Sunday, July 27, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លើងឆេះហាងលក់ចំណីសត្វ ជាប់ស្ត្រីពោះធំ

ភ្លើងឆេះហាងលក់ចំណីសត្វ ជាប់ស្ត្រីពោះធំ

 ភ្នំពេញ ៖ ហាងលក់ចំណីសត្វមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះ សង្ស័យផ្តើមចេញពីការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង) បណ្តាលឱ្យស្ត្រីមានផ្ទៃពោះម្នាក់ បានជាប់នៅក្នុងនោះ តែភ្លាមៗ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញចុះអន្តរាគមន៍សង្គ្រោះចេញបានដោយសុវត្ថិភាព និងបាញ់ទឹកពន្លត់ភ្លើងភ្លាមៗ។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង ៧និង១០នាទីព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចហាងលក់ចំណីសត្វ យីហោ VVV PET MART  ផ្ទះលេខ១២០ តាមផ្លូវ Commercial បុរីជីបម៉ុង ២៧១ ស្ថិតក្នុងភូមិ១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញមានផ្សែងខ្មួលខ្មាញ់ បានហុយចេញ ពីហាងលក់ចំណីសត្វ ខាងលើ ធ្វើឱ្យមានការផ្អើលឆោឡោ ដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរខាង ប្រញាប់រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចមូលដ្ឋាន ដើម្បីទាក់ទង ទៅខាងកម្លាំងជំនាញអគ្គិភ័យ ចុះអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ។

ប្រភពដដែល បន្តថា នៅអំឡុងពេលកើតហេតុនោះ មានស្ត្រីមានផ្ទៃពោះជិតគ្រប់ខែម្នាក់ បានជាប់នៅក្នុងហាងលក់ចំណីសត្វ ដែលកំពុងរងការឆាបឆេះនោះផងដែរ តែភ្លាមៗ ត្រូវបានកម្លាំងសមត្ថកិច្ចចុះមកអន្តរាគមន៍ ចូលទៅបាញ់ទឹកពន្លត់ ព្រមទាំងរំដោះស្ត្រីមានផ្ទៃពោះខាងលើ ចេញមកក្រៅ បានដោយសុវត្ថិភាពទាន់ពេលវេលា។

តាមប្រភពសមត្ថកិច្ចជំនាញ បានឱ្យដឹង ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យ និងបង្កឱ្យឆេះខូចខាតផ្ទះល្វែង ចំនួន១ល្វែង រួមមាន បន្ទប់ចំនួន៣បន្ទប់ ម៉ាស៊ីនត្រជាក់ ចំនួន៥ Nគ្រឿង កុំព្យូទ័រ ចំនួន២គ្រឿង ទូទឹកកក ចំនួន២គ្រឿង ទូរទស្សន៍ ចំនួន១គ្រឿង រួមទាំងសម្ភារក្នុងហាងចំណីសត្វអស់ ប្រមាណ៨០ភាគរយ តែពុំបណ្តាលឱ្យឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។

ដោយឡែក នៅក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើ កម្លាំងជំនាញ បានប្រើប្រាស់រថយន្តការិយាល័យអគ្គិ ភ័យរាជធានីភ្នំពេញ ចំនួន ១២គ្រឿង ប្រើប្រាស់ទឹក អស់ចំនួន១២ឡាន ស្មើនឹង៤៨ម៉ែត្រគូប និងមានរថយន្តជំនួយរបស់ក្រសួងមហាផ្ទៃ ចំនួន២គ្រឿង ពុំបានប្រើប្រាស់ទឹក រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១ឡាន ស្មើនឹង ៦ម៉ែត្រគូប និងរថយន្តពន្លត់អគ្គិភ័យរបស់បុរីជីប ម៉ុង ចំនួន១គ្រឿង ប្រើប្រាស់ទឹក ១ឡាន ស្មើនឹង ៦ម៉ែត្រគូប និងអាចគ្រប់គ្រងស្ថានការណ៍បាន (ភ្លើងរលត់ទៅវិញទាំងស្រុង) នៅវេលាម៉ោង៨និង៥០នាទីព្រឹក ថ្ងៃដដែល៕

RELATED ARTICLES