Tuesday, July 15, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដកបង្គោលចរាចរណ៍ ថតបង្ហោះ ជាប់ខ្នោះ៣

ដកបង្គោលចរាចរណ៍ ថតបង្ហោះ ជាប់ខ្នោះ៣

ខេត្តត្បូងឃ្មុំ ៖ យោងតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង តាមការចង្អុលណែនាំពីលោកឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ចាម បានសហការជាមួយ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ធ្វើការឃាត់ខ្លួនក្មេងទំនើង ចំនួន៣នាក់ ពាក់ព័ន្ធ ករណីបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ (ដកបង្គោលចរាចរណ៍ រួចថតបង្ហោះនៅលើបណ្តាញសង្គម) មកកាន់ស្នងការដ្ឋាននគរបាល ខេត្តត្បូងឃ្មុំ ដើម្បីធ្វើការសាកសួរតាមនីតិវិធី។

ក្មេងទំនើងទាំង៣នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាព យកអាវដៃវែងចំនួន២ចងភ្ជាប់គ្នា ដោយយកចុងដៃអាវ ម្ខាងចងជាប់នឹងបង្គោលដែលដាំលើដងផ្លូវ ហើយយកចុងដៃអាវម្ខាងទៀតទៅចងជាប់ នឹងកាងម៉ូតូខាងក្រោយ ជិះម៉ូតូទៅមុខ ព្រមទាំធ្វើការថត វីដេអូបង្ហោះនៅលើបណ្តាញសង្គម Tik Tok កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ ចំណុចលើផ្លូវកៅស៊ូ ស្ថិតក្នុងភូមិខ្សាច់ប្រឆេះក្រោម ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ប្រាកដមែន។

ដោយមានមតិដឹកនាំរបស់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ឧត្តម សេនីយ៍ឯក អគ្គស្នងការរង ព្រមទាំងមានការឯកភាពពីតំណាងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១៣ ខែកក្តដា ឆ្នាំ២០២៥ សមត្ថកិច្ចជំនាញ បានឱ្យក្មេងទំនើងទាំង៣នាក់ ថតវីដេអូសុំទោសជាសាធារណៈបង្ហោះនៅបណ្តាញសង្គម ហ្វេសប៊ុក និងតិកតុក និងបានធ្វើកិច្ចសន្យាអប់រំណែនាំ ដោយមានការធានាពីអាណាព្យាបាល របស់យុវជនទាំង៣នាក់ខាងលើ ដើម្បីអប់រំនៅមូលដ្ឋានបន្ត៕

RELATED ARTICLES