Saturday, July 12, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទាហានថៃ បន្តប៉ុនប៉ងបង្កហេតុ

ទាហានថៃ បន្តប៉ុនប៉ងបង្កហេតុ

ខេត្តព្រះវិហារ ៖ នៅវេលាម៉ោងជាង៩ព្រឹក ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងទាហានកម្ពុជា និងកម្លាំងទាហានឈុតខ្មៅថៃ ហាក់តឹងសរសៃកដាក់គ្នា នៅច្រកទ្វារអន្តរជាតិ អានសេះ ខេត្តព្រះវិហារ ក្រោយពីទាហានឈុតខ្មៅថៃ បានឈ្លានពានចូលទឹកដីកម្ពុជា ចង់យកព្រះពុទ្ធបដិមា ២អង្គ មកដាក់នៅព្រំដែន ហើយត្រូវបានកម្លាំងទាហានកម្ពុជា ហាមឃាត់ ដែលនេះជាសកម្មភាពគឃ្លើនរបស់ទាហានថៃ ដែលតែងព្យាយាមបង្កហេតុ នៅតំបន់ព្រំដែនជួរមុខ ក្នុងគោលបំណងពន្យុះឲ្យកងទ័ពកម្ពុជា អត់ធ្មត់លែងបាន ហើយឈានដល់ការផ្ទុះអាវុធ។ ប៉ុន្តែទោះបីជាយ៉ាងណា ទាហានកម្ពុជា តែងមានការអត់ធ្មត់ខ្ពស់ ស្តាប់បទបញ្ជាថ្នាក់ដឹកនាំ ព្យាយាមសម្រប សម្រួល ដេញទាហានថៃ ឈ្លានពាន ឲ្យចេញពីទឹកដីកម្ពុជា ការពារបូរណភាពទឹកដី មិនឲ្យបរទេសរំលោភបំពានបាន។

ជុំវិញករណីខាងលើនេះ លោកហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា សកម្មភាពនិងទង្វើដ៏គឃ្លើនជាបន្តបន្ទាប់របស់ទាហានថៃ នាពេលថ្មីៗនេះ បានរំលឹកបន្ថែមដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលជាផ្នែកមួយនៃខឿនការពារជាតិប្រជាជន ថាគ្រប់កាលៈទេសៈទាំងអស់ ហានិភ័យតែងមានជាប្រចាំ។ ជាពិសេស ស្ថានភាពថ្មីៗចុងក្រោយ នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ នេះ បានបញ្ជាក់ថា យើងត្រូវតែរួបរួមសាមគ្គីគ្នា ដើម្បីការពារកិត្តិយសជាតិ ការពារបូរណ ភាពទឹកដីរបស់យើង ហើយគាំទ្ររាល់ចំណាត់ការរបស់រាជរដ្ឋាភិបាល ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី និងតាមរយៈតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីធានានិរន្តរភាពបានយូរអង្វែង ក្នុងការដោះស្រាយបញ្ហាបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

លោកហ៊ុន ម៉ានី បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ថា «ប្រជាពលរដ្ឋខ្មែរ ពិតជាបានឃើញទង្វើនិងសកម្មភាពនានា ដែលទាហានឈុតខ្មៅរបស់ថៃ បានប៉ុនប៉ងបង្កហេតុ ដោយយករូបបដិមាព្រះ មកតម្កល់នៅតំបន់បន្ទាត់ព្រំដែន ដែលកំពុងតែមានជម្លោះ។ សកម្មភាពនេះ និងទង្វើដ៏គឃ្លើនផ្សេងៗទៀត នាពេលថ្មីៗនេះ បានរំលឹកបន្ថែមដល់ប្រជាពលរដ្ឋខ្មែរ គ្រប់រូប ដែលជាផ្នែកមួយនៃខឿនការពារជាតិប្រជាជន ថាគ្រប់កាលៈទេសៈទាំងអស់ ហានិភ័យតែងមានជាប្រចាំ។ ប្រទេសជិតខាងនេះ តែងប្រឹងបង្ហាញពីភាពត្រឹមត្រូវរបស់ខ្លួន ប៉ុន្តែសកម្មភាពជាក់ស្តែង ប្រាសចាកទាំងស្រុងពីការអះអាងរបស់ពួកគេ។ កាយវិការនិងទង្វើទាំងនេះ មិនបានបង្ហាញពីចេតនាណាមួយក្នុងការបន្ធូរបន្ថយស្ថានការណ៍នោះទេ ផ្ទុយទៅវិញ បែរជាទង្វើបង្កើននូវកម្តៅ ដែលពួកគេចង់ឆ្លៀតឱកាស»។

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បន្តថា «ទង្វើនិងសកម្មភាពរបស់គេ ជាការរំលឹកនូវជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាទាំងអស់ ដោយសន្តិវិធី ដូចដែលសម្តេចតេជោ និងសម្តេចធិបតី តែងតែបានលើកឡើងជាប្រចាំ និងជាបន្តបន្ទាប់។ ក្នុងនោះ ការបោះបង្គោលព្រំដែន ជាមួយភាគីថៃ ត្រូវប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ ឈរលើមូលដ្ឋាននៃអនុស្សរណៈឆ្នាំ២០០០ និងដោយឡែក លើកលែងតែតំបន់ប្រាសាទតាមាន់ធំ តាមាន់តូច ប្រាសាទតាក្របី  និងតំបន់មុំបី ដែលត្រូវការចូលរួមដោះស្រាយដោយសន្តិវិធី តាមរយៈភាគីទី៣ ពោលគឺតុលាការយុត្តិធម៌អន្តរជាតិ ឡាអេ (ICJ)»។

លោកហ៊ុន ម៉ានី បានបន្តទៀតថា «ហេតុនេះ ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ គ្រប់ៗរូប និងក្នុងនាមជាខឿនការពារជាតិប្រជាជន ពេលនេះ ម៉ោងនេះ យើងត្រូវចងចាំថា ហានិភ័យ ការគំរាមកំហែង ការប្រមាថ ការប៉ុនប៉ងធ្វើសកម្មភាពឈ្លានពាន​ ការរំលោភបំពានមកលើបូរណភាពទឹកដី​របស់កម្ពុជា ​ពីសំណាក់ប្រទេសជិតខាង តែងតែកើតមានជាប្រចាំ។ ពិសេស ស្ថានភាពថ្មីៗចុងក្រោយ នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ នេះ បានបញ្ជាក់ទៀតថា យើងត្រូវតែរួបរួមសាមគ្គីគ្នា ដើម្បីការពារកិត្តិយសជាតិ ការពារជាតិ ការពារបូរណភាពទឹកដីរបស់យើង ហើយគាំទ្ររាល់ចំណាត់ការរបស់រាជរដ្ឋាភិបាល ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី និងតាមរយៈតុលាការយុត្តិធម៌អន្តរជាតិ ឡាអេ ដើម្បីធានានិរន្តរភាពបានយូរអង្វែង ក្នុងការដោះស្រាយបញ្ហាបន្ទាត់ព្រំដែនកម្ពុជា-ថៃ»៕ ខៀវទុំ

RELATED ARTICLES