Saturday, July 12, 2025
Homeសេដ្ឋកិច្ចជាតិពលរដ្ឋ៣គ្រួសារ អាជ្ញាធរផ្តល់ជម្រើស២ រងផលប៉ះពាល់គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់

ពលរដ្ឋ៣គ្រួសារ អាជ្ញាធរផ្តល់ជម្រើស២ រងផលប៉ះពាល់គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយគណៈកម្មការអន្តរក្រសួង បានប្រើរយៈពេលជាង១ឆ្នាំហើយ ក្នុងការដោះស្រាយជាមូយបងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ នៃគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ហើយមកដល់ ពេលនេះ ផលប៉ះពាល់មួយចំនួនធំ ត្រូវបានដោះស្រាយបញ្ចប់ ប៉ុន្តែមានប្រជាពលរដ្ឋចំនួន៣គ្រួសារប៉ុណ្ណោះ មិនទាន់ទទួលយកសំណងពីអាជ្ញាធរ បើទោះបីអាជ្ញាធររាជធានីភ្នំពេញ បានសម្រេចប្រគល់សំណងជូនពួកគាត់ សរុបជាង៣លានដុល្លារ យ៉ាងណាក្តី។

ជាក់ស្តែងនៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការអញ្ជើញពួកគាត់ ទាំង៣គ្រួសារ មកប្រជុំពិភាក្សារកដំណោះស្រាយម្តងទៀត នៅសាលារាជធានីភ្នំពេញ។ ជាលទ្ធផល គឺពួកគាត់នៅតែទាមទាសំណងហួសហេតុ មិនអាចទទួលយកបានដដែល ពោលគឺបានទាមទារ គុណនឹង២ គុណនឹង៣ នៃសំណងដែលរដ្ឋបានប្រគល់ជូន។

លោកឃួង ស្រេង បានលើកឡើងថា “ដីរបស់បងប្អូន ដែលរងផលប៉ះពាល់នេះ យើងមិនមែនយកមកដើម្បីជាប្រយោជន៍ខ្លួនឯងទេ គឺដើម្បីធ្វើស្ពាន ធ្វើផ្លូវឱ្យប្រជាពលរដ្ឋទូទៅ បានធ្វើដំណើរដោះស្រាយការកកស្ទះចរាចរណ៍។ ដូច្នេះសូមបងប្អូនទាំង៣គ្រួសារ មេត្តាយោគយល់។ អាជ្ញាធរ ក្នុងនាមជាម៉ែជាឪ មិនចង់ប៉ះពាល់ជាមួយប្រជាពលរដ្ឋទេ សូមកុំទារសំណងថ្លៃខ្លាំងពេក រហូតរដ្ឋមិនអាចទទួលយកបាន”។

លោក ឃួង ស្រេង បានបន្ថែមទៀតថា “តម្លៃដី រហូតដល់ជាង ៣លានដុល្លារនេះ សមល្មមហើយ ប៉ុន្តែបងប្អូននៅតែទទួលយកមិនបាន។ បងប្អូនអាចជួលក្រុមហ៊ុនអចលនទ្រព្យ ចំនួន២ក្រុមហ៊ុន មកសិក្សាពីតម្លៃ នៅលើទីតាំងបងប្អូនបាន ដោយរដ្ឋបាលរាជធានីភ្នំពេញ សុខចិត្តចេញលុយថ្លៃក្រុមហ៊ុន ឱ្យថែមទៀត។ បើនៅតែមិនត្រូវគ្នាទៀត រដ្ឋបាលរាជធានីភ្នំពេញ គ្មានជម្រើសអ្វីក្រៅពីអនុវត្តវិធានការរដ្ឋបាល ដើម្បីរុះរើនោះទេ ព្រោះវាល្មមដល់ពេលហើយ មិនអាចបន្តដោះស្រាយទៅមុខទៀតទេ។ ក្រោយការអនុវត្តច្បាប់រដ្ឋបាល ដើម្បីរុះរើ បង ប្អូនអាចបន្តប្តឹងទៅតុលាការបាន”។

លោកឃួង ស្រេង បានបញ្ជាក់ផងដែរថា ថវិកាជាង ៣លានដុល្លារ ដែលនឹងប្រគល់ជូននេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសម្រេចរួចហើយ មិនអាចបន្ថែមបានទៅតាមការទាមទារស្រេចតែចិត្តនោះទេ។ ចុងក្រោយនេះ អាជ្ញាធររាជធានីភ្នំពេញ មានជម្រើស២ សម្រាប់បងប្អូន គឺទី១ បងប្អូនទាំង៣គ្រួសារ អាចរុះរើដោយខ្លួនឯង រដ្ឋបាលរាជធានីភ្នំពេញ នឹងប្រគល់ថវិកាជូនថ្លៃរុះរើ ចំនួន១០ម៉ឺនដុល្លារ និងទី២ រដ្ឋបាលរាជធានីភ្នំពេញ នឹងជួលគេឱ្យមករុះរើ។ មែនទែនទៅ អាជ្ញាធររាជធានីភ្នំពេញ មិនមានចេតនាណាមួយ ចង់អនុវត្តវិធានការរដ្ឋបាល ដើម្បីរុះរើ នោះទេ តែវាដល់ពេលហើយ។

គួរបញ្ជាក់ថា ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ មិនទទួលយកសំណងខាងនេះ រួមមាន ទី១-គ្រួសារឈ្មោះប៊ូ ឆាយ សំណងផលប៉ះពាល់ ទឹកប្រាក់សរុបចំនួន ៩៣៩ ៣៨០, ៥២ដុល្លារ។ ទី២-គ្រួសារឈ្មោះហុក សេងគឹម សំណងផលប៉ះពាល់ ទឹកប្រាក់សរុបចំនួន ២ ២០៩ ៥៤៣,១៥ដុល្លារ និងទី៣-គ្រួសារឈ្មោះហុក សេងជួរ សំ ណងផលប៉ះពាល់ទឹកប្រាក់ សរុបចំនួន ១៧១ ៨៣៨,១៩ដុល្លារ។ សំណងទាំងនេះ ពួកគាត់មិនទទួលយកទេ ។

គួរបញ្ជាក់ថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) នេះ ស្ថិតនៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ គម្រោងនេះវានឹងផ្តល់នូវអត្ថប្រយោជន៍ដ៏សំខាន់ក្នុងការផ្សារភ្ជាប់សេដ្ឋកិច្ច-សង្គម រវាងតំបន់ខាងកើត និងខាងលិចរាជធានី ភ្នំពេញ តភ្ជាប់ទៅតំបន់អភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិតេជោ ហើយក៏នឹងក្លាយជាខ្សែផ្លូវវាងដ៏សំខាន់ ក្នុងការបញ្ចៀសការកកស្ទះចរាចរណ៍ ដែលកើតមានជារៀងរាល់ថ្ងៃនៅចំណុចស្ពានព្រះមុនីវង្ស៕

RELATED ARTICLES