុតចោលនោះផ្ទាល់តែម្តង។

ជាក់ស្តែង នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តក្រចេះ ដឹកនាំដោយលោកវរសេនីយ៍ សុង ប៊ុនឆាយ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្រែជិះ ចុះបង្ក្រាបរុះរើនិងរឹបអូសវត្ថុតាងមួយចំនួន រួមមាន ម៉ាស៊ីនម៉ាស៊ូត ២គ្រឿង រ៉ៃអារឈើ ចំនួន១គ្រឿង ឈើលេខ១ (ប្រភេទឈើខ្វាវ) ឈើលេខ១ (ប្រភេទឈើសុក្រំ) ឈើលេខ២ (ប្រភេទឈើខ្លុង) និងឈើប្រភេទឈើក្រៅលំដាប់ថ្នាក់ ជាច្រើនទៀត ពុំទាន់វាស់វែង។

ក្រោយការចុះបង្ក្រាប រឹបអូសវត្ថុតាងខាងលើ កម្លាំងនគរបាលបានដឹកជញ្ជូនយកទៅរក្សាទុកជាបណ្តោះអាសន្ន នៅក្នុងបរិវេណប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្រែជិះ រង់ចាំប្រគល់ជូនមន្ត្រីបរិស្ថាន បន្តនីតិវិធី៕


