ភ្នំពេញ ៖ ស្ត្រីវ័យក្មេងម្នាក់ ចេញពីធ្វើការត្រឡប់មកផ្ទះវិញយឺតម៉ោង ស្រាប់តែត្រូវបុរស ជាប្តីកំពូលប្រចណ្ឌ ចោទប្រកាន់ថារវល់ណាត់ ជួបប្រុសសហាយ ទោះជាប្រពន្ធព្យាយាមពន្យល់ ប្រាប់ក៏មិនព្រមស្តាប់ បែរជាផ្ទុះកំហឹងចាប់បង្ខាំង ប្រពន្ធនៅក្នុងបន្ទប់ រួចទាញខ្សែភ្លើងវាយ និង កាប់ក្បាលប្រពន្ធនឹងកាំបិតប៉័ងតោ បណ្តាលឱ្យ រងរបួសធ្ងន់ រយះសុសក្បាល រហូតដល់ស្ត្រី- រងគ្រោះជាប្រពន្ធទ្រាំមិនបាន ក៏រត់ទៅប្តឹងប៉ូលិស ឱ្យជួយអន្តរាគមន៍ចាប់ខ្លួនប្តីកំណាចនាំយកទៅ ចាត់ការតាមច្បាប់។
ករណីប្តីផ្ទុះភ្លើងប្រចណ្ឌចាប់បង្ខាំងធ្វើ ទារុណកម្មប្រពន្ធ រហូតដល់រងរបួសធ្ងន់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលា ម៉ោង៨យប់ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៧ នៅ ចំណុចបន្ទប់ជួលភូមិត្រពាំងរំចេក សង្កាត់ចោម- ចៅ ខណ្ឌពោធិ៍សែនជ័យ។ លុះស្ត្រីរងគ្រោះទៅ ព្យាបាលរបួសនៅមន្ទីរពេទ្យរួច ក៏បង្ហួសទៅដាក់ ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ រហូត ឈានដល់ការចាប់ឃាត់ខ្លួនបុរសជាប្តីចិត្តកំណាច បានកាលពីវេលាល្ងាចថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួលកើតហេតុខាងលើ។
ស្ត្រីរងគ្រោះដែលត្រូវប្តីចោទថា លួច មានប្រុសសហាយ រួចប្រើអំពើហិង្សា បណ្តាល ឱ្យរងរបួសធ្ងន់ មានឈ្មោះស៊ុន មករា អាយុ ១៨ឆ្នាំ មុខរបរកម្មការិនីីរោងចក្រ ស្នាក់នៅ បន្ទប់ជួលក្នុងភូមិកើតហេតុខាងលើ និងមាន ស្រុកកំណើតនៅភូមិអណ្តូងប្រាំង ឃុំគងពិសី ស្រុក គងពិសី ខេត្តកំពង់ស្ពឺ។ ចំណែកបុរសកំណាច ជាប្តីដែលមានចិត្តប្រចណ្ឌប្រពន្ធហួសហេតុ មាន ឈ្មោះពៅ យូរឹម អាយុ២៦ឆ្នាំ មុខរបរកម្មករ សំណង់ ស្នាក់នៅបន្ទប់ជួលជាមួយគ្នា និងមាន ស្រុកកំណើតនៅឃុំវាលរេញ ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ។
តាមសម្តីស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ ថា នាងនិងប្តី ត្រូវបានឪពុកម្តាយផ្សំផ្គុំឱ្យរៀប- ការនឹងគ្នាត្រឹមត្រូវតាមច្បាប់ប្រពៃណីអស់រយៈ ពេល២ឆ្នាំមកហើយ និងរួមរស់បង្កើតបានកូន ស្រីម្នាក់ ជាចំណងនិស្ស័យ សព្វថ្ងៃមានអាយុ ១ខួបហើយ។ តាំងពីចាប់ដៃសាងគ្រួសារជា- មួយប្តីនេះមក ជីវិតនាងរស់នៅមិនសូវមាន សុភមង្គលសោះ ព្រោះតែប៉ះប្តីកំពូលប្រចណ្ឌ ខ្វះការពិចារណា និងឧស្សាហ៍រករឿងនាងខ្លាំង ណាស់។ ប្តីនេះ ប្រចណ្ឌមិនរើសមុខទេ សូម្បី តែឃើញនាងនិយាយជាមួយសាច់ញាតិ មិត្តភក្តិ អ្នកជិតខាង ឬមនុស្សស្គាល់គ្នាណាក៏ដោយ ឱ្យ តែជាមនុស្សប្រុស តែងផ្ទុះភ្លើងប្រចណ្ឌភ្លាម និងមិនសូវសួរនាំរកប្ញសគល់ឱ្យបានច្បាស់លាស់ ទេ ហាឡើងគឺចោទប្រកាន់នាងថា មានចិត្តក្បត់ ប្តី លួចលាក់មានប្រុសសហាយ និងរករឿងឈ្លោះ ប្រកែកវាយដំនាងមិនស្វាងឡើយ។
ស្ត្រីរងគ្រោះបន្តថា ក្រោយមក ប្តីប្រពន្ធ នាងក៏នាំគ្នាចាកចេញពីស្រុកកំណើត មកជួល ផ្ទះស្នាក់នៅ ដើម្បីរកការងារធ្វើនៅភ្នំពេញ ដោយនាងចូលធ្វើការរោងចក្រ ចំណែកប្តីដើរ ធ្វើសំណង់ រួមកម្លាំងគ្នារកប្រាក់ចិញ្ចឹមជីវិត ហើយនាងនឹកស្មានថា ប្តីអាចនឹងកាត់បន្ថយ ការប្រចណ្ឌខ្លះ និងវិលមកជឿជាក់លើចិត្តនាង ជាប្រពន្ធឱ្យកាន់តែច្រើន ដឹងអី! មកដល់ភ្នំពេញ ប្តីកាន់តែមានចិត្តប្រចណ្ឌនាងខ្លាំងឡើង រហូត ដល់មើលមុខគ្នាមិនត្រង់ ឱ្យតែជួបមុខកើតជម្លោះ មិនដាច់។
ស្ត្រីរងគ្រោះបានឱ្យដឹងទៀតថា នៅមុន ពេលកើតហេតុ កាលពីល្ងាចថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៧ នាងត្រូវធ្វើការថែមម៉ោង ទើបនាង បានទូរស័ព្ទប្រាប់ប្តីថា នាងត្រូវថែមម៉ោង រហូត ដល់ម៉ោង៨យប់ ហើយពេលចេញពីធ្វើការងារ ត្រូវឆៀងចូលផ្ទះមិត្តភក្តិស្រីដែលរួមការងារ ជាមួយគ្នាមួយភ្លែត ទើបត្រឡប់ទៅផ្ទះវិញ។ ដឹងអី! ដល់វេលាម៉ោង៨យប់ថ្ងៃដដែល ខណៈ ដែលនាងទៅដល់មុខបន្ទប់ជួលភ្លាម ស្រាប់តែ ឃើញប្តីអង្គុយរង់ចាំជាស្រេច និងជះសម្តីធ្ងន់ៗ ដាក់នាងថា “អញថាមែនៗ! ពិតជាមានសហាយ មែន បានជាយប់ជ្រៅបែបនេះ ទើបត្រឡប់មក ដល់ផ្ទះ”។ ភ្លាមនោះ នាងបានលើកហេតុផលប្រាប់ ប្តីថា នាងធ្វើការថែមម៉ោង និងឆៀងចូលលេង ផ្ទះមិត្តភក្តិដូចដែលបានទូរស័ព្ទប្រាប់ប្តីរួចហើយ តែប្តីមិនព្រមស្តាប់ នៅតែចោទថានាងលួចណាត់ ជួបប្រុសសហាយ រហូតដល់ចាប់រុញនាងចូល ទៅក្នុងបន្ទប់ ខ្ទាស់គន្លឹះទ្វារ រួចទាញខ្សែភ្លើង វាយនាងយ៉ាងចាស់ដៃ បន្ទាប់មកក៏ទាញកាំបិត ប៉័ងតោកាប់ក្បាលនាង បណ្តាលឱ្យមុតរយះ សុសក្បាលរងរបួសធ្ងន់ រហូតផ្អើលដល់អ្នកជិត ខាងជួយឃាត់ និងនាំនាងទៅកាន់មន្ទីរពេទ្យ កាល់ម៉ែត ដើម្បីព្យាបាលរបួសទាំងយប់។
ស្ត្រីរងគ្រោះបញ្ជាក់ថា ក្រោយពីព្យាបាល របួសរួចហើយ មកដល់ល្ងាចថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ ដោយសារតែទ្រាំនឹងទង្វើឃោរឃៅ ខ្វះការពិចារណារបស់ប្តីកំពូលប្រចណ្ឌតទៅទៀត លែងបាន នាងក៏សម្រេចចិត្តរត់ទៅដាក់ពាក្យ បណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ ដើម្បីឱ្យ សមត្ថកិច្ចជួយអន្តរាគមន៍ រហូតឈានដល់ការ ចាប់ឃាត់ខ្លួនប្តីកំណាច នាំយកទៅចាត់ការតាម ច្បាប់តែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនបង្កហេតុជា ប្តីបានសារភាពថា រូបគេពិតជាបានប្រើអំពើ ហិង្សាដាក់ប្រពន្ធឱ្យរងរបួសប្រាកដមែន មូលហេតុ ក៏ព្រោះតែរូបគេមានចិត្តប្រចណ្ឌប្រពន្ធ ដែលប្រពន្ធធ្វើការត្រឡប់មកផ្ទះយឺតម៉ោង រាល់ថ្ងៃ ទើបសង្ស័យថាប្រពន្ធនេះលួចលាក់មាន ប្រុសសហាយ ក៏វាយដំព្រមាននាងឱ្យស្គាល់ ដៃម្តង។
ជនបង្កជាប្តី ត្រូវបានសមត្ថកិច្ចរៀបចំ កសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី៕