ភ្នំពេញ ៖ ឈិត សុវណ្ណបញ្ញា ដែលខកខានថតបទចម្រៀងថ្មីៗ ជាច្រើនឆ្នាំនោះ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ នាងបានចេញបទថ្មីជាលើកដំបូងរបស់ខ្លួន គឺបទ «បេះដូងអ្នកស្នេហាជាតិ» ដែលដឹកនាំផលិតដោយលោកអ៊ិន ទីតូ ។ ប៉ុន្ដែបទនេះមិនមែនជាបទទោលដែលសុវណ្ណបញ្ញា ចេញម្នាក់ឯងនោះទេ គឺនាងច្រៀងរួមជាក្រុម ជាមួយតារាចម្រៀង ចំរើន សុភ័ក្រ្ដ, ចំរើន សុភា, ចំរើន តារា, លោកគី សាវីន និងលោកជួប ចន្ទកក្កដា (រ៉ូលីន)។ យ៉ាងណា នេះជាសញ្ញាមួយបញ្ជាក់ថា សុវណ្ណបញ្ញា មិនទៅណាឆ្ងាយពីឆាកតន្រ្ដីនោះទេ បើទោះជានាងបានឃ្លាតឆ្ងាយពីអាជីពនេះ ជិតមួយទសវត្សមកហើយក្ដី ។


លោក Kenz ជាអ្នកគ្រប់គ្រងការងារសិល្បៈរបស់ឈិត សុវណ្ណបញ្ញា បានប្រាប់ «នគរធំ» នៅរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ថាតាមពិតបទចម្រៀងថ្មីៗរបស់បញ្ញា មួយចំនួនបានផលិតរួចហើយ ប៉ុន្ដែដោយសាតែស្ថានភាពនៅតាមតំបន់ព្រំដែន មិនទាន់ស្ងាត់ ហេតុនេះហើយនាងត្រូវផ្អឹបចម្រៀងទាំងនោះមួយអន្លើសិន ។ អ្នកកាន់ការងារសិល្បៈរបស់សុវណ្ណបញ្ញា រូបនេះ បន្ថែមថា ការចេញបទថ្មីរបស់បញ្ញា ច្រៀងជាក្រុម ឃើញថាអារម្មណ៍នាងនៅតែស្រលាញ់សិល្បៈ ប៉ុន្ដែលោកមិនហ៊ានថាម៉េចទេ គឺទុកឲ្យមហាជនវាយតម្លៃ នៅពេលដែលនាងចេញបទជាទោលម្នាក់ឯង នាពេលខាងមុខនេះ ព្រោះធម្មតា បើឲ្យលោកថានាងនៅតែល្អ នៅតែច្រៀងពីរោះ ខ្លាចគេថាលើកគ្នាឯង។

អ្នកនាំពាក្យរបស់ឈិត សុវណ្ណបញ្ញា រូបនេះមិនប្រាប់ទេថា ការវិលវិញរបស់បញ្ញា នាពេលខាងមុខនេះ ជាការបង្ហាញខ្លួននៅផលិតកម្មថ្មី ឬនាងផលិតបទចម្រៀងចេញលើផេកផ្ទាល់ខ្លួននោះទេ ប៉ុន្ដែតាមព័តមានថា នាងនៅតែមានអន្ដរាគមន៍ពីអតីតអ្នកចាត់ការទូទៅរបស់ផលិតកម្មរស្មីហង្សមាស លោកអ៊ិន ទីតូ ដដែល ។ ប៉ុន្ដែលោក Kenz ថា ការផលិតបទថ្មីៗរបស់សុវណ្ណបញ្ញា គឺស្ថិតនៅក្នុងគម្រោងនិងដៃនៃក្រុមការងាររបស់លោកហើយ តែមូលហេតុមិនអាចចេញនាពេលនេះបានដោយសាលោកថា ខ្លាចចេញទៅខុសពេលវេលា ខុសកាលៈទេសៈ គ្មានអ្នកមើល ដោយសារគ្រប់គ្នាកំពុងតែផ្ដោតលើបញ្ញាព្រំដែន ។ យ៉ាងណា អ្នកនិយាយជំនួសសុវណ្ណបញ្ញា រូបនេះថា ក្រោយពេលបញ្ហាសង្រ្គាមនៅតាមតំបន់ព្រំដែន ស្ងប់ស្ងាត់ហើយ បញ្ញា នឹងវិលមករកឆាកតន្រ្ដី ដូចមុន ហើយនាងនឹងទទួលការងារសិល្បៈ ពេញទំហ៊ឹងតែម្ដង ។

មុនចាប់ផ្ដើមដាក់គោលការណ៍ផលិតបទថ្មីឡើងវិញ ឈិត សុវណ្ណបញ្ញា បានវិលត្រឡប់មករកឆាកតន្រ្ដីហង្សមាស លើកដំបូង កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ក្រោយចាកចេញពីហង្សមាស ជាង៨ឆ្នាំ ។ ការបង្ហាញខ្លួនពេលនោះ សុវណ្ណបញ្ញា បានទទួលការស្វាគមន៍ពីតារារួមអាជីព និង Fan ហើយពួកគេជំរុញឲ្យនាងវិលវិញ គេនៅតែគាំទ្រ ទើបពេលនេះ នាងសម្រេចចិត្តវិលរកអាជីពចាស់ ប៉ុន្ដែបែរជាត្រូវផ្អឹបបទថ្មីទុកសិន ដោយសារតែខ្លាចចេញទៅ គ្មានអ្នកគាំទ្រ ព្រោះតែបញ្ហានៅតាមព្រំដែន នៅតែក្ដៅគគុក ។

សូមរំលឹកថា ឈិត សុវណ្ណបញ្ញា ក្រោយជ្រកនៅហង្សមាស ១១ឆ្នាំ (២០០៦-២០១៧) នាងបានសម្រេចចិត្តចូលជ្រកនៅថោន ៥ឆ្នាំ និងបានដកខ្លួនពីឆាកតន្ត្រីទាំងស្រុង នៅឆ្នាំ២០២២ ដោយងាកទៅចាប់វិថីជីវិតថ្មី ជា មួយព្រះធម៌ តាមមាគ៌ាព្រះពុទ្ធសាសនា ស្លៀកស ញ៉ាំអាហារបួស ធ្វើសមាធិឲ្យស្ងប់ចិត្ត។ ប៉ុន្តែពេលនេះ នាងបានវិលមករកអាជីពចាស់ ដោយមិនដឹងថាតើនាងនឹងបោះបង់ផ្លូវព្រះធម៌ ឬយ៉ាងណាទេ តែវាជាសញ្ញាមួយបញ្ជាក់ថា នាងនៅតែស្រលាញ់អាជីពចម្រៀង ។


លោក Kenz ទទួលស្គាល់ថា នោះគឺជាការពិត ដោយសារតែបញ្ញា នៅតែស្រលាញ់អាជីពសិល្បៈ ចម្រៀងហ្នឹងហើយ បានជានាងត្រូវវិលវិញពេលនេះ ។ លោកថា មានតែមហាជនទេ អាចវាយតម្លៃបានថា ពេលនាងមកវិញលើកនេះ តើនៅតែធ្វើល្អដូចមុនឬយ៉ាងណា ?

ថ្វីដ្បិតតែឈិត សុវណ្ណបញ្ញា បានជម្រះរឿងគេសង្ស័យថា នាងលែងច្រៀង ព្រោះរងសម្ពាធពីគូស្នេហ៍ តាម រយៈការលែងលាក់មុខតទៅទៀត ប៉ុន្ដែនាងនៅតែមិនទាន់ហ៊ានបើកចំហរឿងស្នេហាដដែល ៕

