ភ្នំពេញ ៖ ទីតាំងលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (អនឡាញ) ជាច្រើនកន្លែង នៅក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ និងបឹងកេងកងទី៣ ខណ្ឌបឹងកេងកង ត្រូវបានកម្លាំងចម្រុះ នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្ក្រាបជាបន្តបន្ទាប់ ដោយឃាត់ខ្លួនជនជាតិចិន និងជនជាតិវៀតណាម សរុបចំនួន១០០នាក់ ដកហូតឧបករណ៍ប្រព្រឹត្តបទល្មើសជាច្រើន។

ប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នេះ បានធ្វើឡើងជាបន្តបន្ទាប់នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ក្រោមការដឹកនាំដោយលោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ និងមាន ការចូលរួមពីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ផងដែរ។

តាមព័ត៌មានឱ្យដឹងថា ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ធ្វើឡើងជាបន្តបន្ទាប់នៅក្នុងទីតាំងផ្សេងគ្នា ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង និងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ក្នុងនោះមូលដ្ឋានសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ត្រូវគេដឹងថា ធ្វើឡើងតាំងពី វេលាម៉ោង១២ថ្ងៃត្រង់ រហូតដល់ក្បាលព្រលប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ដោយសមត្ថកិច្ចចម្រុះបានធ្វើការឆែកឆេរវីឡាចំនួន៥ នៅក្នុង បុរីអង្គរ។

នៅក្នុងប្រតិបត្តិការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះបានធ្វើការឆែកឆេរឃាត់ខ្លួនជនសង្ស័យ ជាជនបរទេសសរុប ចំនួន១០០នាក់ ក្នុងនោះ ជនជាតិចិនតៃវ៉ាន់ ចំនួន៧៥នាក់ ជនជាតិចិន ចំនួន២៤នាក់ និងជនជាតិវៀតណាម ចំនួន១នាក់ ព្រមទាំងដកហូតសម្ភារៈប្រព្រឹត្តបទល្មើស រួមមាន ៖ ទូរស័ព្ទ ៤៦៩គ្រឿង កុំព្យូទ័រ ចំនួន១២២គ្រឿង Laptop ចំនួន៥គ្រឿង លិខិតឆ្លងដែន ចំនួន៣៤ក្បាល (ចិនតៃវ៉ាន់) រថយន្ត ចំនួន២គ្រឿង និងស៊ីមទូរស័ព្ទ ជាច្រើន (មិនទាន់ប្រើប្រាស់)។

ជនសង្ស័យ ព្រមទាំងសម្ភារៈជាវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីបន្ត៕