Sunday, July 27, 2025
Homeតារាខ្មែរពេជ្រ វត្តីសារ៉ាវឌ្ឍី អ្នករិះគន់ ពេញចិត្ត

ពេជ្រ វត្តីសារ៉ាវឌ្ឍី អ្នករិះគន់ ពេញចិត្ត

ភ្នំពេញ ៖ តារាបង្ហាញម៉ូដ និងសម្ដែង កញ្ញាពេជ្រ វត្តីសារ៉ាវឌ្ឍី ត្រូវបានអ្នកលេងបណ្ដាញសង្គម និងតារារួមអាជីព ដូចជាលោក ម៉ៃ សុគន្ធ និងអាណា រ៉ូស រួមទាំងតារាមួយចំនួនទៀត និង Fan បានរិះគន់នាងថា មិនយល់ការណ៍ មិនចេះឈឺចាប់ គេមើលងាយដល់ជាតិសាសន៍ប៉ុណ្ណឹងហើយ បែរជានៅលើគណនីហ្វេសបុក របស់នាង នៅតែដាក់អក្សរធំៗថាជាម្ចាស់ជ័យលាភីលំដាប់រងទី៥ Miss Grand International 2022  (5th Miss Grand International 2022) ដែលមានតា ណាវ៉ាត់ ជាជនជាតិថៃ នាយកប្រតិ្ដបត្តិ និងជាស្ថាបនិកកម្មវិធីប្រកួតបវរកញ្ញា Miss Grand Thailand និង Miss Grand International ដែលពួកគេសង្ស័យថា វត្តីសារ៉ាវឌ្ឍី អាចនៅស្ដាយក្រេឌីតមួយនេះ ទើបមិនហ៊ានដកឡូហ្គោនេះចេញ និងថាសកម្មភាពរបស់ពេជ្រ វត្តីសារ៉ាវឌ្ឍី បែបនេះ គឺផ្ទុយគ្នាស្រឡះទៅនឹងក្រុមតារាថៃ ដែលពួកគេភាគច្រើនប្រមាថដល់កម្ពុជា កាន់តែខ្លាំង ពិសសេសអំឡុងពេលដែលប្រទេសទាំងពីរកំពុងតែមានការផ្ទុះអាវុធនៅតាមតំបន់ព្រំដែន។

  យ៉ាងណា ដោយមើលឃើញសន្ទុះវាយប្រហារលើខ្លួន ចាប់ផ្ដើមផុសផុល កាន់តែពិបាកទប់ទល់នោះ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នា២០២៥ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានដកចេញនូវ អក្សរសម្គាល់ជាក្រេឌីតរបស់នាង 5th Miss Grand International 2022 ចេញពីលើគណនីហ្វេសប៊ុក របស់នាងទៅហើយ ទើបធ្វើឲ្យអ្នករិះគន់ និងស្នើសុំលើនាងកុំឲ្យបន្ដប្រើឈ្មោះនេះទៀត មានការរីករាយ និងថានាងជាតារាម្នាក់ដែលចេះសម្របខ្លួនបានល្អ ហើយឈរនៅខាងអ្នកគំាំទ្រកម្ពុជាជានិច្ច។ សកម្មភាពរបស់វត្តីសារ៉ាវឌ្ឍី ជាគំរូរមួយល្អសម្រាប់តារាឬបុគ្គលផ្សេងទៀតដែលធ្លាប់និយមលើកតម្កើងសៀម នោះ អាចនឹងធ្វើតាមនាង អំឡុងពេលដែលប្រទេសកម្ពុជា និងថៃ កំពុងតែមានបញ្ហាវិវាទព្រំដែនយ៉ាងក្ដៅគគុកបែបនេះ ។

  អ្នកយកព័តមាន «នគរធំ» បានទូរស័ព្ទទៅពេជ្រ វត្តីសារ៉ាវឌ្ឍី នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ តែហៅចូលជាច្រើនដង គ្មានអ្នកទទួល។ ប៉ុន្តែនៅលើហ្វេសបុក របស់នាង នៅថ្ងៃនេះដែរ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហាញពីសកម្មភាពសប្បុរសធម៌របស់នាង តាមរយៈការទៅបរិច្ចាគឈាម ដោយនាងអះអាងថា ដើម្បីជាការត្រៀមនៅពេលបន្ទាន់ណាមួយ ក្នុងបុព្វហេតុមនុស្សធម៌  និងទឹកចិត្តស្នេហាជាតិមាតុភូមិ រួមទាំងគាំទ្រដល់យុទ្ធជន ដែលកំពុងការពារបូរណភាពទឹកដី។

 សូមបញ្ជាក់ថា ក្រោយលុបចេញ 5th Miss Grand International 2022 ជាបន្ទាន់ ទៅតាមសំណូមពរម ហាជននោះ ពេលនេះពេជ្រ វត្តីសារ៉ាវឌ្ឍី កំពុងតែផ្ដោតលើការដណ្ដើមពានក្នុងកម្មវិធីប្រលងបវរកញ្ញាក្នុងស្រុក Miss Universe Cambodia 2025 ដែលកម្មវិធីនេះ ម្ចាស់កម្មវិធី ប្រាសាទ ដាវីន មិនមែនជាជនជនថៃ ឡើយ ។ ប៉ុន្ដែតាមព័តមានថា វត្តីសារ៉ាវឌ្ឍី ត្រូវប្រឈមមុខនឹងបេក្ខភាព ២រូបទៀត ដែលអាចប្រជែងជាមួយនាងនោះ គឺស្រីស្រស់ សុខគា គីមលាង និង ថៃ នារីសុជាតា បើទោះជានាងមានប្រៀបជាងគេក្ដី ។ ប្រសិនបើ វត្តីសារ៉ាវឌ្ឍី លើកពាន Miss Universe Cambodia 2025 នោះនាងនឹងធ្វើជាអ្នកតំណាងកម្ពុជា ទៅប្រកួត Miss Universe 2025 នៅប្រទេសឥណ្ឌា នាពេលខាងមុខនេះ។

ដោយឡែកអ្នកស្និទ្ធ ពេជ្រ វត្តីសារ៉ាវឌ្ឍី បង្ហើបថា បវរកញ្ញារូបនេះ មានភាគរយខ្ពស់ដែលអាចឈ្នះនាដការីសុខគា គីមលាង ព្រោះតែនាងហ៊ានលេងឈុតប៊ីគីនី មួយអស់ដៃ ខណៈដែលគីមលាង ហៅកូនស្រមោច នៅស្ទាក់ស្ទើរ ដោយសារតែនាងជាគ្រូបង្ហាត់របាំ បុរាណ និងរបាំព្រះរាជទ្រព្យ  អីចឹងហើយ វត្តីសារ៉ាវឌ្ឍី ពិបាករកហេតុ ផលណាមួយដែលធ្វើឲ្យប្រាសាទ ដាវីន ទម្លាក់ចេញពីកម្មវិធីបាន ។

  គួររំលឹកថា ពេជ្រ វត្តីសារ៉ាវឌ្ឍី ម្ចាសកមកុដ Miss Grand Cambodia 2022 មានសម្រស់ផូរផង់ អាយុ២៥ឆ្នាំ ទាំងកម្ពស់ ១,៧៧ម៉ែត្រ ជាតារាម៉ូដែលដ៏ទាក់ទាញម្នាក់ ដែលធ្លាប់ថតភាពយន្ដរឿង «ប្ដីគេ» និងរឿង «ខ្មោចខ្លឹមត្រាច» ជាដើម ។ ស្រីស្អាតរូបនេះ មានស្រុកកំណើតនៅខេត្តព្រះសីហនុ ជាមុខសញ្ញានៃការតាមប្រមាញ់ស្នេហ៍ពីប្រុសទ្រព្យស្ដុក តែនាងមិនធ្លាប់បង្ហាញគូស្នេហ៍ជាសាធារណៈឡើយ ៕

RELATED ARTICLES