Sunday, July 27, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គម បង្ក្រាបបទល្មើសនេសាទ លែងកូនត្រីចម្រុះ ជាង១តោន ចូលបឹងធម្មជាតិ

 បង្ក្រាបបទល្មើសនេសាទ លែងកូនត្រីចម្រុះ ជាង១តោន ចូលបឹងធម្មជាតិ

ខេត្តព្រៃវែង ៖ អាជ្ញាធរស្រុកពាមរក៍ សហការជាមួយនឹងកម្លាំងសហគមន៍ពាមមានជ័យ បានចុះបង្ក្រាបបទ ល្មើសនេសាទ នៅចំណុចវាលបឹងធម្មជាតិ ក្បែរព្រំប្រទល់ស្រុកល្វាឯម ខេត្តកណ្តាល ដោយបានកាត់បំផ្លាញរបាំងស្បៃមុង រាប់រយម៉ែត្រ និងបានចាក់លែងកូនត្រីចម្រុះ ជាង១តោន ចូលទៅក្នុងបឹងធម្មជាតិវិញ កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។

លោកប៉ែត សាវេន អភិបាលរងស្រុកពាមរក៍ បានឱ្យដឹងថា ក្នុងរដូវបិទនេសាទនេះ រូបលោកតែងតែដឹកនាំមន្ត្រីជំនាញ សហការជាមួយនឹងកម្លាំងសហគមន៍ ធ្វើការចុះល្បាតនៅតាមដងទន្លេ ព្រែកបឹងធម្មជាតិ ក្នុងភូមិសាស្ត្រ ស្រុកពាមរក៍ ជាប់ជាប្រចាំ ដើម្បីការពារកុំឱ្យមានជន ឆ្លៀតឱកាសលួចធ្វើការនេសាទ ដែលធ្វើឱ្យប៉ះពាល់ទៅដល់ប្រភពធនធានមច្ឆជាតិរបស់យើង។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅពេលដែលកម្លាំងរបស់លោក ជិះទូកល្បាតទៅដល់ចំណុចវាលបឹងធម្មជាតិ ក្បែរព្រំប្រទល់ស្រុកល្វាឯម ខេត្តកណ្តាល ក៏បានប្រទះឃើញរបាំងស្បៃមុង រាប់រយម៉ែត្រ ត្រូវបានគេលួចដាក់ពង្រាយពេញវាល ដើម្បីចាប់ត្រី ទើប រូបលោក និងមន្ត្រីជំនាញ នាំគ្នាធ្វើការបង្ក្រាបភ្លាមៗតែ​ម្តង។

លោកប៉ែត សាវេន បានបន្តថា ជាលទ្ធផលក្នុងការបង្ក្រាបនេះ កម្លាំងរបស់លោកបានកាត់បំផ្លាញរបាំងស្បៃមុង បានចំនួន ៣៧៨០ម៉ែត្រ ដកបំផ្លាញបង្គោលស្បៃមុង បានចំនួន ៦៣០បង្គោល ដុតបំផ្លាញលូស្បៃមុង បានចំនួន ៥៤មាត់លូ និងចាក់លែងកូនត្រីចម្រុះ ចូលទៅក្នុងបឹងធម្មជាតិវិញ បានចំនួន១៣៥០គីឡូក្រាម។

លោកអភិបាលរងស្រុក បានបញ្ជាក់ថា ក្នុងពេលដែលកម្លាំងរបស់លោក កំពុងបង្ក្រាបបទល្មើសនេសាទនេះ ក៏មានប្រជាពលរដ្ឋប្រមាណ១០គ្រួសារ មានការភ្ញាក់រលឹក ហើយបានចូលខ្លួនមកសុំអាជ្ញាធរ ធ្វើការសារប្រមូលរបាំងស្បៃមុង របស់ខ្លួនចេញវិញ ហើយសន្យាថា ឈប់ លួចដាក់របាំងស្បៃមុងនេះតទៅទៀតហើយ៕

RELATED ARTICLES