Saturday, July 12, 2025
Homeសេដ្ឋកិច្ចជាតិស្ពានអាកាសឆ្ពោះទៅព្រលានយន្តហោះថ្មី បើកឱ្យឆ្លងកាត់បណ្តោះអាសន្នថ្ងៃនេះ

ស្ពានអាកាសឆ្ពោះទៅព្រលានយន្តហោះថ្មី បើកឱ្យឆ្លងកាត់បណ្តោះអាសន្នថ្ងៃនេះ

 ភ្នំពេញៈ ចាប់ពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នេះ អាជ្ញាធរនឹងបើកឱ្យប្រជាពលរដ្ឋប្រើប្រាស់បណ្តោះអាសន្ន ស្ពានអាកាសភ្ជាប់ពីផ្លូវ៦០ម៉ែត្រ កាត់លើផ្លូវជាតិលេខ២ ដើម្បីឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលទទួលបាននៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ស្ពានអាកាសសម្តេចហ៊ុន ម៉ាណែត ត្រង់ចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបានស្ថាបនាជាស្ពានភ្លោះទ្វេទិស និងត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានក្រុមហ៊ុន OCIC ជាអ្នកទទួលការសាងសង់។

បច្ចុប្បន្ន ការសាងសង់ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចបានលទ្ធផលដូចតទៅ ៖ ស្ពានអាកាសទី១ សម្រេចបានការសាងសង់ ១០០ភាគរយ ហើយស្ពានអាកាសទី២ គ្រោងនឹងបញ្ចប់ការសាងសង់ នាដើមខែសីហា ឆ្នាំ២០២៥។

ចំពោះមុខដើម្បីជួយសម្រួលដល់លំហូចរាចរណ៍ និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ទាំងក្នុងពេលបច្ចុប្បន្ន និងក្នុងអំឡុងពិធី បុណ្យភ្ជុំបិណ្ឌខាងមុខ សំដៅដោះស្រាយការកកស្ទះចរាចរណ៍ឱ្យបានជាអតិបរមានោះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានផ្តល់គោលការណ៍ សម្រេចឱ្យរដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននូវស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត ដូចខាងក្រោម ៖

– ស្ពានអាកាសទី១ មានទិសដៅចរាចរតាមបណ្តោយមហាវិថី សម្តេចតេជោ ហ៊ុន សែន ឆ្លងកាត់ផ្លូវជាតិលេខ២ ឆ្ពោះទៅអាកាស យានដ្ឋានអន្តរជាតិតេជោ ចាប់ពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥តទៅ។

– ស្ពានអាកាសទី២ មានទិសដៅចរាចរពីអាកាសយានដ្ឋានអន្តរជាតិតេជោ ឆ្លងកាត់ផ្លូវជាតិលេខ២ ឆ្ពោះមកមហាវិថីសម្តេចតេជោ ហ៊ុន សែន ចូលមករាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥តទៅ៕

RELATED ARTICLES