Saturday, July 12, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបសិប្បកម្មច្នៃឈើខុសច្បាប់ ៧កន្លែង

បង្ក្រាបសិប្បកម្មច្នៃឈើខុសច្បាប់ ៧កន្លែង

ខេត្តព្រះវិហារ ៖ ទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់ ចំនួន៧កន្លែង ស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាប ដោយដកហូតបានសម្ភារៈប្រើប្រាស់ សម្រាប់ដំណើរការផលិតគ្រឿងសង្ហារិមជាច្រើន យកទៅរក្សាទុកនៅទីស្នាក់ការបរិស្ថាន (អូរកក់) និងនៅថ្នាលបណ្តុះកូនឈើ ក្រុងព្រះវិហារ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹង កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ថា ក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់ខាងលើ មានការចូលរួមពីកម្លាំងនៃមន្ទីរបរិស្ថានខេត្ត កម្លាំងដែនជម្រកសត្វព្រៃ ឆែប-ព្រះរកា កម្លាំងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព កម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងកងរាជអាវុធ ហត្ថស្រុកត្បែងមានជ័យ មន្ត្រីសហគមន៍ រួមទាំងអាជ្ញាធរមូលដ្ឋាន ក្រោមការដឹកនាំចុះបង្ក្រាបដោយព្រះរាជ អាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោកស្រេង វុទ្ធា ចាប់ពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិពោធិ៍ ឃុំពោធិ៍ និងភូមិបុស្សធំ ឃុំប្រមេរុ ស្រុកត្បែងមានជ័យ។

យោងតាមរបាយការណ៍របស់មន្ទីរបរិស្ថានខេត្តព្រះវិហារ បានបង្ហាញឱ្យដឹងថា នៅក្នុងប្រតិបត្តិការចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលបានបង្កើតសិប្បកម្មកែច្នៃឈើ ដោយគ្មានលិខិតអនុញ្ញាត (ល្មើសច្បាប់) នោះ កម្លាំងសមត្ថកិច្ចចម្រុះ និងអាជ្ញាធរមូលដ្ឋាន បានសហការរួមគ្នារឹបអូសបានវត្ថុតាងបទល្មើសជាច្រើនប្រភេទ រួមទាំងឈើល្មើសច្បាប់ រួមមាន ម៉ាស៊ីនច្រៀក ៤គ្រឿង ម៉ាស៊ីនភ្លើង ១៥សេស ១គ្រឿង ម៉ាស៊ីនខ្យល់សម្រាប់បាញ់ថ្នាំ ១គ្រឿង ម៉ូទ័រកាត់ ៥គ្រឿង ម៉ូទ័រសំលៀង ១គ្រឿង ម៉ូទ័រឈូស ២គ្រឿង ម៉ូទ័រខាត់ ៥គ្រឿង ម៉ូទ័រស្វាន ៤គ្រឿង ម៉ូទ័របុក ១គ្រឿង តាបឈូសឈើ ១គ្រឿង ឈើអារច្រៀកចម្រុះ ៣២ដុំ និងក្តារ ១០សន្លឹក ប្រវែង២ម៉ែត្រ។ រីឯវត្ថុតាងមួយចំនួនទៀត ត្រូវបានជនប្រព្រឹត្តបទល្មើស ដោះយកទៅលាក់ទុកដោយសុវត្ថិភាព ដែលមន្ត្រីបរិស្ថាន មិនអាចរុករកឃើញ។

ចំពោះវត្ថុតាងបទល្មើសដែលរឹបអូសបានទាំងអស់ ត្រូវបានដឹកជញ្ជូនយកមករក្សាទុកនៅទីស្នាក់ការបរិស្ថាន (អូរកក់) និងនៅថ្នាលបណ្តុះកូនឈើក្រុងព្រះវិហារ។

ពាក់ព័ន្ធករណីចុះបង្ក្រាបទីតាំងសិប្បកម្មខាងលើ ម្ចាស់សិប្បកម្ម៤ទីតាំង បានធ្វើកិច្ចសហការជាមួយសមត្ថកិច្ចបានល្អ និងចំនួន២ទីតាំងទៀត មិនបានសហការជាមួយសមត្ថកិច្ចនោះទេ ដោយដោះម៉ាស៊ីន និងវត្ថុតាងប្រព្រឹត្តបទល្មើសយកទៅលាក់ទុក និងជម្លៀសចេញពីទីតាំង ប្រព្រឹត្តដោយសុវត្ថិភាព និងទីតាំងសិប្បកម្ម ១កន្លែងទៀត ដែលស្ថិតក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ម្ចាស់សិប្បកម្ម ឈ្មោះទៀក តែម មិនព្រមសហការជាមួយសមត្ថកិច្ចនោះទេ ថែមទាំងបានធ្វើការរារាំងមិនឱ្យសមត្ថកិច្ចដកហូតវត្ថុតាងល្មើសច្បាប់ទាំងនោះ បានឡើយ តែបើទោះជាមិនសហការក្តី ក៏កម្លាំងសមត្ថកិច្ចចម្រុះ នៅតែបន្តអនុវត្តច្បាប់ ដក ហូតយកវត្ថុតាងទាំងអស់ និងបាននាំយកមករក្សាទុកបណ្តោះអាសន្ន។

ចំពោះជនប្រព្រឹត្តបទល្មើសរូបនោះ កម្លាំងសមត្ថកិច្ចមិនបានចាប់ឃាត់ខ្លួននោះទេ ដោយបានព្យាយាមពន្យល់ពីការទទួលខុសត្រូវតាមផ្លូវច្បាប់ និងមានទោសទណ្ឌថែមទៀតខណៈនោះម្ចាស់សិប្បកម្ម ក៏បានសម្រួលឥរិយា បថយល់ព្រមឱ្យសមត្ថកិច្ចដកហូតយកវត្ថុតាង តាមសម្រួល តែជនល្មើសមិនព្រមផ្តិតមេដៃក្នុងកំណត់ហេតុនោះទេ គ្រាន់តែបានទទួលស្គាល់ថា ពុំបានសុំច្បាប់អនុញ្ញាតពីស្ថាប័នមានសមត្ថកិច្ចណាទេ។

ក្រោយការបង្ក្រាបទីតាំងបើកសិប្បកម្មកែច្នៃឈើល្មើសច្បាប់ ទាំង៧កន្លែងនោះរួចមក មន្ត្រីសមត្ថកិច្ចជំនាញបរិស្ថានខេត្តព្រះវិហារ បានបន្តបើកការស៊ើអង្កេតលើទីតាំងផ្សេងៗទៀត នៅក្នុងភូមិសាស្ត្រស្រុកត្បែងមានជ័យ ដើម្បីបន្តចំណាត់ការបង្ក្រាបបទល្មើសធនធានធម្មជាតិ និងរក្សាធនធានព្រៃឈើដែលនៅសេសសល់ចុង ក្រោយឱ្យនៅគង់វង្ស៕

RELATED ARTICLES