Sunday, July 27, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ម៉ន ដានី តុលាការកាត់ទោសដាក់គុក១ឆ្នាំ

 ម៉ន ដានី តុលាការកាត់ទោសដាក់គុក១ឆ្នាំ

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ បានប្រកាសសាលក្រមផ្តន្ទាទោសលោកស្រី ម៉ន ដានី ដាក់ពន្ធនាគារ កំណត់១ឆ្នាំ និងតម្រូវឱ្យសងប្រាក់ទៅដើមបណ្តឹងរដ្ឋប្បវេណី ករណីចេញសែកស្អុយ ប្រមាណ ៥ម៉ឺនដុល្លារ។ នេះគ្រាន់តែសំណុំរឿង១ ក្នុងចំណោមសំណុំរឿងជាច្រើនរបស់ម្ចាស់បុរី ម៉ន ដានី ដែលតុលាការនឹងលើកយកមកជំនុំជម្រះជាបន្តបន្ទាប់។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ សាលាដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំរឿងព្រហ្មទណ្ឌ១ ពាក់ព័ន្ធនឹងម្ចាស់បុរី ម៉ន ដានី មកបើកសវនាការជំនុំជម្រះទោស ករណីចេញសែកស្អុយ ប្រមាណ៥ម៉ឺនដុល្លារ ដែលសវនាការនោះ ធ្វើឡើងជាសាធារណៈ ដឹកនាំដោយលោកទីវ គឹមពិសាល ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ និងនៅចំពោះមុខជនជាប់ចោទ ឈ្មោះម៉ន ដានី ភេទស្រី អាយុ៣៨ឆ្នាំ និងមេធា វីការពារសិទ្ធិតាមផ្លូវច្បាប់ រួមទាំងភាគីដើមបណ្តឹងរដ្ឋប្បវេណីផងដែរ។

សវនាការបានធ្វើការសាកសួរដេញដោលទៅលើជនជាប់ចោទ អស់រយៈពេលជាច្រើនម៉ោង តាមបណ្តឹង ចោទប្រកាន់ពីបទមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន (ចេញសែកស្អុយ ដែលមានសាច់ ប្រាក់ប្រមាណ៥ម៉ឺនដុល្លារ)។

នៅក្នុងសវនាការមេធាវីការពារក្តីឱ្យជនជាប់ចោទ ម៉ន ដានី បានបញ្ជាក់ថា បណ្តឹងលើទឹកប្រាក់ ៥ម៉ឺនដុល្លារនោះ កូនក្តីបានសងទៅដើមបណ្តឹង ចំនួន៣ម៉ឺនដុល្លាររួចហើយ នៅសល់តែ២ម៉ឺនដុល្លារទេ និងសន្យាសងជាបន្តបន្ទាប់ទៀត ដូច្នេះមិនគួរត្រូវប្តឹងនោះឡើយ គួរទុកពេល ឱ្យកូនបំណុល រកលុយដោះទៅតាមលទ្ធភាព។ ក្រោយបញ្ចប់សវនាការ ចៅក្រមជំនុំជម្រះបានកំណត់យកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ពេលព្រឹក ដើម្បីប្រកាសសាលក្រមផ្តន្ទាទោសលើជនជាប់ចោទ។

សូមបញ្ជាក់ថា ថៅកែបុរី ម៉ន ដានី មានលំនៅ ផ្ទះលេខបេ៤៨ ផ្លូវបេតុង ភូមិត្រពាំងអណ្តូង សង្កាត់ត្រពាំងក្រ សាំង ខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងសមត្តកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាប់ ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ នៅច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ ខណៈកំពុងធ្វើដំណើរឆ្លងកាត់នៅទីនោះ បម្រុងគចខ្លួនទៅក្រៅប្រទេស ដែលការចាប់ខ្លួននោះ សមត្ថកិច្ចបានធ្វើឡើងតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។ ក្រោយចាប់ខ្លួន សមត្ថកិច្ចបានបញ្ជូនជនជាប់ចោទ ទៅសាលាដំបូងរាជធានីភ្នំពេញ។ លុះនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ចៅស៊ើបសួរ បានសម្រេចឃុំខ្លួនថៅកែបុរី ម៉ន ដានី ដាក់ពន្ធនាគារ (ម២) ព្រៃស បណ្តោះអាសន្ន។

តាមប្រភពព័ត៌មាន បានបង្ហើបប្រាប់ថា ថៅកែបុរី ម៉ន ដានី នៅជាប់បណ្តឹងជាច្រើនករណីទៀត អាចរហូតដល់ទៅជាង ៣០បណ្តឹងឯណោះ ពាក់ព័ន្ធករណីចេញសែកស្អុយ ឱ្យអតិថិជនទិញ-លក់គម្រោងបុរី ផ្ទះល្វែង ដែលបណ្តឹងទាំងអស់នោះតុលាការ នឹងលើកយកមកបើកសវនាការជាបន្តបន្ទាប់៕

RELATED ARTICLES