ខេត្តកណ្តាល ៖ គូសង្សារ ១គូ បានអង្គុយលេងសាងសងស្នេហានៅក្នុងដីឡូត៍មួយកន្លែង ស្រាប់តែលេចមុខជន សង្ស័យម្នាក់ ប្រដាប់ដោយកាំបិតប៉័ងតោ បានដើរទៅធ្វើសកម្មភាពភ្ជង់ខាងស្រី ប្លន់យកកាបូបលុយ ទូរស័ព្ទ និងម៉ូតូ តែជនរងគ្រោះមិនព្រមឱ្យតាមសម្រួល ទើបជនសង្ស័យបានកាប់ចំនួន២កាំបិត បណ្តាលឱ្យរងរបួស ប្លន់កាបូបនារីរងគ្រោះ រត់គេចខ្លួន ដោយលោតតោងរថយន្តដឹកទំនិញ ១គ្រឿង កំពុងបើកតាមផ្លូវ បំណងរត់គេច តែតោងមិនជាប់ ក៏របូតដៃធ្លាក់បែកក្បាល និងត្រូវសង្សាររបស់នារីរងគ្រោះ ព្រមទាំងប្រជាពលរដ្ឋ ដេញចាប់ ក្របួចជាប់ ប្រគល់ឱ្យសមត្ថកិច្ច នាំយកទៅចាត់ការតាមច្បាប់។

ករណីកាប់ប្លន់នេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចដីវាល១កន្លែង តាម បណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិទន្លាប់ខ្ពស់ត្បូង ឃុំដំណាក់អម្ពិល ស្រុកអង្គស្នួល។

ជនរងគ្រោះ មានឈ្មោះវឿន ស្រីតូច ភេទស្រី អាយុ២៣ឆ្នាំ មុខរបរបុគ្គលិករោងចក្រ រងរបួសមុតរលាត់ស្មាខាងស្តាំ។ ចំណែកជនសង្ស័យដែលត្រូវបានឃាត់ខ្លួន មានឈ្មោះគាំ សុរដ្ឋ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិព្រៃក្រាយ ឃុំព្រៃពួច ស្រុកអង្គស្នួល (មានសារធាតុញៀនក្នុងទឹកនោម) ជនសង្ស័យមានស្នាមរងរបួសក្បាលដេរ ១០ថ្នេរ ក្រោយពីលោតតោងរថយន្តដឹកទំនិញ បម្រុងគេចខ្លួន តែតោងមិនជាប់ របូតដៃធ្លាក់បែកក្បាល។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ នារីរងគ្រោះឈ្មោះវឿន ស្រីតូច និងសង្សារ កំពុងអង្គុយលេង និងហូបអីនៅចំណុចដីវាល ១កន្លែង ត្រង់ចំណុចកើតហេតុខាងលើ។ ស្រាប់តែបន្តិចក្រោយមក លេចមុខជនសង្ស័យឈ្មោះគាំ សុរដ្ឋ កាន់កាំបិតប៉័ងតោ ដើរចូលទៅជិតនារីរងគ្រោះ រួចភ្ជង់ប្លន់ទូរស័ព្ទ កាបូបលុយ និងម៉ូតូ រួចហើយក៏បានទាញយកសោម៉ូតូពីនារីរងគ្រោះ តែពេលនោះនារីរងគ្រោះនិងសង្សារ បានជួយទាញកញ្ឆក់យកកូនសោម៉ូតូមកវិញ។ ឃើញដូចនេះ ជនសង្ស័យបានកាប់ទៅលើនារីរងគ្រោះ ចំនួន២កាំ បិត ចំស្មាខាងស្តាំ រួចទាញឆក់យកកាបូបស្ពាយពីជនរងគ្រោះ ហើយក៏ផ្លោះរបងរត់តោងឡើងរថយន្តដឹកទំនិញ ១គ្រឿង ដែលកំពុងធ្វើដំណើរតាម ផ្លូវជាតិ លេខ៤ ដើម្បីគេចខ្លួន តែតោងមិនជាប់ ក៏របូតដៃធ្លាក់រងរបួសក្បាលខ្លួនឯង។ បន្ទាប់មក ជនសង្ស័យបន្តរត់គេចខ្លួន តែត្រូវបានសង្សារ របស់នារីរងគ្រោះ និងអ្នកធ្វើដំណើរក្បែរនោះតាមជួយឃាត់ខ្លួនបាន និងយកកាបូបមកវិញ។ ក្រោយមក ជនរងគ្រោះបានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដំណាក់អម្ពិល ចុះឃាត់ខ្លួនជនសង្ស័យយកទៅសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពកាប់ប្លន់នារីរងគ្រោះ ប្រាកដមែន។ ជនសង្ស័យ បានសារភាពបន្តថា ខ្លួនធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល ១លើក រយៈពេល១ឆ្នាំ៦ខែ ពីបទជួញដូរគ្រឿងញៀន ហើយខ្លួនចេះប្រើប្រាស់គ្រឿងញៀន រយៈពេល៣ឆ្នាំមកហើយ។

ជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕