ភ្នំពេញ ៖ ជនសង្ស័យ ចំនួន២នាក់ បានធ្វើសកម្មភាព លួចកាច់កម៉ូតូ ១គ្រឿង បានសម្រេច រួចជិះគេចខ្លួនបាត់អស់រយៈពេលជាង ១១ម៉ោង ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌ ស្រាវជ្រាវឃាត់ខ្លួនបានទាំង២នាក់ នាំយកមកចាត់ការតាមច្បាប់។

ករណីលួចម៉ូតូនេះ បានកើតឡើង កាលពីវេលាម៉ោង ១និង០៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចមន្ទីរពេទ្យឡុងហ័រ ផ្លូវ២១៥ ភូមិ១០ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក។ រហូតមកដល់វេលាម៉ោង ១១និង៤០នាទព្រឹក ថ្ងៃដដែល ទើបកម្លាំងសមត្ថកិច្ចជំនាញស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជន សង្ស័យទាំង២នាក់ នាំយកមកសាកសួរ។

ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះមាស សារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ (អ្នក ធ្វើសកម្មភាពកាច់កម៉ូតូ) ឃាត់ខ្លួនត្រង់ចំណុចភូមិ១០ សង្កាត់ផ្សារថ្មី ទី៣ ខណ្ឌដូនពេញ និងទី២-ឈ្មោះស៊ុំ ពិស្សី ភេទប្រុស អាយុ២៨ឆ្នាំ (អ្នកទទួលផលចោរកម្ម) ឃាត់ខ្លួនត្រង់ចំណុច សង្កាត់វាំងចាស់ ក្រុងឧត្តុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

តាមប្រភពពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ឱ្យដឹង កាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ថា កាលពីវេលាម៉ោង ១និង០៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ មានជនមិនស្គាល់អត្តសញ្ញាណម្នាក់បាន ធ្វើសកម្មភាព លួចម៉ូតូ ១គ្រឿង ម៉ាក GPX POP2 ស៊េរីឆ្នាំ២០២០ ពណ៌សលាយខ្មៅ ស្លាកលេខ ភ្នំពេញ 1II-3457 បានសម្រេច នៅត្រង់ចំណុចមន្ទីរពេទ្យឡុងហ័រ ផ្លូវ២១៥ ភូមិ១០ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្រោយពីមានហេតុការណ៍កើតឡើង ដោយអនុវត្តតាមបទបញ្ជាបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាននគរបាល ព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ ដោយបានធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ក្រុមជនសង្ស័យខាងលើ។

លុះដល់វេលាម៉ោង ១១និង៤០នាទីព្រឹក នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងជំនាញបានបន្តដឹកនាំសហការ ដោយឃាត់ខ្លួនបាន ជនសង្ស័យជាបន្តបន្ទាប់ចំនួន២នាក់ ទី១-ឈ្មោះមាស សារ៉ា ជាអ្នកធ្វើសកម្មភាពកាច់កម៉ូតូ ឃាត់ខ្លួនត្រង់ចំណុចភូមិ១០ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងទី២-ឈ្មោះស៊ុំ ពិស្សី ជាអ្នកទទួលផលចោរកម្ម ឃាត់ខ្លួនត្រង់ចំណុច សង្កាត់វាំងចាស់ ក្រុងឧត្តុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕
