ខេត្តសៀមរាប ៖ ជនសង្ស័យម្នាក់ ជាមុខសញ្ញាឆក់យ៉ាងសកម្ម ដែលធ្លាប់ធ្វើសកម្មភាពឆក់បានសម្រេចចំនួន១១លើករួចមកហើយ និងបានធ្វើសកម្មភាពឆក់ទូរស័ព្ទពីយុវតីម្នាក់បានសម្រេច រួចក៏ព្យាយាមជិះរត់គេចខ្លួន តែគាប់ជួនត្រូវ សមត្ថកិច្ចល្បាតប្រទះឃើញ ប្រដេញតាម ចាប់ក្របួចជាប់ភ្លាមៗ នាំយកមកចាត់ការតាមច្បាប់។

ករណីឆក់ទូរស័ព្ទនេះ បានកើតឡើង កាលពីវេលាម៉ោង ៤និង១៥នាទីរសៀល ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវលូរទឹកស្អុយ ស្ថិតក្នុងភូមិវត្តបូណ៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះនួន ព្រឿន ហៅវាំង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិត្រពាំងត្រែង សង្កាត់សាលាកំរើក ក្រុងសៀមរាប និងមានលំនៅបច្ចុ ប្បន្ន ភូមិបឹង សង្កាត់ជ្រាវ ក្រុងសៀមរាប (មានសារធាតុញៀន)។ ជននេះ ធ្លាប់ជាប់ពន្ធនាគារខេត្តសៀមរាបចំនួន១លើក រយៈពេល៦ខែ ពាក់ព័ន្ធនឹងករណីអំពើលួច។ ចំណែកទូរស័ព្ទដែលជនសង្ស័យឆក់យកទៅនោះ ម៉ាក iPhone 11 Promax ពណ៌ខ្មៅ ជាកម្មសិទ្ធិរបស់ជនរងគ្រោះឈ្មោះ រ.ប.ជ ភេទស្រី អាយុ១៨ឆ្នាំ រស់នៅ ភូមិវត្តបូណ៌សង្កាត់សាលាកំរើក ក្រុងសៀមរាប។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង៤ និង១៥នាទីរសៀល ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ មានករណីឆក់ទូរស័ព្ទ បានកើតឡើង នៅតាមបណ្តោយផ្លូវលូទឹកស្អុយ ស្ថិតក្នុងភូមិវត្តបូណ៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ដែលបង្កឡើងដោយជនសង្ស័យម្នាក់ ភេទប្រុស បានធ្វើសកម្មភាពឆក់ទូរស័ព្ទ ១គ្រឿង ម៉ាក iPhone 11 Promax ពណ៌ខ្មៅ របស់យុវតីរងគ្រោះឈ្មោះ រ.ប.ជ ដែលកំពុងជិះ ម៉ូតូតាមផ្លូវ រួចរត់គេចខ្លួនបាត់។

ប្រភពដដែល បន្តថា ភ្លាមៗនោះ កម្លាំងនគរបាលក្រុងសៀមរាប និងការិយាល័យជំនាញ ដែលកំពុងប្រចាំការនៅតាមគោលដៅ និងល្បាតនៅក្បែរកន្លែងកើតហេតុ បានឃើញសកម្មភាពជនសង្ស័យ ក៏បានធ្វើការប្រដេញតាមចាប់ រហូតឃាត់ខ្លួនជនសង្ស័យបាន រួមទាំង វត្ថុតាង ចំណុចក្នុងភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀម រាប ហើយនាំខ្លួនយកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលក្រុងសៀមរាប។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះនួន ព្រឿន ហៅវាំង បានឆ្លើយសារភាពថា រូបខ្លួនពិតជាបានធ្វើ សកម្មភាពឆក់ទូរស័ព្ទរបស់ជនរងគ្រោះខាងលើប្រាកដមែន និងបានឆ្លើយសារភាពបន្ថែមថា រូបខ្លួនក៏ធ្លាប់បានធ្វើសកម្មភាពឆក់ទូរស័ព្ទ កាលពីវេលាម៉ោង ៥និង៣៨នាទីល្ងាច ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចខាង ត្បូងបុរីសៀងណាំ ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ១លើកដែរ ដោយឆក់បានទូរស័ព្ទ ចំនួន១គ្រឿង និងធ្លាប់ធ្វើសកម្មភាពឆក់កាបូបនិងទូរស័ព្ទ សរុបចំនួន១១លើក មកហើយ។

វត្ថុតាងដែលសមត្ថកិច្ចជំនាញបានធ្វើការដកហូតបានមកវិញ រួមមាន ទូរស័ព្ទ ១គ្រឿង (របស់ជនរងគ្រោះ) និងម៉ូតូ ១គ្រឿង (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព)។
ជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕