ភ្នំពេញ ៖ អ្នកភូមិសំរោងកណ្តាល ក៍ដូចជាបណ្ដាភូមិតាមជាយក្រុងនិងស្រុកស្រែចម្ការ
តែងតែរៀបចំធ្វើបុណ្យដារលាន ឬបុណ្យសែនស្រូវ ឬតំបន់ខ្លះហៅបុណ្យភូមិ ជាប្រពៃណីមួយតមកតាំងពីដូនតា ដែលត្រូវបានធ្វើជារៀងរាល់ឆ្នាំ ក្នុងអំឡុងខែមករា កុម្ភៈ ឬ ខែមីនា ទៅតាមភូមិនីមួយៗ តែភាគច្រេីនគេច្រេីនធ្វេីនៅខែបុស្ស ក្រេាយពីប្រមូលផលស្រូវអស់ពីស្រែ និងពីលាន ដែលចាស់ៗនិយាយខែបុស្ស បេាសលាននេាះ ដើម្បីរំឭកគុណដល់ទឹក ដី និងអាកាសធាតុសម្រាប់ការបង្កបង្កើនស្រូវក្នុងមួយឆ្នាំៗ។
ដេាយឡែកសម្រាប់ភូមិសំរោងកណ្តាល ក៏ដូចជាភូមិដទៃទៀតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ
ដែលតែងតែប្រារពពិធី«បុណ្យដារលាន ឬសែនស្រូវ»ជារៀងរាល់ឆ្នាំមិនដែលអាក់ខាន ឡើយក្រោយពីអ្នកភូមិបានប្រមូលផលស្រូវរួចរាល់ រីឯកន្លែងខ្លះធ្វេីឡេីង ដើម្បីសុំស្រណុកសុខសប្បាយដល់សត្វពាហណៈនិងមនុស្សម្នាក្នុងភូមិទាំងមូល។
ចាប់ពីខែមករា-កុម្ភៈនិង មីនា ឆ្នាំ២០១៧ ក្រៅពីភូមិសំរោងកណ្តាល ក៏នៅមានភូមិផ្សេងៗទៀតដែរដែលបានប្រារពពីធី«បុណ្យដារលាន ឬសែនស្រូវ»ដូចគ្នានេះ។ ប្រជាពលរដ្ឋក្នុងភូមិទាំងមូល បានស្រុះស្រួលគ្នារៀបចំពិធី«បុណ្យដាលាន» ដើម្បីបង្កើតនូវភាពសប្បាយរីករាយ ជួបជុំសាច់ញាតិបងប្អូន ជាពិសេសការបង្ហាញនូវ«ផលស្រូវ» ដែលពួកគាត់កំពុងធ្វើ និងទទួលបានក្នុងឆ្នាំនេះ។
លោកឡុង ចំរើន មេភូមិសំរោងកណ្តាលបានប្រាប់ឲ្យដឹងថា ពិធី«បុណ្យដារលាន ឬសែនស្រូវ»នេះធ្វើឡើងតាមទំនៀមទម្លាប់ជារៀងរាល់ឆ្នាំ ក្នុងអំឡុងខែមករា កុម្ភៈ ឬខែមីនា ទៅតាមភូមិនីមួយៗដើម្បីរំឭកគុណដល់ទឹក ដី និងអាកាសធាតុ ដែលជាកត្តាសំខាន់ដល់ការបង្កបង្កើនផលស្រូវ។ លោកបន្តថា ពីធីបុណ្យនេះក៏មាននិមន្តព្រះសង្ឃសូត្រមន្តចម្រេីនព្រះបរិត្ត ដើម្បីសុំសិរីសួស្ដីជូនដល់ពលរដ្ឋក៏ដូចជាសុំឲ្យការបង្កបង្កើនស្រូវ បានផលច្រើនរាល់ឆ្នាំ និងក៏មានរាប់បាត្រដារឆ្លងជាកិច្ចបង្ហើយបុណ្យផងដែរ។ពីមុនក្នុងពិធីបុណ្យនេះគេលេងល្ខោន អាយ៉ៃ ឬចាប៉ីឆ្លងឆ្លើយ ទៅតាមចំណង់ចំណូលចិត្ត និងសទ្ធារបស់អ្នកភូមិ។ ឯបច្ចុប្បន្ននេះ គេចូលចិត្ត«ជួលធុងបាស់» ឬ«វង់ភ្លេងសម័យ» ដើម្បីរាំកម្សាន្តជាជំនួសវិញ។ លោកមេភូមិរូបនេះឧ្យដឹងបន្តថា ចំពោះការរៀបចំបុណ្យនេះមានរៀបចំជាលក្ខណៈគ្រួសារតាមផ្ទះនីមួយៗ ដោយមានការធ្វើនំបញ្ចុក ឫម្ហូបអាហាជាច្រើនទៀត ទៅតាមចំណងចំណូលចិត្តរបស់ពួកគេ និងប្រមូលរួមគ្នាយកទេយ្យទានទាំងឡាយ រួមទាំងចង្ហាន់បិណ្ឌបាតទៅក្នុង«សាលាបុណ្យ» នៅក្នុងភូមិ ដើម្បី វេរប្រគេនព្រះសង្ឃ។ ជាមួយគ្នានោះដែរ ក៏សម្រាប់ទទួលសាច់ញាតិបងប្អូន និងមិត្តភក្តិ ដែលបានចូលរួមក្នុងភូមិ និងមកពីទីជិត ទីឆ្ងាយជាដើមផងដែរ។
លោកប្រធានភូមិបានបញ្ជាក់ដែរថា បុណ្យដារលាន ឬ បុណ្យសែនស្រូវ នេះគេធ្វើឡេីងជារៀងរាល់ឆ្នាំ តាំងពីដូនតាមក ដោយធ្វើតាមទំនៀមទម្លាប់តាមបណ្តាភូមិនិមួយៗ។ កាលពីដើមមកចាស់ៗគាត់បានធ្វើពិធីសែនស្រូវនៅ តាមវាលស្រែឯណោះទេ ដោយយកស្រូវដែលកំពុងចេញផ្លែបន្តិចម្នាក់ៗមកគរលើគ្នា រួចធ្វើពិធីបួងសួងសុំសេចក្តីសុខសេចក្តីចម្រេីន និងសុំឲ្យស្រូវឆ្នាំនេះទទួលបានផលច្រើន។ លុះតក្រោយៗរៀងមកគេធ្វើពិធីបុណ្យដារលាន ឬបុណ្យសែនស្រូវនៅក្នុងភូមិជំនួសវិញ ដើម្បីបង្ហាញគ្នាទៅវិញទៅមក ពីភេាគផលស្រូវដែលទទួលបាន ហើយក៍ដើម្បីជាការជួបជុំបងប្អូនញាតិមិត្តជិតឆ្ងាយដែលបានមកចូលរួមជួបជុំបងប្អូនក្នុងភូមិកម្សាន្តសប្បាយក្រោយពីការនឿយហត់។
ពិធីនេះចាប់ផ្តើមពីម៉ោងមួយរសៀលថ្ងៃទី១ ដោយមានពីធីលេងភ្លេងចូលរូបពីលោកតាម្ចាស់ស្រុកសណ្ឋិតក្នុងរូបបុគ្គលណាម្នាក់បួងសួងសុំសេចក្តីសុខ រួចហើយសូត្រមន្ត ចម្រេីនព្រះបរិត្ត និងសម្តែងធម៌ទេសនា ពេលយប់រាំកម្សាន្ត។ ពេលព្រឹកថ្ងៃទី២ រាប់បាត ដារឆ្លងជាកិច្ចបង្ហើយបុណ្យ៕ មរកត
បុណ្យដារលាន ឬបុណ្យសែនស្រូវ ប្រារព្វឡើងរំឭកគុណទឹក ដី និងអាកាសធាតុ
RELATED ARTICLES