Wednesday, August 20, 2025
Homeសេដ្ឋកិច្ចជាតិបិទកំណាត់ផ្លូវស៊ីជីនពីង សង់ស្ពានដីឥដ្ឋ-ថ្មគរ

បិទកំណាត់ផ្លូវស៊ីជីនពីង សង់ស្ពានដីឥដ្ឋ-ថ្មគរ

ភ្នំពេញ ៖ ក្រសួងសាធារណការនិងដឹកជញ្ជូន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ បានចេញសេចក្តីជូនដំណឹងស្តីពីការបិទចរាចរណ៍យានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន លើមហាវិថីស៊ី ជីនពីង (ផ្លូវក្រវាត់ក្រុងទី៣) ចាប់ពីគីឡូម៉ែត្រ 2+800 ដល់ផ្លូវជាតិលេខ១ ដោយសារគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ)។

ក្រសួងសាធារណការនិងដឹកជញ្ជូន សូមជម្រាបជូនដំណឹងដល់សាធារណជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ដែលធ្វើដំណើរឆ្លងកាត់តាមមហាវិថីស៊ីជីនពីង (ផ្លូវក្រវាត់ក្រុងទី៣) ជ្រាបថា ក្រ សួងសាធារណការនិងដឹកជញ្ជូន បាននិងកំពុងអនុវត្ត គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) មានទីតាំងផ្នែកខាងលិចនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងខាងកើតស្ថិតនៅឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល។ ក្នុងអំឡុងពេលនៃការអនុវត្តគម្រោងសាងសង់នេះ កំណាត់មហាវិថីស៊ីជីនពីង ចាប់ពីផ្លូវបំបែកផ្លូវលេខ 116A (គីឡូម៉ែត្រ 2+800) ដល់ផ្លូវជាតិលេខ១ ត្រូវបានបិទជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង៧ព្រឹក តទៅរហូតដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៨។

ក្នុងន័យនេះ ដើម្បីឱ្យគម្រោងសាងសង់ស្ពានខាងលើប្រព្រឹត្តទៅដោយរលូន ក្រសួងសាធារណការនិងដឹក ជញ្ជូន បានរៀបចំដើម្បីបង្វែរទិសចរាចរណ៍ជាបណ្តោះអាសន្ន ចេញពីទីតាំងខាងលើ តាមផែនទីបង្ហាញ (ដូចមានភ្ជាប់មកជាមួយ) និងកំណត់ប្រភេទយានយន្តប្រើប្រាស់ផ្លូវដូចខាងក្រោម ៖

១-ប្រភេទយានយន្តធុនស្រាល អាចធ្វើចរាចរណ៍តាមផ្លូវលេខ 116A។

២- ប្រភេទយានយន្តធុនធ្ងន់ ត្រូវធ្វើចរាចរណ៍តាមផ្លូវលេខ 12A។

៣- សម្រាប់ផ្លូវជាតិលេខ ១ ដែលទីតាំងគម្រោងឆ្លងកាត់ ការធ្វើចរាចរណ៍នៅរក្សាធម្មតា។

អាស្រ័យហេតុនេះ សូមសាធារណជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុនដឹកជញ្ជូនទាំងអស់មេត្តាជ្រាប យោគយល់អធ្យាស្រ័យចំពោះការរំខាន និងសូមអនុវត្តការធ្វើដំណើរតាមការណែនាំខាងលើដោយអនុគ្រោះ។

ទទួលបានសេចក្តីជូនដំណឹងនេះ អង្គភាព និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សូមមេត្តាជួយធ្វើការ ផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់…៕

RELATED ARTICLES