រាជធានីភ្នំពេញ ៖ ជិះម៉ូតូដើរលេងជាមួយសង្សារត្រូវជនសង្ស័យឆក់កាបូបមិនបានសម្រេចធាក់ជនសង្ស័យ មួយជើងបណ្តាលឲ្យដួលម៉ូតូត្រូវប្រជាពលរដ្ឋនាំគ្នាព្រួតចាប់បានទាំង២នាក់កាលពីវេលា ម៉ោង១០យប់ថ្ងៃទី៧ ខែមីនាឆ្នាំ២០១៧ តាមបណ្តោយផ្លូវ៤៧កែងផ្លូវ៨២ នៅចំណុចជិត ស្ថានីយប្រេងឥន្ធនៈToTal ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
ជនរងគ្រោះមានឈ្មោះ សំ ស្រីលីន ភេទស្រី អាយុ២២ឆ្នាំ ស្នាក់នៅភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។ ចំណែកជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ ហ៊ីម អះរី ភេទប្រុសអាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ អ្នកឆក់ និងជនសង្ស័យជាអ្នកបើកម៉ូតូមានឈ្មោះសៀង សុភារ៉ា អាយុ17ឆ្នាំ ភេទប្រុស មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ព្រែក ខណ្ឌជ្រោយចង្វារ។
តាមប្រភពពត៌មានពីជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុគាត់ជាមួយនឹងសង្សាររបស់គាត់ទើបនឹងចេញមកពីកោះពេជ្រដើរលេងរួចជិះម៉ូតូរកកន្លែងញុំាអាហារ
ស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកនិច ពណ៌ក្រហមពាក់ ស្លាកលេខភ្នំពេញ1GA9630បានជិះហួសទៅមុខហើយជនសង្ស័យបានបត់ត្រឡប់ក្រោយវិញហើយធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់ជនរងគ្រោះ តែឆក់មិនបានសម្រេចដោយសារជនរងគ្រោះបានទាញកាបូបមកវិញហើយធាក់ជនសង្ស័យបណ្តាលអោយដួលម៉ូតូត្រូវប្រជាពលរដ្ឋនាំគ្នាវាយមួយដៃមួយជើងម្នាក់បណ្តាលអោយរងរបួសយ៉ាងដំណំស្របពេលនោះដែរក៏មាននគរបាលប៉ុស្តិ៍ស្រះចកកំពុងតែល្បាតធ្វើការអន្តរាគមន៍ឃាត់បានភ្លាមៗយកទៅប៉ុស្តិ៍ដើម្បីសួរនាំ។
ជនសង្ស័យទាំង២នាក់បានសារភាពថាពួកគេទាំងពិតជាបានធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់ជនរងគ្រោះពិតមែន កន្លងមកធ្លាប់ធ្វើសកម្មភាពឆក់កាបូបបាន២ដង ។
នៅក្នុងកាបូបដែលជនសង្ស័យឆក់មិនបានសម្រេចមានប្រាក់ចំនួន30$ ទូរស័ព្ទដៃម៉ាកIPhone 5មួយគ្រឿង និងសម្ភារះមួយចំនួនទៀត។
ក្រោយពេលកើតហេតុជនសង្ស័យទាំង២នាក់ត្រូវនគរបាលប៉ុស្តិ៍ស្រះចកកសាងសំណុំរឿងបញ្ចូនទៅកាន់អធិការដ្ឋានខណ្ឌដូនពេញបន្តដើម្បីចាត់ការទៅតាមនីតិវិធី ។ ចំណែកកាបូប របស់ជនរងគ្រោះសមត្ថកិច្ចប្រគល់ឲ្យវិញ ៕ ឥន សាន់ស៊ីដេត