Thursday, July 17, 2025
Homeសង្គម និងជីវិតឃាត់ខ្លួនខ្មែរ១ នាំថៃ៦ លួចឆ្លងដែនខុសច្បាប់

ឃាត់ខ្លួនខ្មែរ១ នាំថៃ៦ លួចឆ្លងដែនខុសច្បាប់

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងចម្រុះការពារព្រំដែន បានឃាត់ខ្លួនជនសង្ស័យ ជាជនជាតិខ្មែរម្នាក់ ដែលបាននាំជនជាតិថៃ ចំនួន៦នាក់ ឆ្លងដែនដោយខុសច្បាប់ កាលពីយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅចំណុចភូមិបឹងរាំង ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ដែលឈមភាគីថៃ ភូមិបាណូន ឃុំផានសឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ។

លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការនគរបាលវរៈការពារព្រំដែនគោកលេខ៨១៥ បានបញ្ជាក់ប្រាប់ថា នៅពេលដែលកម្លាំងនគរបាលវរការពារព្រំដែនគោកលេខ៨១៥ បានសហការជាមួយកម្លាំងយោធាតំបន់ប្រតិ បត្តិការសឹងរងស្រុកម៉ាឡៃ បានចេញល្បាតតាមបន្ទាត់ព្រំដែន បានប្រទះឃើញជនជាតិថៃ ចំនួន៦នាក់ (ស្រីទាំងអស់) បានឆ្លងអូរពីថៃ ចូលមកកម្ពុជាដោយខុសច្បាប់ ហើយភ្លាមនោះ កម្លាំងបានធ្វើការស្រាវជ្រាវឃាត់ ខ្លួនបុរសជនជាតិខ្មែរ ម្នាក់ ដែលជាអ្នកនាំជនជាតិថៃ ទាំង៦នាក់ លួចឆ្លងដែន។

លោកបានបញ្ជាក់ថា ក្រោយកម្លាំងចម្រុះប្រទះឃើញជនជាតិថៃ ចូលមកទឹកកម្ពុជា ដោយខុសច្បាប់ ហើយបានណែនាំពួកគាត់ឱ្យត្រឡប់ចូលក្នុងទឹកដីថៃ វិញ។ ដោយឡែកពលរដ្ឋខ្មែរដែលជាអ្នកនាំផ្លូវ ត្រូវបានឃាត់ ខ្លួនពីបទនាំមនុស្សលួចឆ្លងដោយខុសច្បាប់ ត្រូវបានប្រគល់ជូនកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីចាត់ការតាមច្បាប់។

លោកវរសេនីយ៍ឯក សួង សៅ បានបញ្ជាក់ថា ជាការណែនាំពីលោកអ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលវរការពារព្រំដែនគោក លេខ៨១៥ បានសហការជាមួយកម្លាំងដែលកំពុងឈជើងតាមបន្ទាត់ព្រំដែនទប់ស្កាត់បទល្មើសឆ្លងដែន មានពលករឆ្លងដែនខុសច្បាប់ និងទំនិញគេចពន្ធត្រូវបានហាមឃាត់ ត្រូវមានចំណាត់ការយ៉ាងតឹងរ៉ឹង៕

RELATED ARTICLES