ខេត្តបាត់ដំបង ៖ បន្ទប់ស្នាក់នៅរបស់កម្មករក្នុងរោងចក្រកែច្នៃផ្លែឈើមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឱ្យរងការខាតបង់ជាទឹកប្រាក់ប្រមាណ ៥ម៉ឺនដុល្លារ។

ករណីអគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចបន្ទប់ស្នាក់នៅរបស់កម្មករ ក្នុងរោងចក្រកែច្នៃផ្លែឈើ របស់ក្រុមហ៊ុន បៃសិងសេង ខេមបូឌា អិនដាសស្ទ្រី ខូអិលធីឌី មានទីតាំងស្ថិតក្នុងភូមិតាគ្រក់ ឃុំត្រែង ស្រុករតនៈមណ្ឌល។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា អគារស្នាក់នៅរបស់កម្មករក្នុងរោងចក្រ ដែលរងការឆាបឆេះខាងលើ មានទំហំ ១០ម៉ែត្រ គុណនឹង២៤ម៉ែត្រ មានចំនួន១៦បន្ទប់។ តុល្យការនៃការខូចខាត មាន សម្ភារៈប្រើប្រាស់ សម្លៀកបំពាក់ ម៉ូតូ ១គ្រឿង និងទ្រព្យសម្បត្តិ របស់កម្មករជាច្រើនទៀត ដែលគិតជាទឹកប្រាក់ ប្រមាណ៥ម៉ឺនដុល្លារ។ ចំពោះមូលហេតុ សង្ស័យបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង)។

តាមប្រភពពីសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា អគ្គិភ័យបានកើតឡើងនៅពេលកម្មករកំពុងរៀបចំចេញធ្វើការងារ។ ពេលនោះ ស្រាប់តែអគ្គិភ័យចាប់ផ្តើមឆេះពីចុងម្ខាងនៃជួរបន្ទប់ស្នាក់នៅ បង្កការភ្ញាក់ផ្អើលទាំងព្រឹកតែម្តង។

ជុំវិញហេតុការណ៍អគ្គិភ័យនេះ មន្ត្រីពន្លត់អគ្គិភ័យ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចេញអន្តរាគមន៍ភ្លាមៗដែល ដោយសហការជាមួយសមត្ថកិច្ចមូលដ្ឋាន និងក្រុមកម្មករ បានព្យាយាមពន្លត់ភ្លើងដែរ ប៉ុន្តែយ៉ាងណាអគ្គិភ័យបានឆាបឆេះបំផ្លាញបន្ទប់ស្នាក់នៅនិងទ្រព្យសម្បត្តិនានា អស់ប្រហែល៧០ភាគរយទៅហើយ តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ៕
