Saturday, August 2, 2025
Homeតារាខ្មែរយ៉ែម សំអូន និងប្រពន្ធ ដេកអត់លក់

យ៉ែម សំអូន និងប្រពន្ធ ដេកអត់លក់

អូស្ត្រាលី  ៖ លោកយ៉ែម សំអូន និងភរិយា អ្នកនាងយ៉ាន លីនដា បានចេញទៅច្រៀងសម្ដែងនៅប្រទេសអូស្រា្ដលី រយៈពេល ១សប្ដាហ៍ មកហើយ ប៉ុន្ដែលោកថា គ្មានអារម្មណ៍ច្រៀងសម្ដែងនោះទេ ហើយតាំងពីចេញពីស្រុក ១អាទិត្យមក លោកនិងប្រពន្ធ ដេកមិនដែលលក់ឡើយ ព្រោះទោះបីជារូបកាយលោកកំពុងតែនៅអូស្រា្ដលី ប៉ុន្ដែចិត្តគឺនៅជាមួយកម្ពុជា ជានិច្ច ហើយបារម្ភខ្លាំង នៅពេលដែលដឹងថា កម្ពុជា កំពុងតែត្រូវចោរ សៀម ឈ្លានពាន។

 លោកយ៉ែម សំអូន ថ្លែងពីប្រទេសអូស្រា្ដលី ថា «ខ្ញុំពីរនាក់ប្ដីប្រពន្ធ និងក្រុមការងារ អត់ដែលបានសម្រាកទេ ម៉ោង៣ទៀបភ្លឺ នៅអូស្ត្រាលី ទៅហើយ ដេកអត់លក់  គ្មានអារម្មណ៍ធ្វើការអ្វីទាំងអស់ ទោះជាកាយពួកយើង ស្ថិតនៅក្រៅប្រទេស ប៉ុន្ដែចិត្តនិងបេះដូង នៅជាមួយអ្នកជានិច្ច បារម្ភគ្រប់ពេល តាមដានព័ត៌មានគ្រប់គ្នា ពួកយើងស្រលាញ់និងការពារប្រទេសកម្ពុជា»។

 ជាមួយគ្នានេះដែរ លោកយ៉ែម សំអូន ក៏បានបង្ហាញអារម្មណ៍សោកស្ដាយ ដែលមិនបានចូលរួមធើ្វបាតុកម្មប្រឆាំងសៀម នៅអូស្រា្ដលី កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលដឹកនាំដោយ Kaka Kh Austalia  ដើម្បីបង្ហាញពីការឈឺចាប់និងចង់ប្រាប់ទៅអន្ដរជាតិថា សៀម កំពុងតែឈ្លានពានព្រំដែនកម្ពុជា ព្រោះលោកនិងក្រុម ការងារ ជាប់ច្រៀង សម្ដែង តាមរដ្ឋនានា តាមគម្រោង បើទោះជាលោកប្រឹងច្រៀងសម្ដែង ទាំងគ្មានអារម្មណ៍នៅក្នុងខ្លួនក៏ដោយ។

 សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ លោកយ៉ែម សំអូន ប្រធានក្រុមDara Entertainment បាននាំប្រពន្ធអ្នកនាងយ៉ាន លីនដា និងកូនស្រី សំអូន វិថាណា អមដោយតារាមួយចំនួនទៀត មានដូចជា លោកសុវណ្ណារ៉ា, កញ្ញាអ៊ឹង និមល, អ្នកនាងម៉ៅ ដាលុច្សផល្លា (លិកា) រួមទាំងក្រុមតន្រ្ដីកម្សាន្ដ របស់លោក ទៅច្រៀងសម្ដែងនៅអូស្រា្ដលី ដែលតាមគម្រោងនៅថ្ងៃទី២៦ ខែកក្កដា ច្រៀងនៅទីក្រុងអាដឺឡែត(Adelaide), ថ្ងៃទី២ ខែសីហា ច្រៀងនៅទីក្រុងម៉ែលប៊ន (Melbourne), ថ្ងៃទី១០ ខែសីហា ច្រៀងនៅទីក្រុងស៊ីដនី (Sydney), ថ្ងៃទី១៦ ខែសីហា ច្រៀងនៅទីក្រុងឃ្វីនស៍ឡែន (Queensland) និងបណ្ដារដ្ឋមួយចំនួនទៀត ។

ប្រភពបានឲ្យដឹងថា តាមគម្រោង យ៉ែម សំអូន និងប្រពន្ធ រួមទាំងតារារួមដំណើរ ច្រៀងសម្ដែងនៅអូស្រា្ដលី រយៈពេល១ខែ ប៉ុន្ដែបើមានការគាំទ្រច្រើន នឹងពន្យារពេល ព្រោះនៅខែធ្លាក់ភ្លៀងនេះ ក្រុមតន្រ្ដីរបស់លោក នៅក្នុងស្រុក មិនសូវរវល់ច្រើនទេ ។ ចំណែកតារារួមដំណើរជាមួយលោកសំអូន រួមទាំងក្រុមតន្រ្ដីករ ពួកគេស៊ីប្រាក់ខែ ធ្វើការមួយខែនេះ ពីលោកយ៉ែម សំអូន ។

 គួររំលឹកថា លោកយ៉ែម សំអូន ដែលលែងលះប្រពន្ធ អ្នកនាងយ៉ាន លីនដា រយៈពេល៩ឆ្នាំ ព្រោះតែអ្នកនាងលីនដា ប្រចណ្ឌលោកជាមួយប្រុសនោះ បានវិលមកត្រូវរ៉ូវគ្នាជាថ្មី កាលពីខែកាលពីខែមេសា ឆ្នាំ២០២៤  និងបានរៀបការជាលើកទី២ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។ អំឡុងពេលលោកសំអូន កំពុងតែមានក្ដីសុខជាមួយប្រពន្ធម្ដងទៀតនេះ រឿងដែលលោកខកចិត្តបំផុតនោះ គឺកូនធម៌សំណព្វចិត្តរបស់លោក ឈ្មោះសំអូន ជលសា បានបង្កាត់ភ្លើងស្នេហាជាមួយតារាចម្រៀង ចាន់ ឡៃវលក្ខណ៍ ហើយដឹកដៃគ្នាចេញពីក្រុមចម្រៀងកម្សាន្ដរបស់លោក ទាំងពីរនាក់ ដោយគ្មានអាល័យឪធម៌ដែលខំយឹតយោង ។ លោកសំអូន ថារឿងក្ដៅនេះ លោកនឹងរកពេលវេលាសមស្របមួយ ធ្វើសន្និសីទកាសែត នាពេលខាងមុខ ប៉ុន្ដែមិនកំណត់ថ្ងៃច្បាស់លាស់ឡើយ ។ ប្រភពថា លោកសំអូន ពេលនេះពន្យារពេលយកកូនទី២ ហើយដោយសារតែគ្មានអារម្មណ៍ច្រៀងសម្ដែងនៅអូស្រា្ដលី លោកអាចវិលវិញមុនកំណត់ ប្រសិនបើការសម្ដែងនៅរដ្ឋផ្សេងៗ នៅខែសីហា ខាងមុខនេះ មិនសូវជោគជ័យ ព្រោះលោកប្រញាប់នាំយកថវិកាដែលរៃអង្គាសបានពីសប្បុរសជននៅអូស្រ្ដាលី មកជួយដល់កងទ័ពខ្មែរ និងជនភៀសខ្លួន នៅតាមព្រំដែន ឲ្យបានទាន់ពេល ៕

RELATED ARTICLES