ភ្នំពេញ ៖ នារីម្នាក់ចេញពីក្លឹបបំរុងដើរទៅផ្ទះវិញត្រូវបានក្រុមចោរមួយក្រុមដើរតាមពី ក្រោយនិងបានធ្វើសកម្មភាពស្ទាក់ប្លន់បានសម្រេច បង្កអោយមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៉ី មុខមហាវិទ្យាល័យសង្គមសាស្ត្រនិងមនុស្សសាស្ត្រ ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
បើតាមសម្តីពីនារីរងគ្រោះសូមមិនបញ្ចេញឈ្មោះ បានរៀបរាប់អោយដឹងថានៅពេលកើត ហេតុរូបនាងបានទៅរាំលេងនៅក្នុងក្លឹបកំសាន្ត អាវ៉ូឡូន ហើយនាងបានទាស់សម្តីជា មួយបុរសជាសង្សារដែលជាបុគ្គលិកបំរើការនៅក្នុងក្លឹបនោះរូបនាងបានដើរចេញពីក្លឹប បំរុងទៅផ្ទះជួលវិញនៅម្តុំវត្តអង្គទៅមិញ លុះមកដល់ចំនុចកើតហេតុខាងលើក៏ស្រាប់តែ មានជនសង្ស័យមួយក្រុមមានគ្នាបួននាក់ ក្នុងនោះមានម្នាក់បានជិះម៉ូតូម៉ាកគុបមួយគ្រឿង មិនចាំស្លាកលេខបានជិះទៅឈប់ខាងមុខនាងប្រមាណជាង១០ម៉ែត្រ ចំណែកជនល្មើសចំនួនបីនាក់ទៀតបានដើរមកពីក្រោយរូបនាក់ រួចក៏បានធ្វើសកម្មភាពប្លន់យកកាបូបស្ពាយចំហៀងនិងគំរាមអោយនាងដោះកងដៃនិងខ្សែកអោយទៅពួកគេ។ខណៈពេលមានប្រជាពលរដ្ឋដែលជិះម៉ូតូឆ្លងកាត់ឃើញហើយក៏បានស្រែកឆោឡោទើបក្រុមចោរទាំងនោះនាំគ្នារត់គេចខ្លួនបាត់ដោយសុវត្ថិភាព។ ទ្រព្យសម្បត្តិដែលជនសង្ស័យប្លន់យកទៅនោះគឺមាន ទូរស័ព្ទIPHONE 6មួយគ្រឿង និងលុយចំនួន៣០០ដុល្លារ។
ក្រោយពេលកើតហេតុដោយសារតែពុំមានឃើញសមត្ថកិច្ចមូលរដ្ឋានចេញមកអន្តគមន៍ទើបនារីរងគ្រោះសម្រេចចិត្តហៅម៉ូតូឌុបជិះត្រលប់ទៅផ្ទះជាមួយសង្សារវិញទាំងអស់
សង្ឃឹម៕ សោល វ៉ាន់ណាល់