Wednesday, July 9, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្មេងជិះកន្ត្រកវិល ខ្សែភ្លើងឆក់ស្លាប់១

ក្មេងជិះកន្ត្រកវិល ខ្សែភ្លើងឆក់ស្លាប់១

ភ្នំពេញ ៖ ក្មេងប្រុស ១ក្រុម មានគ្នា ៣នាក់ បាននាំគ្នាទៅជិះទោងកន្ត្រកវិល ស្រាប់តែមានក្មេងប្រុសម្នាក់ ត្រូវចរន្តអគ្គិសនីឆក់ បណ្តាលឱ្យស្លាប់នៅនឹងកន្លែង។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចដីវាលដាក់ទោងកន្ត្រក និងកន្លែងក្មេងលេងកម្សាន្ត មួយកន្លែង ស្ថិតក្នុងភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

ក្មេងប្រុសរងគ្រោះ ដែលត្រូវខ្សែភ្លើងឆក់ស្លាប់ មានឈ្មោះអ៊ាត សាម៉េង អាយុ១៤ឆ្នាំ មុខរបរជាសិស្សរៀនថ្នាក់ទី៧ មានលំនៅ ភូមិត្រពាំងអញ្ចាញ៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ នៅទីតាំងខាងលើ មានការដាក់ល្បែងក្មេងលេងកម្សាន្ត ដូចជា ទោងកន្ត្រកវិល គប់ប៉េងប៉ោង និងឧបករណ៍សម្រាប់ក្មេងៗជិះលេងកម្សាន្ត ជាច្រើន មុខត។ លុះមកដល់វេលាម៉ោងកើតហេតុ ក្មេងប្រុសរងគ្រោះ និងមិត្តភក្តិ ប្រមាណ៥ទៅ៦នាក់ បាននាំគ្នាមកលេងកម្សាន្ត រួចហើយក្មេងប្រុសរងគ្រោះ បានបបួលគ្នាជិះទោងកន្ត្រកវិល មានគ្នា ៣នាក់ ក្នុងនោះ មិត្តភក្តិ ២ នាក់ បានឡើងជិះមុន ចំណែកក្មេងប្រុសរងគ្រោះ រៀបចំឡើងទៅហើយ តែមិនទាន់បានឡើងជិះផង ស្រាប់ តែ ដួលដេកលើដី បាត់មាត់ឈឹងភ្លាមៗតែម្តង។ ចំណែកមិត្តភក្តិ ២នាក់ទៀត បានប្រាប់ថា ដូចជាត្រូវខ្សែភ្លើង ឆក់ទ្រើតៗ ស្រាប់តែនាំគ្នាឆោឡោឱ្យបិទម៉ាស៊ីនភ្លើង កុំឱ្យឆក់បន្តទៀត។

ប្រភពដដែល បន្តថា ខណៈពេលជនរងគ្រោះដេកដួលមកលើដី ត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាជួយសង្គ្រោះបឋមភ្លាមៗដែរ តែមើលទៅជនរងគ្រោះមិនមានដង្ហើម ក៏ប្រញាប់នាំគ្នាដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរ ពេទ្យជាតិ តេជោសន្តិភាព តែអកុសល ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ក្មេងប្រុសរងគ្រោះ បានស្លាប់បាត់ទៅហើយ។

បន្ទាប់ពីទទួលបានដំណឹងថា ជនរងគ្រោះបានស្លាប់នៅមន្ទីរពេទ្យ កម្លាំងនគរបាលប៉ុស្តិ៍ បានចុះមកកន្លែងកើត ហេតុ សាកសួរ ហើយបាននាំម្ចាស់ទីតាំងល្បែងកម្សាន្តខាងលើ ព្រមទាំងមិត្តភក្តិជនរងគ្រោះ ទៅសាកសួរនៅប៉ុស្តិ៍នគរបាលសង្កាត់ត្រពាំងក្រសាំង ភ្លាមៗ ។

សពក្មេងប្រុសរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES