Sunday, July 13, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឃាត់ខ្លួន អ្នកកាសែត២នាក់ ទារលុយអ្នកដឹកឈើ

ឃាត់ខ្លួន អ្នកកាសែត២នាក់ ទារលុយអ្នកដឹកឈើ

ខេត្តកំពង់ស្ពឺ ៖ អ្នកសារព័ត៌មាន ចំនួន២រូប ត្រូវបានកម្លាំងសមត្ថកិច្ច ចុះឃាត់ខ្លួនទាំងយប់ ខណៈដែលកំពុងឈប់រថយន្ត ចំនួន២គ្រឿង រង់ស្ទាក់ទារប្រាក់ពីអ្នកដឹកអុស ដឹកឈើ ដឹកធ្យូង។

ការឃាត់ខ្លួនអ្នកសារព័ត៌មានខាងលើនេះ បានធ្វើឡើង កាលពីយប់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចផ្លូវក្រួសក្រហម ផ្លូវជាតិលេខ៤៤ ស្ថិតនៅភូមិក្រាំងពង្រ ឃុំសង្កែសាទប ស្រុកឱរ៉ាល់។

អ្នកសារព័ត៌មានទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះវ៉េត ម៉ាប់ ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិ ព្រៃឈៀង ឃុំឫស្សីសាញ់ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង មុខរបរជាអ្នកសារព័ត៌មាន បាសិទ្ធធីវី មានតាំងនៅភូមិអន្ទង់ក្រវៀន ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ដកហូតវត្ថុតាង រួមមាន រថយន្ត១គ្រឿង ម៉ាក តូយ៉ូតា កាមរី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2E-2110។ ពូថៅ ចំនួន១ដើម។ ដែកចំរ៉ុងចំនួន១០គ្រាប់។ ទូរស័ព្ទម៉ាក iPhone ចំនួន២គ្រឿង។ កាតសម្គាល់អ្នកសារព័ត៌មាន ចំនួន២សន្លឹក។ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន១សន្លឹក។ ប័ណ្ណបើកបរ ចំនួន១សន្លឹក។ ប័ណ្ណសម្គាល់រថយន្ត ចំនួន១សន្លឹក។ លុយចំនួន១លានរៀល។ ទី២-ឈ្មោះ សឿន សំណាង ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិក្រសាំង ឃុំឆែបបួយ ស្រុកឆែប ខេត្តព្រះវិ ហារ មុខរបរជាអ្នកសារព័ត៌មានអង្គភាពស្លឹករឹត មានទីតាំងនៅរាជធានីភ្នំពេញ។ ដកហូតវត្ថុតាង រួមមាន រថ យន្ត ១គ្រឿង ម៉ាក Lexus LX-470 ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2O-2441។ ទូរស័ព្ទ ចំនួន២គ្រឿង (ម៉ាក iPhone ១គ្រឿង ម៉ាកតិចណូ ១គ្រឿង)។ លុយ ចំនួន៤០ម៉ឺនរៀល។ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន១សន្លឹក។ កាតសម្គាល់អ្នកសារព័ត៌មាន ចំនួន១សន្លឹក។ ចម្ពាមកៅស៊ូ ចំនួន ១។ ចិញ្ចៀនដាំត្បូង ចំនួន១វង់។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា យោងតាមការបញ្ជារបស់គណៈបញ្ជាការឯកភាពស្រុកឱរ៉ាល់ កាលពីយប់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងគណៈបញ្ជាការឯកភាពស្រុកឱរ៉ាល់ ដឹកនាំដោយលោកសួស ប៊ុនធឿន អភិបាលរងស្រុកឱរ៉ាល់ លោកឌិប អេងលី នាយករង រដ្ឋបាលស្រុកឱរ៉ាល់ និងលោកវរសេនីយ៍ឯក ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់ បានដឹកនាំកម្លាំងអន្តរាគមន៍នៃអធិការដ្ឋានចំនួន៩នាក់ ទៀត ចុះឃាត់ខ្លួនជាក់ស្តែងបានជនសង្ស័យចំនួន២នាក់ (១-ឈ្មោះវ៉េត ម៉ាប់ ជាអ្នកសារព័ត៌មានបាសិទ្ធធីវី ២-ឈ្មោះសឿន សំណាង ជាអ្នក សារព័ត៌មានអង្គភាពស្លឹករឹត) រួចបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរ។

 នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា ពួកខ្លួនបានចុះទៅចំណុចខាងលើ ដើម្បីឃ្លាំមើលបទល្មើសព្រៃឈើ និងពិតជាបានយកលុយពីអ្នកដឹកអុស ដឹកធ្យូង ក្នុង១ឡាន ៥០០០រៀល ទៅ១ម៉ឺនរៀលមែន គ្រាន់ទិញបាយហូប ហើយមិនដែលដេញ ចាប់ដេញស្ទាក់អ្វីទេ គឺពួកគេឈប់ឱ្យដោយស្ម័គ្រចិត្ត។

អ្នកកាសែតទាំង២នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES