Wednesday, July 9, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបើកកង់បីបញ្ច្រាសផ្លូវ ឡានបុកស្លាប់

បើកកង់បីបញ្ច្រាសផ្លូវ ឡានបុកស្លាប់

ភ្នំពេញ ៖ បុរសម្នាក់ បើកម៉ូតូកង់បី បញ្ច្រាសទិសដៅចរាចរណ៍ ស្រាប់តែត្រូវរថយន្ត ១គ្រឿង បើកបរដោយជនជាតិចិន ក្នុងល្បឿនលឿន ជ្រុលបុកចំពីមុខ ពេញទំហឹង បណ្តាលឱ្យបុរសជាអ្នកបើកម៉ូតូកង់បី កៀបស្លាប់ក្នុងកង់បី។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង ៣និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

ភាគីរថយន្ត ម៉ាក TOYOTA ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2CA-1868 បើកបរដោយឈ្មោះ Luo Dongliang ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន បច្ចុប្បន្នស្នាក់នៅខុនដូស្តារស៊ីធី ខណ្ឌសែនសុខ។ ចំណែកភាគីម៉ូតូកង់បី ពាក់ស្លាកលេខ ព្រៃវែង 1Q-5403 បើកបរដោយឈ្មោះខាន សុឃីន ភេទប្រុស អាយុ៤៥ឆ្នាំ មានស្រុកកំណើតនៅភូមិត្រឡាចស ឃុំត្របែក ស្រុកកំចាយមារ ខេត្តព្រៃវែង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តទំនើប ម៉ាក TOYOTA ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2CA-1868 បើកបរទិសដៅពីកើតទៅលិច ចំណែកម៉ូតូកង់បី បើកបរពីលិច ទៅកើត (បញ្ច្រាសទិសដៅចរាចរណ៍) លុះពេលមកដល់កន្លែងកើតហេតុ ត្រូវរថយន្តខាងលើ ជ្រុលមកបុកចំពីមុខពេញទំហឹង បណ្តាលឱ្យម៉ូតូកង់បីរួញស្រុញ កៀបជាប់អ្នកបើកបរ ស្លាប់ក្នុងកង់បីយ៉ាងរន្ធត់។

ក្រោយកើតហេតុ ប្រជាពលរដ្ឋបានទាក់ទងសុំអន្តរាគមន៍ពីក្រុមសង្គ្រោះ៧១១ ដើម្បីមកកាត់ម៉ូតូកង់បី គាស់យកសពជនរងគ្រោះ ដើម្បីប្រគល់ឱ្យក្រុមគ្រួសារដឹកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី។

ដោយឡែក ម៉ូតូកង់បី និងរថយន្ត ត្រូវបានសមត្ថកិច្ចជំនាញ ចុះធ្វើការវាស់វែង រួចអូសយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

RELATED ARTICLES